នៅថ្ងៃទី ៩ ខែកុម្ភៈខាងមុខ គឺក្នុងពេលជាងមួយខែបន្តិច បន្ទាប់ពីក្រុមអ្នកគាំទ្រហិង្សារបស់លោកអតីតប្រធានាធិបតី Donald Trump បានសង្គ្រប់សម្រុកចូលវិមានសភាសហរដ្ឋអាមេរិកដើម្បីរារាំងការប្រកាសផ្លូវការរបស់សភាអំពីជ័យជម្នះរបស់លោក Joe Biden លើការបោះឆ្នោត សមាជិកព្រឹទ្ធសភាទាំង ១០០ រូបនឹងជួបប្រជុំគ្នាដើម្បីចាប់ផ្ដើមសវនាការចោទប្រកាន់លោក Trump ពីបទញុះញង់ឲ្យមានកុបកម្ម។
ការវាយប្រហារដោយក្រុមអ្នកគាំទ្រលោក Trump លើវិមានសភាកាលពីថ្ងៃទី ៦ ខែមករា បានបណ្ដាលឲ្យមនុស្ស ៥ នាក់ស្លាប់ និងបានបង្ខំឲ្យសមាជិកសភាដែលកំពុងប្រជុំដើម្បីប្រកាសផ្លូវការអំពីជ័យជម្នះរបស់លោក Biden ត្រូវជម្លៀសចេញ ឬលាក់ខ្លួននៅក្នុងការិយាល័យរបស់ពួកគេ។ ការវាយប្រហារនេះបានជំរុញឲ្យរដ្ឋសភាចោទប្រកាន់លោក Trump ពីបទ «ញុះញង់ឲ្យមានការបះបោរ»។
ករណីនេះធ្វើឲ្យលោក Trump ដែលធ្លាប់ធ្វើជាអ្នកអភិវឌ្ឍអចលនទ្រព្យនៅទីក្រុង New York ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកតែម្នាក់គត់ដែលត្រូវចោទប្រកាន់ ២ ដងដើម្បីទម្លាក់ចេញពីតំណែង។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Maryland លោក Jamie Raskin ដែលជាប្រធានក្រុមរដ្ឋអាជ្ញាដឹកនាំការចោទប្រកាន់នេះ បានស្នើនៅក្នុងលិខិតមួយច្បាប់ដែលផ្ញើជូនលោក Trump កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឲ្យលោក Trump មកផ្ដល់សក្ខីកម្មក្រោមពាក្យសម្បថអំពីសកម្មភាពរបស់លោកកាលពីថ្ងៃទី ៦ ខែមករា។
មេធាវីនាំមុខពីរនាក់របស់លោក Trump គឺលោក David Schoen និងលោក Bruce Castor បានច្រានចោលភ្លាមៗនូវសំណើនេះ ដោយបានហៅសំណើនេះថាជា «ទង្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណជន»។
លោក Raskin ដែលនឹងដឹកនាំក្រុមរដ្ឋអាជ្ញា ៩ នាក់នៃរដ្ឋសភានៅក្នុងអំឡុងពេលសវនាការនេះ បានស្នើឲ្យលោក Trump មកផ្ដល់សក្ខីកម្មដូចនេះ ក្នុងពេល ២ ថ្ងៃក្រោយមកបន្ទាប់ពីលោក Schoen និងលោក Castor បានដាក់សេចក្ដីសង្ខេបលើអង្គហេតុនៃរឿងក្ដីនេះជូនព្រឹទ្ធសភា ដោយជំទាស់ទៅនឹងការចោទប្រកាន់លើលោក Trump និងចោទជាសំណួរលើភាពស្របច្បាប់នៃការកាត់ទោសអតីតប្រធានាធិបតីដែលលែងកាន់តំណែងរួចទៅហើយនោះ។
ខាងក្រោមនេះគឺជាការពន្យល់អំពីដំណើរការកាត់ក្ដីនេះ៖
តើលោក Trump រងការចោទប្រកាន់ពីបទអ្វី?
លោក Trump ប្រឈមនឹងការចោទប្រកាន់តែមួយករណីប៉ុណ្ណោះ ដែលនោះគឺ «ការញុះញង់ឲ្យមានការបះបោរ» ទាក់ទិននឹងតួនាទីរបស់លោកនៅក្នុងកុបកម្មលើវិមានសភាកាលពីថ្ងៃទី ៦ ខែមករា។
សមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាបាននិយាយថា យុទ្ធនាការនៃការកុហករយៈពេលរាប់ខែរបស់លោក Trump ដើម្បីបង្ខូចលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលលោកបានចាញ់ បានបណ្ដាលឲ្យក្រុមអ្នកគាំទ្ររបស់លោកវាយប្រហារលើវិមានសភាដើម្បីរារាំងសភាកុំឲ្យបញ្ជាក់ជាផ្លូវការអំពីជ័យជម្នះរបស់លោក Biden លើការបោះឆ្នោត ដែលជាជំហានផ្លូវការចុងក្រោយនៃដំណើរការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
គណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថា លោក Trump បានញុះញង់ក្រុមអ្នកគាំទ្ររបស់លោកឲ្យវាយប្រហារលើវិមានសភានៅក្នុងសុន្ទរកថារបស់លោកដែលថ្លែងនៅជិតសេតវិមានក្នុងពេលមិនយូរប៉ុន្មានមុនកុបកម្មនេះបានកើតឡើង ហើយបន្ទាប់មក លោក Trump បានមើលតាមទូរទស្សន៍នៅពេលដែលការបះបោរនេះបានធ្វើឡើង។ ការចោទប្រកាន់ទាំងនេះត្រូវបានក្រុមមេធាវីរបស់លោក Trump ច្រានចោល។
គណបក្សប្រជាធិបតេយ្យបានលើកឡើងថា ដោយសារតែ «ការញុះញង់ឲ្យមានអំពើហិង្សា» ប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ លោក Trump បានប្រព្រឹត្តិ «បទឧក្រិដ្ឋ» ដែលអាចចោទប្រកាន់ទម្លាក់ពីតំណែងបាននៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។
តើសវនាការកាត់ក្ដីនេះមានរយៈពេលយូរប៉ុណ្ណា?
ទោះបីជាគ្មានភាគីណាមួយចង់ឃើញការកាត់ក្ដីនេះអូសបន្លាយយូរក៏ដោយ ក៏គេនៅមិនទាន់ដឹងច្បាស់ទេថាតើការកាត់ក្ដីនេះនឹងចំណាយយូរប៉ុណ្ណានោះ។
គណបក្សប្រជាធិបតេយ្យចង់ឲ្យដំណើរការនេះមានរយៈពេលខ្លីល្មម ប្រហែលជាមួយឬពីរសប្ដាហ៍ប៉ុណ្ណោះ ដោយសារតែពួកគេចង់ងាកទៅផ្ដោតលើសវនាការតែងតាំងមន្ត្រីដែលលោកប្រធានាធិបតី Biden បានជ្រើសតាំង និងផ្ដោតលើការអនុម័តលើរបៀបវារៈនីតិបញ្ញត្តិរបស់លោក Biden។
ការកាត់ក្ដីលើកនេះនឹងខុសពីការកាត់ក្ដីលោក Trump កាលពីលើកទីមួយ ដែលនៅពេលនោះមានដំណើរការអស់ជិត ៣ សប្ដាហ៍ ពីថ្ងៃទី ១៦ ខែមករាដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០។ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Delaware លោក Tom Carper បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ការកាត់ក្ដីលើកនេះនឹងចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ «មិនមែនចំណាយពេលរាប់ខែឬរាប់សប្ដាហ៍» នោះទេ។
តើនរណាធ្វើជាចៅក្រមលើការកាត់ក្ដីនេះ?
សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Vermont លោក Patrick Leahy ដែលជាសមាជិកខាងគណបក្សប្រជាធិបតេយ្យដែលបម្រើការយូរជាងគេបំផុត និងដែលជាប្រធានព្រឹទ្ធសភាបណ្ដោះអាសន្នពេលអវត្តមានប្រធានព្រឹទ្ធសភា នឹងធ្វើជាអធិបតីលើសវនាការកាត់ក្ដីនេះ។
នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីកំពុងកាន់តំណែងកំពុងត្រូវបានកាត់ទោសដើម្បីទម្លាក់ពីតំណែង ប្រធានចៅក្រមនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិកត្រូវតម្រូវឲ្យធ្វើជាអធិបតីលើដំណើរការកាត់ក្ដី។ ប៉ុន្តែ ដោយសារតែឥឡូវនេះ លោក Trump លែងកាន់តំណែងជាប្រធានាធិបតី នោះប្រធានព្រឹទ្ធសភាបណ្ដោះអាសន្ននឹងដើរតួជាអធិបតីលើដំណើរការកាត់ក្ដីនេះ។
តើនរណាធ្វើជា «រដ្ឋអាជ្ញា»?
សមាជិករដ្ឋសភា ៩ រូប ខាងគណបក្សប្រជាធិបតេយ្យ ដែលប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានជ្រើសរើសឲ្យធ្វើជា «ក្រុមរដ្ឋអាជ្ញានៃរដ្ឋសភា» នឹងដឹកនាំការចោទប្រកាន់ប្រឆាំងនឹងលោក Trump។
ពួកគេទាំងអស់គឺជាមេធាវី និងជាអ្នកដែលស្ថិតក្នុងចំណោមអ្នកជិតស្និទ្ធបំផុតរបស់អ្នកស្រី Pelosi នៅក្នុងរដ្ឋសភា។ លោក Raskin ដែលជាប្រធានក្រុមរដ្ឋអាជ្ញានេះ និងដែលបានជួយព្រាងបទចោទប្រកាន់ប្រឆាំងនឹងលោក Trump គឺជាសមាជិកសភាដែលបម្រើការ ៣ អាណត្តិមកហើយ ដែលមានទំនោរបែបវិវឌ្ឍនិយម។ លោក Raskin ធ្លាប់ធ្វើជាសាស្ត្រាចារ្យច្បាប់រដ្ឋធម្មនុញ្ញអស់រយៈពេលជាង ២៥ ឆ្នាំ។
តើនរណាជាមេធាវីការពារក្ដីឲ្យលោក Trump?
ក្រុមមេធាវីការពារក្ដីរបស់លោក Trump នឹងដឹកនាំដោយមេធាវីជើងចាស់លោក Schoen និងលោក Castor។ មេធាវីទាំងពីររូបនេះត្រូវបានលោក Trump ជ្រើសរើសឲ្យធ្វើជាមេធាវីការពារក្ដីឲ្យលោក បន្ទាប់ពីក្រុមមេធាវីដំបូងរបស់លោកបានលាឈប់ នៅពេលដែលមានការខ្វែងគំនិតគ្នាជាមួយនឹងលោក។
នៅក្នុងអំឡុងពេលសវនាការកាត់ក្ដីលោក Trump កាលពីលើកទីមួយ លោក Trump បានប្រើក្រុមមេធាវីធំជាងនេះ ដែលមានទាំងមេធាវីកំពូលប្រចាំសេតវិមាន និងមេធាវីមកពីខាងក្រៅផងដែរ។
តើនរណាគឺជា «សមាជិកក្រុមប្រឹក្សាតុលាការ»?
សមាជិកទាំង ១០០ នាក់នៃព្រឺទ្ធសភានឹងធ្វើជាសមាជិកក្រុមប្រឹក្សាតុលាការនៅទូទាំងដំណើរការកាត់ក្ដីនេះ ហើយបន្ទាប់មកនឹងបោះឆ្នោតថាតើគួរផ្ដន្ទាទោសលោក Trump ឬក៏សម្រេចឲ្យលោក Trump រួចទោស។
សមាជិកព្រឹទ្ធសភាទាំងនេះនឹងមិនត្រូវបានអនុញ្ញាតឲ្យសួរសំណួរដោយផ្ទាល់លើភាគីទាំងសងខាងនោះទេ ប៉ុន្តែអាចដាក់សំណួររបស់ពួកគេបានទៅឲ្យលោក Leahy ដើម្បីអានសំណួរទាំងនោះ។ ការកាត់ទោសលោក Trump តម្រូវឲ្យមានសំឡេងបោះឆ្នោតគាំទ្រ ៦៧ សំឡេង ដែលជាសំឡេងភាគច្រើនពីរភាគបី។
តើនឹងមានសាក្សីចូលរួមដែរឬទេ?
មិនប្រាកដទេ។ លោក Trump បានបដិសេធសំណើរបស់គណបក្សប្រជាធិបតេយ្យដែលស្នើឲ្យលោកផ្ដល់សក្ខីកម្ម ហើយគណបក្សប្រជាធិបតេយ្យមិនបានបញ្ជាក់ថាតើពួកគេមានគម្រោងកោះហៅសាក្សីណាផ្សេងទៀតនោះទេ។
ក្នុងអំឡុងពេលសវនាការចោទប្រកាន់លោក Trump របស់រដ្ឋសភាកាលពីខែមុន គេមិនឃើញមានសាក្សីណាមួយចូលរួមនោះឡើយ។ ករណីនេះបានធ្វើឲ្យសមាជិកគណបក្សសាធារណរដ្ឋមួយចំនួននិយាយថា មិនចាំបាច់មានសាក្សីចូលរួមនោះទេនៅក្នុងសវនាការរបស់ព្រឹទ្ធសភា។
តើមានអ្វីកើតឡើងនៅក្នុងអំឡុងពេលសវនាការ?
សវនាការនឹងដំណើរការពេញលេញដោយភាគីទាំងពីរធ្វើសេចក្ដីថ្លែងការណ៍បើក ដែលទំនងជានឹងចំណាយពេលប៉ុន្មានថ្ងៃ ហើយបន្ទាប់មកនឹងចូលដល់ដំណាក់កាលសួរនិងឆ្លើយសំណួរ។
ដោយសន្មតថាព្រឹទ្ធសភានឹងអនុវត្តតាមការអនុវត្តកន្លងមក នោះភាគីនីមួយៗនឹងមានពេលស្មើគ្នាសម្រាប់សេចក្ដីថ្លែងការណ៍បើករបស់ពួកគេ។ ក្នុងអំឡុងពេលសវនាការកាត់ក្ដីលោក Trump កាលពីឆ្នាំ ២០២០ ក្រុមរដ្ឋអាជ្ញានៃរដ្ឋសភា នឹងក្រុមមេធាវីរបស់លោក Trump មានពេល ២៤ ម៉ោង សម្រាប់ភាគីម្ខាងៗ។
ដើម្បីភ្ជាប់លោក Trump ទៅនឹងហេតុការណ៍វាយប្រហារនៅវិមានសភា គណបក្សប្រជាធិបតេយ្យត្រូវគេរំពឹងថានឹងផ្ដល់នូវបទបង្ហាញដែលពោរពេញដោយអារម្មណ៍ក្ដុកក្ដួល រួមជាមួយនឹងវីដេអូដែលថតតាមទូរស័ព្ទដៃ ដែលបង្ហាញអំពីលោក Trump រំញោចអារម្មណ៍ក្រុមអ្នកគាំទ្ររបស់លោក មុនពេលពួកគេវាយសង្គ្រប់និងបំផ្លិចបំផ្លាញវិមានសភា។ ការវាយប្រហារលើវិមានសភានេះបានធ្វើឲ្យមនុស្ស ៥ នាក់ស្លាប់ ដែលក្នុងនោះរួមមានទាំងមន្ត្រីប៉ូលិសវិមានសភាម្នាក់ផងដែរឈ្មោះ Brian Sicknick។
វីដេអូមួយដែលបង្ហោះនៅលើ Parler បានបង្ហាញថា ក្រុមអ្នកគាំទ្ររបស់លោក Trump បានមានប្រតិកម្មយ៉ាងរំជើបរំជួល នៅពេលដែលលោក Trump បានជំរុញពួកគេឲ្យ «ប្រយុទ្ធឲ្យអស់លទ្ធភាព»។
លោក Schoen ដែលជាមេធាវីរបស់លោក Trump បាននិយាយកាលពីពេលថ្មីៗនេះថា៖ «ប្រទេសជាតិមិនចាំបាច់ត្រូវមើលវីដេអូអំពីកុបកម្ម និងភាពចលាចលនោះទេ»។
តើការផ្តន្ទាទោសអាចទៅរួចកម្រិតណា?
អត្រានៃការផ្តន្ទាទោសមានកម្រិតទាបបំផុត។ ដើម្បីអាចផ្ដន្ទាទោសលោក Trump បានលើបទចោទប្រកាន់ណាមួយ យ៉ាងហោចណាស់ត្រូវមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ១៧ នាក់ ចូលរួមជាមួយនឹងសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យទាំង ៥០ នាក់។ ប៉ុន្តែ សមាជិកព្រឹទ្ធសភា ៤៥ នាក់ក្នុងចំណោមសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋទាំង ៥០ នាក់ បានបោះឆ្នោតកាលពីសប្ដាហ៍មុនដើម្បីជំទាស់ទៅនឹងធម្មនុញ្ញភាពនៃការកាត់ក្ដីនេះ ដែលជាការកាត់ក្ដីដែលស្ទើរតែធានាថា លោក Trump និងរួចពីទោស។
តើមានអ្វីកើតឡើងប្រសិនបើលោក Trump មិនត្រូវបានផ្ដន្ទាទោស?
គណបក្សប្រជាធិបតេយ្យអាចអនុម័តលើសេចក្ដីសម្រេចមួយដើម្បី «ចាប់កំហុស» លោក Trump ឬក៏យកផ្នែកមួយនៃវិសោធនកម្មទី ១៤ នៃរដ្ឋធម្មនុញ្ញមកប្រើ ដើម្បីកាត់ទោសលោក Trump និងធ្វើឲ្យលោក Trump គ្មានសិទ្ធិនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តំណែងរដ្ឋាភិបាលណាមួយបានទៀតនៅពេលអនាគត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ