ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអនុម័តដោយសំឡេងលើសលុបនូវសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលមានគោលបំណងបង្កើនកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ខ្ពើមលើជនជាតិអាស៊ី ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវី១៩។ ការបោះឆ្នោតមាន ៩១ សំឡេងគាំទ្រ ទល់នឹង ១ សំឡេងប្រឆាំង។
សេចក្តីព្រាងច្បាប់នេះនឹងបង្កើតតួនាទីថ្មីមួយដល់ក្រសួងយុត្តិធម៌ ដើម្បីពន្លឿនការសើរើពិនិត្យមើលនូវបទល្មើសឧក្រិដ្ឋស្អប់ខ្ពើម ទាក់ទិននឹងជំងឺកូវីដ១៩ និងផ្តល់ការគាំទ្រដល់ទីភ្នាក់ងារពង្រឹងច្បាប់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សានៃការស្អប់ខ្ពើមលើជនជាតិអាស៊ី។ សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលទាំងវិសោធនកម្ម ដែលនឹងធ្វើឲ្យប្រសើរឡើងនូវការប្រមូលទិន្នន័យនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមទាំងនោះ ហើយបង្កើតបណ្តាញទូរស័ព្ទសម្រាប់ការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម។
សេចក្តីព្រាងច្បាប់នេះកើតមានឡើង ស្របពេលមានការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការរើសអើងលើជនជាតិអាស៊ី។ បញ្ហានេះត្រូវបានអ្នកគាំទ្រសិទ្ធិពលរដ្ឋពណ៌នាថា បណ្តាលមកពីការបន្ទោសគ្មានមូលដ្ឋានថា ជនជាតិអាស៊ីជាអ្នកនាំចូលវីរុសកូរ៉ូណាដែលបង្កជាកូវីដ១៩ ដែលមានប្រភពដើមពីប្រទេសចិន។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Mazie K. Hironi មកពីរដ្ឋហាវ៉ៃ ដែលជាអ្នកតាក់តែងសេចក្តីព្រាងច្បាប់នោះមួយរូប និងជាសមាជិកព្រឹទ្ធសភាដើមកំណើតអាស៊ីម្នាក់ ក្នុងចំណោម ២ នាក់ នៅក្នុងព្រឹទ្ធសភាអាមេរិក បានសរសើរការបោះឆ្នោតគាំទ្រដោយគណបក្សទាំង ២ នេះ។ លោកស្រីបាននិយាយថា វាបានបញ្ជូន «សារសាមគ្គីភាពដ៏ខ្លាំងមួយដល់សហគមន៍អាស៊ីអាមេរិកាំង និងអ្នកកោះប៉ាស៊ីហ្វិក»។
ឥឡូវនេះ សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅកាន់រដ្ឋសភា ដែលនៅទីនោះត្រូវគេរំពឹងថា នឹងបានទទួលការអនុម័តដោយមានការគាំទ្រយ៉ាងខ្លាំងពីគណបក្សទាំង ២។ លោកប្រធានាធិបតី Joe Biden បានសម្តែងនូវការសាទរចំពោះច្បាប់នេះ ហើយរពឹងថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឲ្យក្លាយជាច្បាប់ នៅពេលដែលវាត្រូវបានបញ្ចូនទៅដល់ការិយាល័យរបស់លោក៕