ក្នុងសុន្ទរកថាចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងញូវយ៉ក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្លែងអំណរគុណប្រទេសជាច្រើនសម្រាប់ជំនួយដែលប្រទេសទាំងនោះបានផ្តល់ឱ្យក្នុងកិច្ចខិតខំប្រឹងប្រែងជម្លៀសនិងការផ្លាស់ទីលំនៅនៅប្រទេសអាហ្វហ្គានីស្ថាន។
លោកថ្លែងថា៖«យើងសូមថ្លែងអំណរគុណចំពោះភាពជាដៃគូ ជាពិសេសចំពោះអ្នកដែលបានថ្កោលទោសអំពើហិង្សាដោយបានអំពាវនាវឱ្យអ្នកដែលចង់ចាកចេញអាចធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព»។
លោកបានបន្ថែមអំពីការតាំងចិត្តរបស់ស.រ.អា.ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថា៖«ទោះបីជាយើងប្រឈមមុខនឹងបញ្ហានៅក្នុងផ្នែកផ្សេងៗនៃពិភពលោកក៏ដោយក៏ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាននៅតែរឹងមាំ។ អាស៊ានគឺជាមជ្ឈមណ្ឌលនៃស្ថាបត្យកម្មតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវាមានសារៈសំខាន់ចំពោះស្ថិរភាព ឱកាសសេដ្ឋកិច្ចនិងចក្ខុវិស័យរបស់យើងចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់»។
លោកបន្តថា នៅរដូវស្លឹកឈើជ្រុះនេះ សហរដ្ឋអាមេរិកនឹងបញ្ចេញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដ៏ទូលំទូលាយថ្មី ដែលបង្កើតចក្ខុវិស័យរួមដើម្បីធ្វើឱ្យតំបន់នេះសេរី បើកចំហ មានទំនាក់ទំនង មានភាពធ្មត់និងមានសុវត្ថិភាព។ យុទ្ធសាស្ត្រនេះស្រដៀងគ្នាទៅនឹងទស្សនវិស័យរបស់អាស៊ាន ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងតួនាទីសំខាន់របស់អាស៊ានក្នុងការកំណត់អនាគតរបស់តំបន់នេះ៕