ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​សុន្ទរកថា​ក្នុង​មហា​សន្និបាត​អ.ស.ប. លោក Biden ជំរុញ​កំណើន​ការទូត និង​ចៀសវាង​សង្គ្រាម​ត្រជាក់​ថ្មី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅកាន់​សម័យ​ប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅ​ទីក្រុង​ញូវយ៉ក។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅកាន់​សម័យ​ប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅ​ទីក្រុង​ញូវយ៉ក។

ដោយ​សន្យា​«បង្កើន​ផ្នែក​ការទូត» ​និង​ប្ដេជ្ញា​មិន​ឲ្យ​មាន​«សង្គ្រាម​ត្រជាក់​ថ្មី» ​លោក​ប្រធានាធិបតី​ Joe Biden​ បាន​ប្រើ​សុន្ទរកថា​ដំបូង​របស់លោកក្នុង​នាម​ជា​ប្រមុខរដ្ឋ​នៅ​ក្នុងមហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ជំរុញ​របៀបវារៈ​សកល​និយម ដោយ​និយាយ​ថា៖ «អំណាច​យោធា​សហ​រដ្ឋ​អាមេរិក​ ត្រូវ​តែ​ជា​ឧបករណ៍​ចុង​ក្រោយ​របស់​យើង​ មិន​មែន​ជា​ឧបករណ៍​ដំបូង​ទេ»។​

លោក​ Biden ​បាន​ប្រើ​សុន្ទរកថា​រយៈពេល​កន្លះ​ម៉ោង​របស់​លោក​ដើម្បី​ជំរុញ​សកម្ម​ភាព​ប្រឆំាង​នឹង​ជំងឺ​កូវីដ១៩​ និង​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ថ្ងៃ​ពុធ​នេះ ​លោក​នឹង​រៀបចំកិច្ច​ប្រជុំ​កំពូល​តាម​អ៊ីនធឺណិតស្ដីពី​វ៉ាក់សំាង​ជំងឺ​កូវីដ១៩ ​ជា​មួយ​មេដឹក​នាំ​ពិភព​លោក។​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​បាន​និយាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​មហាសន្និបាត​មាន​សមាជិក​ទំាង​១៩៣​ ប្រទេស​ ប្រឈមមុខ។​

លោក​ Biden ​បាន​ថ្លែង​ជាលើក​ដំបូង​នៅ​វេទិកា​ធ្វើ​ពី​ថ្ម​ម៉ាប​ពណ៌​បៃតង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​អង្គការ​សហ​ប្រជាជាតិ ​ក្នុង​នាម​ជាប្រមុខ​រដ្ឋ​ថា៖ ​«នេះ​ជា​ជម្រើស​ច្បាស់លាស់ ​និង​បន្ទាន់​ ដែល​យើង​កំពុង​ប្រឈម​មុខ​នៅ​គ្រា​លំបាក​ ដែល​ជា​ការ​សម្រេច​ចិត្ត​សម្រាប់​ពិភពលោក​របស់​យើង ​មួយទសវត្សរ៍​ដែល​នឹង​កំណត់​អនាគត​របស់​យើង។ ​ក្នុង​នាម​ជា​សហគមន៍​ពិភពលោក ​យើង​ត្រូវ​ប្រឈម​នឹង​វិបត្តិ​បន្ទាន់​ និង​កំពុង​កើន​ឡើង​ដែល​ជា​ឱកាស​ដ៏​ធំធេង​ ប្រសិន​បើ​យើង​អាច​ប្រើ​ឆន្ទៈ​ និង​ការ​ប្តេជ្ញាចិត្ត​ដើម្បី​ចាប់​យក​ឱកាស​ទាំងនេះ»។​

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ដែល​ជា​គូប្រជែងដ៏ធំ​បំផុត​របស់​ប្រទេស​លោក​នោះលោក​ Biden​ ក៏​បាន​ប្តេជ្ញា​ថា​ លោក​នឹង​មិន​ព្យាយាម​បង្កើន​ជម្លោះ​ឡើយ។ ​នៅ​ក្នុង​សុន្ទរកថា​មុន​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាតិលោក​ Antonio Guterres ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ បើ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក​ មិន​ចុះ​សម្រុង​គ្នា​ ពិភព​លោក​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​បានទេ។​

លោក ​Biden ​បាន​និយាយ​ថា៖ «ខ្ញុំ​និយាយ​ម្ដង​ទៀត​ថា ​យើង​នឹង​មិន​ស្វែង​រក​សង្គ្រាម​ត្រជាក់​ថ្មី​ ឬ​ឱ្យ​ពិភពលោកបែកបាក់​ជាផ្នែកៗ​ទេ។ ​សហ​រដ្ឋអាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​ជា​មួយ​ប្រទេស​ណា​ដែល​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ប្រឈម​រួម​ ទោះបីជា​យើង​មាន​ការខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​ផ្សេងទៀត​ក៏​ដោយ​ ព្រោះ​យើង​ទាំងអស់​គ្នា​នឹង​ទទួល​រង​ផលវិបាក​នៃ​បរាជ័យ​របស់​យើង​ បើ​សិន​យើង​មិន​រួមគ្នា​ដោះស្រាយ​ការ​គំរាម​កំហែង​ជា​បន្ទាន់​ដូច​ជា​ ជំងឺ​កូវីដ១៩ ​ការ​ប្រែប្រួល​អាកាសធាតុ​ ឬ​ការ​គំរាម​កំហែង​យូរ​អង្វែង​ដូចជា​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ជាដើមនោះ»។​

លោក ​Biden​ ក៏​បាន​ការពារ​ការ​សម្រេច​ចិត្ត​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ក្នុង​ការ​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ការ​ចូលរួម​របស់​អាមេរិក​រយៈ​ពេល​២០​ឆ្នាំ​នៅ​ទីនោះ។ ​ការ​អត្ថាធិប្បាយ​ទាំង​នោះ ​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ឯក​អគ្គ​រដ្ឋទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ គឺ​លោក ​Ghulam Isaczai ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​ មុន​ពេល​ក្រុម​តាលីបង់​ បាន​កាន់​អំណាច​កាល​ពី​ខែ​មុន។​

សេតវិមាន​បាន​និយាយ​ថា ​ពួក​គេ​មិន​ប្រញាប់​ប្រញាល់​ទទួល​ស្គាល់​ក្រុម​តាលីបង់​ជា​រដ្ឋាភិបាល​ផ្លូវការ​ឡើយ។​

លោក ​Biden​ បាន​និយាយ​ថា៖​ «នេះ ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២០​ឆ្នាំដែល​ខ្ញុំ​ឈរ​នៅ​ទីនេះថ្ងៃ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ មិន​មាន​សង្គ្រាម។ ​យើង​បើក​ទំព័រ​ថ្មី​ហើយ»៕​

អ្នកស្រី Margaret Besheer និងអ្នកស្រី Patsy Widakuswara រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG