មន្រ្តីយោធាកំពូលៗរបស់សហរដ្ឋអាមេរិកនឹងត្រូវប្រឈមនឹងការសួរដេញដោលនៅថ្ងៃអង្គារនេះអំពីការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាននិងអំពីរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយដែលមានភាពច្របូកច្របល់មុនការដកកងកម្លាំងអាមេរិកចេញពីប្រទេសនេះបន្ទាប់ពីបានប្រឡូកនៅទីនោះអស់រយៈពេល ២០ ឆ្នាំ។
លោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ Mark Milley នាយសេនាធិការកងទ័ពចម្រុះ និងលោកនាយឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួកបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល គ្រោងនឹងបង្ហាញខ្លួននៅពីមុខគណៈកម្មាធិការកិច្ចការការពារជាតិនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្រាប់សវនាការអំពីការបញ្ចប់ប្រតិបត្តិការយោធានៅអាហ្វហ្គានីស្ថាននិងអំពីផែនការរបស់យោធាអាមេរិកនៅក្នុងការប្រឆាំងភេរវកម្មនាពេលអនាគត។
ក្រសួងការពារជាតិបានការពារប្រតិបត្តិការដកកងទ័ពនេះ ដែលក្នុងនោះរួមមានទាំងកិច្ចប្រឹងប្រែងជម្លៀសមនុស្សជាង ១២០.០០០ នាក់ចេញពីអាហ្វហ្គានីស្ថានផងដែរ នៅពេលក្រុមតាលីបង់ (Taliban) ដណ្តើមកាន់កាប់ប្រទេសនេះម្តងទៀត។
ក្នុងអំឡុងពេលប្រតិបត្តិការនេះ គេឃើញមានភាពច្របូកច្របល់ជាច្រើនថ្ងៃនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ដែលក្នុងនោះរួមមានទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់ទាហានអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថាន ១៦៩ នាក់ផងដែរ។
មន្រ្តីទាំងនេះទំនងជាប្រឈមនឹងការសាកសួរអំពីផែនការរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden សម្រាប់កិច្ចប្រឹងប្រែងដកកងទ័ពនេះ អំពីការសម្រេចចិត្តបញ្ចប់បេសកកម្មរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន និងអំពីព្រឹត្តិការណ៍នៅប៉ុន្មានថ្ងៃចុងក្រោយដូចជាការវាយប្រហារតាមអាកាសដែលបានសម្លាប់ជនស៊ីវិល ១០ នាក់ជាដើម។
លោក Austin លោក Milley និងលោក McKenzie នឹងត្រូវបង្ហាញខ្លួនម្តងទៀតនៅថ្ងៃពុធខាងមុខនៅពីមុខគណៈកម្មាធិការកិច្ចការការពារជាតិនៃរដ្ឋសភា៕
ព័ត៌មានខ្លះនៅក្នុងរបាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។