ប្រជាពលរដ្ឋខ្មែរដែលផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រឆាំង បានថ្លែងថា នឹងធ្វើពហិកាមិនចូលរួមបោះឆ្នោតឆ្នាំ ២០១៨ ក្នុងករណីដែលគណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយលោកសម រង្ស៊ី និងលោក កឹម សុខា ត្រូវរំលាយ។ ពួកគេនិយាយថា ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំង គឺជាការបោះឆ្នោតមួយគ្មានន័យ និងឥតតម្លៃសម្រាប់ពួកគេ។
អង្គុយក្នុងអង្រឹងជាមួយចៅប្រុសម្នាក់ នៅក្នុងតូបលក់សាំងមួយតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោកស្រី ហ៊ាង ង៉ែត ជាអ្នកធ្លាប់ចូលរួមតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលកម្មករ ជាមួយលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់ស្លាប់កាលពីដើមឆ្នាំ ២០០៤។
លោកស្រី ហ៊ាង ង៉ែត អាយុ៥៤ឆ្នាំ បានលើកឡើងថា បើគ្មានគណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ទេ លោកស្រីនឹងមិនចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨ឡើយ។
ដោយបារម្ភពីសុវត្ថិភាព លោកស្រី ង៉ែត បានប្រាប់ VOA ដោយមិនឲ្យថតសំឡេងនៅក្នុងន័យដើមថា៖
«បើអត់បក្សប្រឆាំង អត់បោះ ព្រោះខ្ជិល ព្រោះមានតែមួយ»។
លោកស្រីថ្លែងបន្តថា ទោះបីមានគណបក្សប្រឆាំងផ្សេងទៀត ក្រៅពីគណបក្សសង្គ្រោះជាតិ ក៏លោកស្រីមិនចូលរួមការបោះឆ្នោតដែរ។ លោកស្រីបានថ្លែងក្នុងន័យដើមថា៖
«បើមានបក្សប្រឆាំងផ្សេងទៀត តែមិនមែនរបស់លោក សម រង្ស៊ី ឬលោក កឹម សុខា ខ្ញុំអត់ទៅបោះទេ»។
ម្ចាស់ឆ្នោតម្នាក់ទៀត មកពីស្រុកសំរោងទងនៅក្នុងខេត្តកំពង់ស្ពឺដដែល លោកស្រី ហែម លីដា បានបន្ទរតាមយោបល់របស់លោកស្រី ហ៊ាង ង៉ែត ថាការបោះឆ្នោតនាពេលខាងមុខនេះ នឹងក្លាយជារឿងឥតន័យ ប្រសិនបើមានតែគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
«អត់ន័យទេអូន។ ព្រោះអីការមានគណបក្សប្រឆាំងគឺជួយពង្រឹងស្មារតីកូនខ្មែរខ្លះ។ អ្នកខ្លះក៏គេចាប់អារម្មណ៍ អ្នកខ្លះក៏គេអត់បានចាប់អារម្មណ៍លើការសង្គ្រោះជាតិជាតិយើង ដូចថា បើបណ្តោយឲ្យតែគណបក្សម្ខាងឈរឈ្មោះអីចឹងទៅ អាចហ្នឹង ដូចថា ធ្វើអីស្រេចចិត្តណ៎ា។ បើមានគណបក្សប្រឆាំង ចូលរួមខ្លះអាចល្អច៎ា»។
ប្រទេសកម្ពុជា បានកំណត់យកថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ស្របតាមច្បាប់ស្តីពីការរៀបចំការបោះឆ្នោត។ នេះបើយោងតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
នៅមុនការបោះឆ្នោតឆ្នាំ ២០១៨ ដែលអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា ជាឆ្នាំសំខាន់បំផុតនៃការឈ្នះចាញ់របស់បក្សកាន់អំណាច និងបក្សប្រឆាំង រដ្ឋាភិបាលខ្មែររបស់លោក ហ៊ុន សែន បានផ្តើមការបង្ក្រាបលើស្ថាប័នពង្រឹងប្រជាធិបតេយ្យនានាគំាទ្រដោយសហរដ្ឋអាមេរិក ដែលមិនធ្លាប់មានពីមុន គិតចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ ធ្វើឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា (អ៊ុនតាក់)។
អាជ្ញាធរកម្ពុជា ក៏បានចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក្រោមបទសង្ស័យថា បានសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលស្មើនឹងអំពើក្បត់ជាតិ។
តុលាការកំពូលរបស់កម្ពុជា ក៏កំពុងធ្វើការលើរឿងក្តីរំលាយគណបក្សប្រឆាំង តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ហើយគ្រោងនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ។ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា បក្សសង្រ្គោះជាតិនឹងត្រូវរំលាយនាពេលនោះ ដោយលោកអំពាវនាវឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សប្រឆាំងចូលរួមជាមួយគណបក្សកាន់អំណាច ដើម្បីរក្សាមុខតំណែង និងតួនាទីរបស់ខ្លួន។
បន្ថែមលើដំណើរការរំលាយបក្សប្រឆាំង លោកហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំ កាលពីពេលថ្មីៗនេះ បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាង១០០នាក់ នឹងត្រូវហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅពេលគណបក្សប្រឆាំងមួយនេះត្រូវរំលាយនាពេលខាងមុខ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA កាលពីដើមសប្តាហ៍នេះថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីគ្មានវត្តមានគណបក្សសង្រ្គោះជាតិក៏ដោយ។
លោកមានប្រសាសន៍ថា៖
«យើងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ អីចឹង មិនមែនអត់ពីបក្សមួយទៅគណបក្សដទៃទៀត ស្លាប់អស់ទេ។ បាទអីចឹងទេ យើងនៅតែ សេរី ពហុបក្សដដែល វាអត់មានបញ្ហាអី អត់ពីគណបក្សសង្គ្រោះជាតិមួយទៅ គឺថា គេធ្វើការបោះឆ្នោត មិនកើតនោះ គឺថាមិនមានន័យអីចុងទេបាទ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងបន្តទៀតថា ការបដិសេធមិនចូលរួមការបោះឆ្នោតរបស់មនុស្សមួយចំនួននឹងគ្មានឥទ្ធិពលអ្វីជាដុំកំភួនមកលើការបោះឆ្នោតនោះឡើយ។
«អ្នកដែលគំរាមមិនទៅបោះឆ្នោតនោះវាចំនួនតិចតួចទេបាទ ព្រោះកន្លងទៅការបោះឆ្នោតឆ្នាំ ២០១៧ វារហូតដល់ ៩១ភាគរយ ដែលបានទៅបោះឆ្នោត។ ដូច្នេះ យើងមិនព្រួយបារម្ភទេ អ្នកបន្តិចបន្តួច ដោយយកតាមអានេះ គេហៅថា និន្នាការនយោបាយ អាហ្នឹងគឺថា វាមិនអាច តែលើសចាប់ពី៦០ភាគរយ យើងចាត់ទុកថា វាជាជ័យជម្នះដ៏ធំធេងហើយ ការបោះឆ្នោតនោះ។ មានប្រទេសខ្លះហ្នុង បោះមិនដល់ ៤០ភាគរយផង វាចាត់ទុកជាបានការដដែល អាហ្នឹងយើងគិតមើល»។
តែទោះជាយ៉ាងណាក្តី ម្ចាស់ឆ្នោតដែលជាអ្នកគាំទ្រគណបក្សប្រឆាំង បានប្រាប់ VOA បន្តទាំងក្តីភ័យខ្លាចថា ប្រសិនបើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតនាពេលខាងមុខពួកគេនឹងមិនចូលរួមការបោះឆ្នោតនេះឡើយ។
លោក សឿន វ័យ ៥៥ឆ្នាំ រស់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលសុំផ្តល់តែឈ្មោះហៅក្រៅ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានថ្លែងថា ការបោះឆ្នោតដែលគ្មានបក្សប្រឆាំងសង្គ្រោះជាតិចូលរួម នឹងបង្ហាញថា ការបោះឆ្នោតនោះគ្មានភាពយុត្តិធម៌ និងធ្វើឲ្យអ្នកបោះឆ្នោតផ្សេងទៀត បោះចោលសន្លឹកឆ្នោតរបស់ពួកគេ។ លោកបាននិយាយ ដោយមិនឲ្យថតសំឡេងនៅក្នុងន័យដើមថា៖
«ភាគីចង់ចាញ់ឈ្នះ ទាល់តែមានភាគីសងខាង។ បើឈរមា្នក់ឯង មានអ្នកណាទៅបោះ»។
លោក សឿនបានបន្តទៀតថា ទាក់ទិននឹងជម្លោះនយោបាយនាពេលបច្ចុប្បន្ន បានធ្វើឲ្យលោកខកចិត្ត ហើយថា អ្នកនយោបាយខ្មែរមិនចោលទម្លាប់ដើមនៃការចងពៀរគ្នាទៅវិញ ទៅមកដើម្បីឡើងកាន់អំណាច។ លោកបាននិយាយតាមន័យដើមថា៖
«ខ្ញុំបានឆ្លងកាត់ច្រើនសង្គម។ ចង់ចាញ់ឈ្នះធ្វើធំ កាប់ចាក់គ្នា សម្លាប់គ្នា ដណ្តើមគ្នាធ្វើធំ»។
ខណៈស្ថានភាពនយោបាយនៅកម្ពុជាស្ថិតក្នុងភាពគ្រោះថ្នាក់ រហូតដល់មានគម្រោងរំលាយគណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិនានារួមមានសហភាពអឺរ៉ុប បានសម្តែងក្តីអាក់អន់ចិត្តអំពីការធ្លាក់ចុះធ្ងន់ធ្ងរនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រតិភូសភាសហភាពអឺរ៉ុបមួយក្រុម បានព្រមានអំពីចំណាត់ការខាងពាណិជ្ជកម្មមកលើប្រទេសកម្ពុជាចំពោះដំណើរទៅរកការរំលាយគណបក្សសង្គ្រោះជាតិ និងអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
គ្រាមានការអំពាវនាវពីសហគមន៍អន្តរជាតិឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស្តារឡើងវិញនៃស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានធ្លាក់ចុះដុនដាប គិតចាប់តាំងពីថ្ងៃនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស គណបក្សសង្គ្រោះជាតិត្រូវអ្នកសង្កេតការណ៍នយោបាយកម្ពុជាមើលឃើញថា បានប្រឈមនឹងជម្លោះផ្ទៃក្នុង។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅមានចំណងជើងថា «កម្ពុជារបស់លោកហ៊ុន សែន» ឬ «Hun Sen's Cambodia» បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email កាលពីថ្ងៃសៅរ៍ថា លោកមិនមានការភ្ញាក់ផ្អើលសម្រាប់ការរំលាយគណបក្សប្រឆាំង ដែលជាការចង់បានរបស់គណបក្សប្រជាជនកម្ពុជា និងជាបំណងរបស់លោក ហ៊ុន សែន ដែលចង់ឃើញបក្សកាន់អំណាចរបស់លោក លេចឡើងមកវិញជាមួយការគាំទ្រខ្លំាងនៅឆ្នាំ ២០១៨។ លោកបានថ្លែងតាមន័យដើមថា៖
«អ្វីៗដែលលោក ហ៊ុន សែនបាននិយាយ បង្ហាញថា គាត់ចង់ឲ្យគណបក្សសង្គ្រោះជាតិរលាយ ប៉ុន្តែ ការណ៍នេះមិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះទេនៅដំណាក់កាលនេះ។ ដំណាលគ្នានោះ គោលបំណងរបស់លោកហ៊ុន សែន គឺធានាថា គណបក្សប្រជាជនកម្ពុជា លេចឡើងពីការបោះឆ្នោតឆ្នាំ ២០១៨ ជាមួយការគាំទ្រច្រើនជាងមុន»។
ក្រៅពីប្រឈមនឹងការធ្វើទុក្ខបុកម្នេញខាងផ្លូវច្បាប់ និងទំនាស់ផ្ទៃក្នុងបក្សនោះ គណបក្សសង្គ្រោះជាតិក៏កំពុងប្រឈមនឹងការចាកចេញជាបណ្តើរៗ នៃសមាជិករបស់ខ្លួនទាំងនៅក្នុងរដ្ឋសភា និងក្នុងរដ្ឋបាលថ្នាក់មូលដ្ឋាន។ ម្ចាស់ឆ្នោតដែលគាំទ្រគណបក្សប្រឆាំង មិនបានតាមដានលម្អិតនៃភាពបែកបាក់ផ្ទៃក្នុងរបស់បក្សប្រឆាំងនោះទេ។
ប៉ុន្តែលោក Sebastian បានថ្លែងឲ្យដឹងបន្តថា សម្ពាធជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា បានបង្កឲ្យមានការប្រេះស្រាំនៅក្នុងគណបក្សប្រឆាំង ដែលបានបង្កើតឡើងក្រោមសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ លោក Sebastian និយាយថា ការប្រេះស្រាំនេះ គឺច្បាស់ណាស់ជាការចង់បានរបស់លោក ហ៊ុន សែន។ លោកបានហៅ ការបង្ខំរបស់គណបក្សប្រជាជនកម្ពុជា ឲ្យមន្ត្រីគណបក្សប្រឆាំងចុះចូល ថា ជាយុទ្ធសាស្ត្រចាស់ តែយុទ្ធសាស្ត្រនេះ មិនមានឥទ្ធិពលខ្លាំងក្លា នោះទេ។ ទាក់ទិននឹងការបោះឆ្នោត ដែលគ្មានគណបក្សប្រឆាំងចូលរួម លោក Sebastian ដែលជាអ្នកវិភាគនយោបាយកម្ពុជានិយាយថា ការបោះឆ្នោតនៅតែកើតមានឡើងដដែល ហើយគណបក្សប្រជាជនកម្ពុជា នឹងឈ្នះ។ លោកថ្លែងបន្តថា បន្ទាប់មកសហគមន៍អន្តរជាតិ នឹងធ្វើការតវ៉ាថា «ការបោះឆ្នោតនោះគ្មានន័យអ្វីទាំងអស់»។
ដោយឡែក លោក ស្ទីវ ឆាបុត (Steve Chabot) សមាជិកសភាអាមេរិកមកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១៧ បានលើកឡើងពីក្តីបារម្ភរបស់លោក ចំពោះភាពយុត្តិធម៌នៃការបោះឆ្នោតនៅឆ្នាំ២០១៨ នៅគ្រាមានការបង្ក្រាបលើអ្នកនយោបាយក្រុមប្រឆាំង និងសារព័ត៌មានមុនការបោះឆ្នោត។
«ពេលដែលអ្នកហាមប្រាម គណបក្សប្រឆាំង ចាប់អ្នកប្រឆាំងដាក់គុក ហើយមិនអនុញ្ញាតឲ្យមានសារព័ត៌មានឯករាជ្យសម្រាប់រឿងរ៉ាវពិត និងប្រាប់រឿងរ៉ាវទាំងសងខាងអំពីការបោះឆ្នោតនោះ អ្នកមិនបានធ្វើតាមកាតព្វកិច្ច ដែលគួរធ្វើនោះទេ ដូច្នេះហើយ វាពិបាកណាស់ ក្នុងការគិតថា ការបោះឆ្នោតនេះ នឹងមានលក្ខណៈយុត្តិធម៌ ប្រសិនបើដំណាក់កាលមុនការបោះឆ្នោត មិនយុត្តិធម៌នោះ»។
បើរំឭកអំពីការបោះឆ្នោតជាតិឆ្នាំ២០១៣ បរិយាកាសមុនការបោះឆ្នោតនៅគ្រានោះ ត្រូវអ្នកសង្កេតការណ៍ការបោះឆ្នោតនិងនយោបាយក្នុងស្រុកមើលឃើញថា មានភាពតានតឹង ដោយហេតុអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលព្យាយាមបង្ខាំងមិនឲ្យចូលប្រទេស គ្រាដែលអ្នកនយោបាយរូបនេះ ប្រឈមនឹងការចាប់ដាក់ក្នុងពន្ធនាគារ ទាក់ទិនសំណុំរឿងដកបង្គោលព្រំដែនកម្ពុជាវៀតណាម។
កម្តៅនយោបាយបានកើនឡើងកាន់តែខ្លាំង ក្នុងពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះអាសនៈជិតពាក់កណ្តាល នៅរដ្ឋសភាដែលមានអាសនៈសរុបចំនួន ១២៣។ គណបក្សប្រឆាំងបានដឹកនាំ មហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលបានធ្វើឲ្យដំណើរការនយោបាយតាមបែបប្រជាធិបតេយ្យជាប់គាំងជិតមួយឆ្នាំ។ តែក្រោយការព្រមព្រៀងនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ដែលមានការផ្តល់តំណែងកំពូលក្នុងសភា ការបែងចែកគណៈកម្មការជំនាញក្នុងសភា និងកំណែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) ភាពជាប់គាំងនយោបាយនោះក៏បានបញ្ចប់ទៅ។
ទោះបីអ្នកគាំទ្រគណបក្សប្រឆាំងបានលើកឡើងថា ពួកគេមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ពួកគេនៅបន្តតាមមើលស្ថានភាពនយោបាយ ដែលរមែងតែជួបភាពតានតឹងនៅមុនការបោះឆ្នោត។ លោកស្រី ហ៊ាង ង៉ែត និយាយថា ប្រទេសកម្ពុជា អាចនឹងមានការកែទម្រង់ថ្មីៗទៀត ប្រសិនបើគណបក្សប្រឆាំងសង្គ្រោះជាតិមានឱកាសចូលប្រកួតក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៨ និងបានឈ្នះដឹកនាំប្រទេស។ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញមួយចំនួន ក៏បានលើកឡើងថា ពួកគេមិនទាន់ដឹងប្រាកដនៅឡើយទេថា នឹងមានការរំលាយគណបក្សប្រឆាំងពិតមែននោះ ឬយ៉ាងណា។ ពួកគេថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែននោះ គណបក្សកាន់អំណាចរបស់លោកហ៊ុន សែន មុខជានឹងឈ្នះទោះជាចំនួនអ្នកទៅបោះឆ្នោត មានតិចតួចក៏ដោយ៕