ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃដាក់ភស្តុតាងបន្ថែមប្តឹងសុំឲ្យតុលាការកំពូលហាមឃាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ១១៧នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ថែមពីលើសំណុំរឿងសុំរំលាយគណបក្សសង្គ្រោះជាតិ។
នារសៀលថ្ងៃចន្ទនេះ មេធាវីចំនួន៤រូបរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក គី តិច បានយកភស្តុតាងបន្ថែមចំនួន៣ ដាក់ទៅតុលាការកំពូល មុនពេលតុលាការជាន់ខ្ពស់មួយនេះបើកសវនាការលើសំណុំរឿងរំលាយគណបក្សប្រឆាំងនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។
លោក គី តិច មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូប បានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីដាក់ភស្តុតាងនៅតុលាការកំពូលនារសៀលថ្ងៃចន្ទនេះថា ភស្តុតាងចំនួន៣ដែលទើបដាក់បន្ថែមលើភស្តុតាងចំនួន២៣ផ្សេងទៀតនេះ រួមមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីបញ្ជាក់ពីអំពើបាន និងកំពុងបន្តធ្វើផែនការបដិវត្តន៍ពណ៌ និងបញ្ជីឈ្មោះក្រុមតំណាងរាស្រ្ត-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១១៧រូប។ លោកបន្តថា ក្រុមមេធាវីបានដាក់បញ្ជីឈ្មោះរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះ ដើម្បីសុំឲ្យតុលាការកំពូលហាមឃាត់មិនឲ្យពួកគេធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។
លោក គី តិច បន្ថែមថា ភស្តុតាងសំខាន់ៗទាំងចំនួន២៦នោះបានបង្ហាញថា គណបក្សសង្គ្រោះជាតិបានប្រព្រឹត្តផ្ទុយពីច្បាប់ មានដូចជា ភស្តុតាងជារូបភាព វីដេអូ លិខិតឆ្លើយឆ្លង និងឯកសារផ្សេងៗដែលបានពីការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ រួមទាំងបណ្ដឹងរបស់គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ លោកបញ្ជាក់ថា ភស្តុតាងទាំងនេះគឺ គ្រប់គ្រាន់សម្រាប់ឲ្យតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។
លោក គី តិច មានប្រសាសន៍ថា៖
«ភស្តុតាងវាមានភាពច្បាស់លាស់ រឹងមាំ ហើយច្រើនសន្ធឹកសន្ធាប់ ដូច្នេះ បើនិយាយពីភាគរយ ក្រុមមេធាវីអាចវាយតម្លៃ សឹងថា ១០០ភាគរយអាចឈ្នះក្តី ក្នុងការដែលតុលាការយកទៅសម្រេចរំលាយគណបក្សសង្គ្រោះជាតិបាន»។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ៊្វុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់។
ការដាក់បណ្ដឹង និងភស្តុតាងជាបន្តបន្ទាប់ទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាច្រើនដងថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ ហើយមន្ត្រី និងតំណាងរាស្ត្រគណបក្សនេះមួយចំនួនទៀត នឹងត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទប្រកាន់ពីក្បត់ជាតិ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ហើយក៏ជាអ្នកដែលមានឈ្មោះក្នុងបញ្ជីរបស់ក្រុមមេធាវីក្រសួងមហាផ្ទៃផងនោះ បានប្រាប់ VOA នាល្ងាចថ្ងៃចន្ទនេះថា ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងស្នើឲ្យផ្អាកសកម្មភាពនយោបាយរបស់តំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងទាំង១១៧រូបគឺជា ការប្តឹងដែលមិនសមហេតុផល និងថា ជាការប្តឹងដែលគ្រាន់តែដើម្បីបញ្ចប់ជីវិតគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា ការប្តឹងបញ្ចប់ជីវិតនយោបាយរបស់គណបក្សប្រឆាំង ដែលមានប្រជាពលរដ្ឋគាំទ្រជាច្រើនលាននាក់បែបនេះ នឹងធ្វើឲ្យខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោក សុន ឆ័យ បញ្ជាក់ថា៖
«ការបាត់បង់តំណាងរបស់ប្រជាពលរដ្ឋ វានឹងធ្វើឲ្យពលរដ្ឋខឹងសម្បារ ធ្វើឲ្យពលរដ្ឋបាត់បង់នូវជម្រើសក្នុងការជ្រើសរើសតំណាងរបស់ពួកគាត់ ដើម្បីការពារឆន្ទៈរបស់ពលរដ្ឋខ្មែរ ហើយវាផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផង។ ដូច្នេះការបន្ថែមបណ្តឹងអីហ្នឹង វាគ្មានអីថ្មីផង ប្រសិនបើជាការចង់បានរបស់គណបក្សកាន់អំណាច»។
លោក សុន ឆ័យ បន្ថែមថា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់មានគម្រោងឆ្លើយតបបែបណាមួយទៅរដ្ឋាភិបាលទាក់ទងនឹងបណ្តឹង និងសវនាការត្រៀមរំលាយគណបក្សសង្គ្រោះជាតិនោះទេ។
នៅថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញលិខិតមួយច្បាប់ស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស រៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗដែលលោក ស ខេង ហៅថា ជាឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា គឺមុនមួយថ្ងៃនៃការបើកសវនាការរំលាយគណបក្សសង្រ្គោះជាតិ។
លិខិតនោះត្រូវបានសរសេរក្នុងន័យដើមថា៖
«ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានាបានទាន់ពេលវេលា និងឆាប់រហ័ស នៅតាមរដ្ឋបាលរាជធានីខេត្ត ក្រសួងមហាផ្ទៃស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ និងរាយការណ៍មកក្រសួងមហាផ្ទៃ»។
លោក សុន ឆ័យ លើកឡើងថា គម្រោងនៃការត្រៀមរំលាយគណបក្សសង្គ្រោះជាតិគឺជា សកម្មភាពដែលផ្ទុយនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ដូច្នេះលោកថា ការបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបែបនេះ អាចបណ្តាលមកពីការព្រួយបារម្ភហួសហេតុ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិមិនមានគម្រោងប្រមូលផ្តុំដើម្បីតវ៉ាណាមួយនៅថ្ងៃបើកសវនាការរំលាយគណបក្សប្រឆាំង នាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនោះទេ។
ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការត្រៀមរំលាយគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញពីការបារម្ភថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ ២០១៨ខាងមុខ៕