ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​​ចាប់​ផ្តើម​រិត​បន្តឹង​សន្តិសុខ​តាម​ព្រំដែន


បង្គោល​​ទង់ជាតិ​កម្ពុជា និង​ថៃ នៅ​ចន្លោះ​ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា និង​កោះត្រាត​​របស់​ប្រទេស​ថៃ។
បង្គោល​​ទង់ជាតិ​កម្ពុជា និង​ថៃ នៅ​ចន្លោះ​ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា និង​កោះត្រាត​​របស់​ប្រទេស​ថៃ។
ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​រិត​បន្តឹង​សន្តិសុខ​នៅ​តាម​ក្រវ៉ាត់​ព្រំ​ដែន​ដែល​មាន​ប្រវែង​ជាង​៨០០​គីឡូម៉ែត្រ​រវាង​ប្រទេស​ទាំងពីរ ​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស​ថៃ។​

ខេត្ត​នៅ​តាម​ក្រវ៉ាត់​ព្រំ​ដែន​កម្ពុជា​ និង​ប្រទេស​ថៃ​ទាំង​អស់​ ដែល​រួម​មាន​ខេត្ត​កោះ​កុង​ ខេត្ត​ប៉ៃលិន​ ខេត្ត​បាត់​ដំបង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ឧត្តរមានជ័យ​ ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាលបញ្ជាក់​ថា​ មាន​សភាព​ស្ងប់​ស្ងាត់​តែ​មិន​សូវ​មាន​ចរាចរណ៍​មរមា​ញឹក​ដូច​មុនព្រឹត្តិការណ៍រដ្ឋប្រហារ​ដោយ​យោធា​ទេ។​

លោក ​សំឃីត​ វៀន ស្នង​ការ​ប៉ូលិសខេត្ត​កោះកុង​ មាន​ប្រសាសន៍​ថា ​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​កោះ​កុង​ ការ​ចេញ​ចូល​របស់​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​មាន​សភាព​ជា​ធម្មតា ​ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​តម្រូវ​ឲ្យពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ​ ដោយ​សារ​តែ​សន្តិសុខ​នៅ​តាម​ព្រំដែន​ត្រូវ​បាន​រិត​បន្តឹង។​

ខេត្ត​កោះ​កុង​មាន​ច្រក​អន្តរជាតិ​តែមួយ​គត់​គឺ​ច្រក​ចាំយាម​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។​

លោក​សំឃីត វៀន​ មាន​ប្រសាសន៍​ថា​ កង​កម្លាំងប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​បាន​ណែនាំ​មិន​ឲ្យមាន​ការ​ចល័ត​កង​ទ័ព​ ដោយ​តម្រូវ​ឲ្យឈរ​នៅ​លើ​ទីតាំង​របស់​ខ្លួន​ដដែល​ និង​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយ​ភាគី​ថៃ។

លោក​និយាយថា៖ «កន្លង​មក​ យើង​បាន​ទទួល​ការ​ណែ​នាំ​ពី​អគ្គស្នង​ការ​ចំពោះ​បញ្ហា​តាម​ព្រំ​ដែន​គឺ​យើង​នៅ​តែ​រក្សាភាព​ស្ងប់​ស្ងាត់​ដដែល​ ហើយ​នៅ​តែ​បង្កើន​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ភាគី​ថៃ​ជា​ធម្មតា​ទេ»។​

​មួយ​ថ្ងៃៗ​ ពលរដ្ឋ​កម្ពុជា​ជាច្រើន​រាប់​រយនាក់​តែង​តែ​ឆ្លង​ដែន​ទៅ​ធ្វើការ​និង​លក់​ដូរ​នៅ​ផ្សារ​តាម​ក្រវ៉ាត់​ព្រំដែន​និង​នៅក្នុង​ប្រទេស​ថៃ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និសិ្សត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ ត្រូវ​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ មិន​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​គាំទ្រ​ដល់​ភាគី​ណា​មួយ​ទេ។

លោក​និយាយ​ថា៖​ «ហើយ​ក៏​កុំ​ចូល​រួម​ជាមួយ​ នឹង​ក្រុម​ណាមួយ​ប្រឆាំង​នឹង​ក្រុម​ណាមួយ។​ កុំចូល​រួមបាតុកម្ម​ស្អីៗ​ រដ្ឋប្រហារ ​ឬ​មិន​រដ្ឋប្រហារ​ ធ្វើ​បាតុកម្ម​ស្អីៗ​ កុំ!។​ យើង​គិត​ពី​ការ​ងារ​របស់​យើង​ទៅ»។

លោក​គោ ស៊ុំសារឿត​ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ ​មាន​ប្រសាសន៍​ថា​ នៅក្នុងខេត្ត​បន្ទាយ​មានជ័យ​មានច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត្រ​មួយ​ និង​ច្រក​តំបន់​មាន​ពីរ ​ហើយ​ច្រក​ទាំង​បី​នេះ​មិន​ទាន់​បាន​បិទ​នៅ​ឡើយ​ទេ។​ ​ក៏ប៉ុន្តែ​គ្រាន់​ការ​ចេញ​ចូល​របស់​ពលរដ្ឋ​ខ្មែរ​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ពេល​ធម្មតា។

លោក​មាន​ប្រសាសន៍​ថា៖​ «អ្នក​ឆ្លង​ទៅ​ថៃ ​ឧទាហរណ៍ ទេស​ចរណ៍ ឬ​ក៏​ទៅ​ទិញ​ទំនិញ​ស្អីៗ​ យើង​តែង​តែ​បញ្ជាក់​ថា​ ឥឡូវ​ប្រទេស​គេ​ស្ថិត​នៅ​ក្នុង​ច្បាប់​អាជ្ញា​សឹក​ ហើយ​គេ​បាន​ប្រាប់​យើង​ បើ​ទៅ​ត្រូវ​មាន​ឯក​សារ​ធ្វើ​ដំណើរ»។​

ចំណែក​លោក​ជិន វីរយុទ្ធ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ​វិញ​ មាន​ប្រសាសន៍​ថា ​ច្រក​ទ្វារ​អន្តរជាតិ​អូរស្មាច់​ ​និង​ច្រក​ជាំ​ ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ​មិន​បាន​បិទ​ទេ​ ដោយ​ឡែក​ការ​ឆែក​ឆេរ​មាន​សភាព​តឹង​រឹង​ជាង​ពេល​ធម្មតា។​ ចំណែក​ឯ​កង​កម្លាំងប្រដាប់​អាវុធ​គ្រាន់​តែ​ដាក់​ឲ្យមាន​ការ​ឃ្លាំ​មើល​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖​ «ចំពោះ​បញ្ហា​កង​ទ័ព​ យើង​គ្រាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​គ្រាន់​តែ​មាន​ការ​ឃ្លាំ​មើល​តែ​ប៉ុណ្ណឹង។ យើង​អត់​មាន​អ្វី​ណាស់​ណា​ទេ។​ ​យើងមិនមាន​អី​ជា​ការ​កត់​សម្គាល់ផង។ ​បញ្ហា​ហ្នឹង​អត់​មាន​អ្វី​សម្រាប់​យើង​ទេ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ប្រទេស​ថៃ​បាន​ពើប​ប្រទះ​នឹង​រដ្ឋ​ប្រហារ​ដោយ​យោធា​សារ​ជាថ្មី​ទៀត​ ដោយរំសាយ​រដ្ឋាភិបាល​របស់​លោក​ស្រី​យីង ឡាក់​ស៊ីណាវ៉ាត់​ ​ហើយ​ក្រុម​យោធា​ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​មហា​ក្សត្រ​ បាន​ប្រកាស​ដាក់​ប្រទេស​ថៃ​ក្នុង​ច្បាប់​អាជ្ញា​សឹក​ និង​គ្រប់​គ្រង​ដោយ​យោធា​រហូត​ដល់​មានការបង្កើត​រដ្ឋាភិបាល​ថ្មីមួយ៕
XS
SM
MD
LG