បណ្តាប្រទេសនៅទ្វីបអាស៊ី និងប៉ាស៊ីហ្វិក កំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃកូវីដ១៩ ជាលើកទី២ទៀត ហើយកំពុងចាត់វិធានការផ្សេងដើម្បីទប់ស្កាត់ការឆ្លងថ្មីនេះ ដោយប្រទេសអូស្ត្រាលីបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ហើយប្រទេសវៀតណាមបានបិទទីក្រុងដាណាងកាលពីថ្ងៃចន្ទក្រោយមានអ្នកឆ្លងថ្មីនៅទីនោះ។
ប្រទេសចិនដីគោកកំពុងប្រយុទ្ធនឹងការឆ្លងរាតត្បាតថ្មីទៀតនៃកូវីដ១៩ ក្រោយពីមានភាពស្ងប់ស្ងាត់រាប់ខែ ដោយបានរាយការណ៍ករណីឆ្លងក្នុងស្រុកថ្មី៥៧ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីដើមខែមីនាមកម៉្លេះ។ ករណីថ្មីនេះត្រូវបានរកឃើញនៅតំបន់ស្វ័យត Xinjiang ភាគខាងលិច និងនៅភាគឥសានប្រទេសក្នុងខេត្ត Liaoning និងខេត្ត Jilin។
ក្រុងហុងកុងកាលពីថ្ងៃចន្ទបានចេញបំរាមថ្មីដែលនឹងហាមឃាត់ការទទួលទានអាហារក្នុងភោជនីយដ្ឋាន និងហាមការជួបជុំគ្នាលើសពីពីរនាក់ក្នុងសប្តាហ៍នេះ។
នៅប្រទេសជប៉ុន រដ្ឋាភិបាលបានទទូចឱ្យអ្នកដឹកនាំក្រុមហ៊ុន និងអាជីវកម្មបង្កើនវិធានការប្រឆាំងមេរោគដែលបង្កជំងឺកូវីដ១៩ ដូចជាការដាក់វេនចូលធ្វើការ ដើម្បីបង្កើនលទ្ធភាពធ្វើការពីផ្ទះដូចក្នុងអំឡុងពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន។
ប្រទេសជប៉ុនបានរួចផុតពីការរាតត្បាតឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែការផ្ទុះឆ្លងករណីថ្មីច្រើនមិនធ្លាប់មាននៅក្នុងទីក្រុងតូក្យូបានធ្វើឱ្យអ្នកជំនាញបារម្ភថាប្រទេសនេះអាចជួបនឹងការរាតត្បាតជាលើកទី២។
ប្រទេសវៀតណាមកាលពីថ្ងៃចន្ទបានចាប់ផ្តើមជម្លៀសមនុស្ស៨០.០០០នាក់ដែលភាគច្រើនជាអ្នកទេសចរណ៍ក្នុងស្រុកចេញពីទីក្រុងដាណាងភាគកណ្តាលប្រទេស ក្រោយពីបានរកឃើញអ្នកក្រុង៣នាក់មានផ្ទុកមេរោគកូរ៉ូណាដែលបង្កជំងឺកូវីដ១៩កាលពីចុងសប្តាហ៍។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានត្រឡប់ទៅរកស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជាថ្មីចាប់តាំងពីខែមេសា មកក្រោយពីរដ្ឋាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មី១កាលពីថ្ងៃសៅរ៍ និងករណី៣ថ្មីកាលពីថ្ងៃអាទិត្យដែលសុទ្ធតែស្ថិតនៅក្រុងដាណាង។
នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាហ្វីលីពីននិងម៉ាឡេស៊ី អាជ្ញាធរបានប្រកាសពីវិធានការថ្មីដើម្បីប្រយុទ្ធនឹងកូវីដ១៩ខណៈដែលមានការលេចចេញនូវកន្លែងផ្ទុះថ្មីមួយចំនួនទៀត។
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទប្រកាសពីករណីឆ្លងកើនលើស១០០.០០០ករណីដែលច្រើនជាងករណីនៅក្នុងប្រទេសចិន និងធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងច្រើនជាងគេនៅអាស៊ីបូព៌ា។
នៅជុំវិញពិភពលោក គិតមកដល់ថ្ងៃចន្ទ មេរោគកូរ៉ូណាបានឆ្លងដល់មនុស្សជាង១៦,២លាននាក់ ហើយជំងឺកូវីដ១៩បានសម្លាប់មនុស្ស ៦៤៨.០០០នាក់៕