ប្រទេសថៃបានប្រកាសថា ខ្លួនអាចនឹងតៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្ដើមធ្វើតេស្តលើមនុស្សនូវវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាថ្មី នៅក្នុងខែតុលាខាងមុខ ក្រោយពីការធ្វើតេស្តលើសត្វកណ្ដុរ និងសត្វស្វាបានសម្រេចមក។
លោក Kiat Ruxrungtham ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវរកវ៉ាក់សាំងប្រចាំសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានឱ្យដឹងថា៖ «យើងរំពឹងថា [ការធ្វើតេស្តនេះ] នឹងអាចកើតឡើងនៅក្នុងខែតុលា ឬនៅត្រីមាសទីបួននៅក្នុងឆ្នាំនេះ»។
លោកបន្ថែមថា បើសិនជាគ្រប់យ៉ាងដំណើរការល្អ ការផលិត [វ៉ាក់សាំង] ទ្រង់ទ្រាយធំអាចចាប់ផ្ដើមឡើងនៅត្រីមាសទីបី និងទីបួនឆ្នាំក្រោយ។
អ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោក កំពុងប្រឹងប្រែងបង្កើតវ៉ាក់សាំង ដែលអាចបង្ការជំងឺកូវីដ១៩ ដោយសង្ឃឹមថា កាត់បន្ថយពេលវេលានៃការផលិតវ៉ាក់សាំងពីរាប់ឆ្នាំ មកត្រឹមរាប់ខែវិញ។ មកទល់នឹងពេលនេះ មានការស្រាវជ្រាវរកវ៉ាក់សាំងប្រមាណ ចំនួន ១៨០។ ការធ្វើតេស្តរកវ៉ាក់សាំងជាង ២០ ករណីបានឈានដល់ការធ្វើតេស្តលើមនុស្សរួចទៅហើយ ក្នុងនោះប្រទេសមួយចំនួន គ្រោងនឹងធ្វើឱ្យវ៉ាក់សាំងរបស់ខ្លួនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
ភាគច្រើនប្រទេសនាំមុខ [ក្នុងការស្រាវជ្រាវរកវ៉ាក់សាំងនេះ] ស្ថិតនៅក្នុងចំណោមប្រទេសអ្នកមាន ជាពិសេសគឺប្រទេសលោកខាងលិច ដែលការណ៍នេះបង្កឱ្យមានការព្រួយបារម្ភដល់ប្រទេសមិនសូវសម្បូរធនធាន ត្រង់ថា ការស្រាវជ្រាវរបស់ពួកគេនឹងមិនបានផ្លែផ្កា នៅពេលដែលវ៉ាក់សាំងត្រូវបានប្រទេសអ្នកមានផលិតបានសម្រេចមុនទៅហើយ។
ប្រវត្តិសាស្ត្រក្នុងពេលថ្មីៗនេះ បានធ្វើឱ្យប្រទេសថៃព្រួយបារម្ភ។ នៅពេលដែលជំងឺផ្ដាសាយជ្រូក H1N1 បានវាយលុកតំបន់អាស៊ីកាលពីឆ្នាំ ២០០៩ វ៉ាក់សាំងត្រូវបានគេរកឃើញក្នុងអំឡុងពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ប្រទេសថៃបានចុះកិច្ចសន្យាជាមួយអ្នកបង្កើតវ៉ាក់សាំងបរទេស ដើម្បីទិញវ៉ាក់សាំងចំនួន ២ លានដូស ប៉ុន្តែវ៉ាក់សាំងទាំងនោះមកដល់ក្រោយពេលដែលជំងឺរាតត្បាតបានកន្លងហួសបាត់ទៅហើយ។ នៅពេលដែលជំងឺនេះកន្លងផុតទៅ វីរុសបានឆ្លងប្រជាជនថៃចំនួនជាង ៤ ម៉ឺន ៧ ពាន់នាក់ ហើយ ៣៤៧ នាក់បានស្លាប់។
លោក Kiat បាននិយាយថា៖ «យើងទទួលបានវា បន្ទាប់ពីរោគរាតត្បាតបានកន្លងហួសបាត់ទៅហើយ។ ដូច្នេះនេះគឺជាមេរៀនមួយដែលយើងបានរៀន»។
លោក Sophon Iamsirithavorn ប្រធានផ្នែកជំងឺឆ្លងប្រចាំក្រសួងសុខាភិបាលថៃ បាននិយាយថា មេរៀននោះគឺថា ប្រទេសថៃមិនគួរពឹងផ្អែកលើប្រទេសផ្សេង ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតថ្មីទេ។ នេះគឺជាហេតុផលចម្បង ដែលជំរុញដល់ការរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
លោកថា៖ «ដោយសារតែតម្រូវការវ៉ាក់សាំងខ្ពស់ខ្លាំង បើសិនជាប្រទេសថៃអាចបង្កើតបានវ៉ាក់សាំងបាន និងមានការផលិតនៅក្នុងស្រុក នោះវានឹងធានាថានឹងមានវ៉ាក់សាំងគ្រប់គ្រាន់»។
លោកថ្លែងថា៖ «បើសិនជាយើងចង់ទិញវាពីក្រុមហ៊ុនផ្សេងៗ វាអាចនឹងចំណាយពេលយូរ ដើម្បីទទួលបានវ៉ាក់សាំងដែលយើងត្រូវការឱ្យសមាមាត្រទៅនឹងចំនួនប្រជាជន»។
ការធ្វើតេស្តនេះបានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសមួយទៀតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការតាមប្រមាញ់រកវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា។
លោក Kiat បាននិយាយថា វ៉ាក់សាំងរបស់ក្រុមលោកបានបង្កើនអង់ទីករបានល្អប្រឆាំងនឹងវីរុសកូរ៉ូណា នៅក្នុងការធ្វើតេស្តលើសត្វកណ្ដុរ និងសត្វស្វាចំនួនពីរលើក។ ដើម្បីវាស់ស្ទង់ពីសក្ដានុពលរបស់វានៅក្នុងខ្លួនមនុស្ស និងដើម្បីដឹងពីកម្រិតដូសត្រឹមត្រូវ ពួកគេនឹងចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងលើអ្នកស្ម័គ្រចិត្តចំនួន ៩០ នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ៨០ ឆ្នាំជាមួយថ្នាំដែលមានដូសតិច មធ្យម និងច្រើន នៅក្នុងពេលប៉ុន្មានខែខាងមុខ។ បើសិនជាវ៉ាក់សាំងបន្តបង្ហាញពីប្រសិទ្ធភាពរបស់វា ការធ្វើតេស្តជំហានទីពីរលើអ្នកស្ម័គ្រចិត្ត ១០០០ នាក់នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។
ជាធម្មតា ការធ្វើតេស្តលើមនុស្សអាចឈានដល់ដំណាក់កាលទីបី និងដំណាក់កាលចុងក្រោយ ជាមួយការចូលរួមរបស់អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់។ ប៉ុន្តែដោយសារតែភាពបន្ទាន់ លោក Kiat បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ អាចសម្រេចចិត្តរំលងដំណាក់កាលនេះ ហើយអនុញ្ញាតឱ្យមានការផលិតទ្រង់ទ្រាយធំជាបន្ទាន់ បើសិនការធ្វើតេស្តដំណាក់កាលទីពីរដំណើរការបានល្អ ហើយរដ្ឋាភិបាលផ្សេងៗបានអនុម័តឱ្យប្រើវ៉ាក់សាំង ដែលបង្កើតឡើងដោយការប្រើបច្ចេកវិទ្យាស្រដៀងគ្នា។ទោះជាយ៉ាងនេះក្ដី វ៉ាក់សាំងផ្សេងទៀតទំនងជាមកដល់ទីផ្សារយ៉ាងរលូន មុនពេលដែលប្រទេសថៃអាចផលិតវ៉ាក់សាំងដែលបង្កើតឡើងដោយខ្លួនឯងបាន។
លោក Sophon បានឱ្យដឹងថា វិធីម្យ៉ាងទៀតដែលអាចឱ្យប្រទេសថៃទទួលបានវ៉ាក់សាំងគ្រប់ដូស គឺធ្វើកិច្ចសន្យាជាមួយអ្នកផលិតវ៉ាក់សាំង ឱ្យពួកគេមកផលិតនៅក្នុងប្រទេសថៃ តាមរយៈការផ្ទេរបច្ចេកវិទ្យា។
លោក Renu Garg មន្ត្រីសុខាភិបាលរបស់អង្គការសុខភាពពិភពលោកក្នុងប្រទេសថៃបាននិយាយថា៖ «បើសិនជាម្នាក់នៅក្នុងចំណោមបេក្ខជនដែលជោគជ័យត្រូវនឹងសមត្ថភាពនៅក្នុងប្រទេសថៃ នោះខ្ញុំគិតថា ការផ្ទេរបច្ចេកវិទ្យាអាចជាវិធីដ៏ល្អមួយទៀត ដើម្បីបង្កើនផលិតកម្មនៅក្នុងប្រទេសថៃ និងដើម្បីទទួលបានវ៉ាក់សាំងច្រើនដូស។
អ្នកស្រាវជ្រាវរកវ៉ាក់សាំងនៅក្នុងប្រទេសលោកខាងលិចមួយចំនួន បានសន្យាថានឹងចែកចាយវ៉ាក់សាំងរបស់ពួកគេឱ្យបានទូលំទូលាយ និងលឿន នៅពេលវ៉ាក់សាំងរួចរាល់។ វិទ្យាស្ថាន Serum របស់ឥណ្ឌាបានឱ្យដឹងថា ខ្លួននឹងចែកចាយវ៉ាក់សាំងរបស់បេក្ខជននាំមុខនៅចក្រភពអង់គ្លេស ឱ្យបាន ១ ពាន់លានដូស ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយ ៤០% នៃវ៉ាក់សាំងនឹងត្រូវបានចែកចាយនៅចុងឆ្នាំនេះ។
អង្គការសុខភាពពិភពលោក ក៏កំពុងធ្វើការជាមួយនឹងសម្ព័ន្ធសាកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការហៅកាត់ថា GAVI ដែលជួយផ្ដល់វ៉ាក់សាំងដល់កុមារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ លើគម្រោងដែលទំនងជាអាចឱ្យប្រទេសអ្នកមាន ចំណាយលើវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ។ ពួកគេសង្ឃឹមថា នឹងចែកចាយវ៉ាក់សាំងចំនួន ២ ពាន់លានដូសឱ្យបានត្រឹមឆ្នាំក្រោយ។ លោក Garg បាននិយាយថា ប្រទេសថៃបានបង្ហាញការចាប់អារម្មណ៍ក្នុងការទទួលបានអត្ថប្រយោជន៍នេះ ប៉ុន្តែលោកបន្ថែមថាប្រទេសនីមួយៗ នឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ មិនលើសពី២០% នៃចំនួនប្រជាជនសរុបនិង សង្ឃឹមថាអាចផ្ដល់ជូនគ្រប់គ្រាន់ដល់មន្ត្រីរាជការ និងអ្នកដែលប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។
ប្រទេសថៃនឹងចង់បានច្រើនជាងនេះ។ កន្លងមកនៅក្នុងប្រទេសនេះមានតែករណីឆ្លងវីរុសកូរ៉ូណាតិចជាង ៣៣០០ ករណីប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបជិត ៧០ លាននាក់ ហើយលោក Sophon បាននិយាយថា ប្រទេសនេះពុំមានស្ទើរតែទាំងស្រុងនូវប្រព័ន្ធការពារពីការឆ្លងរាលដាលទ្រង់ទ្រាយធំ។ ដើម្បីការពារប្រទេសបាន លោកនិយាយថា វានឹងតម្រូវឱ្យមានការផ្ដល់វ៉ាក់សាំងដល់មនុស្សពាក់កណ្ដាលប្រទេស។
លោក Sophon បាននិយាយថា៖ «យើងមានចំនួនករណីនៃការឆ្លងទាប ដូច្នេះចំនួនប្រជាជនដែលអាចឆ្លងគឺមានជាង ៩៥%។ ដូច្នេះបើសិនជាចង់ឱ្យមានការការពាររឹងមាំនៅក្នុងប្រទេសថៃ យើងត្រូវការវ៉ាក់សាំងយ៉ាងហោចណាស់ ៣០ លានដូស»។
ដើម្បីឈានដល់ចំណុចនេះបាន ប្រទេសថៃជឿថាខ្លួនត្រូវតែផលិតវ៉ាក់សាំងដោយខ្លួនឯង៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា