វៀតណាមកំពុងជម្លៀសពួកទេសចរណ៍ចេញពីតំបន់ដាណាងបន្ទាប់ពីមនុស្សជាច្រើននាក់បានធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមាន នៅពេលដែលរដ្ឋាភិបាលក្នុងផ្នែកនានាជាច្រើននៃពិភពលោកខិតខំបញ្ឈប់ការរាលដាលនៃមេរោគដែលបានសម្លាប់មនុស្សជិត៦សែន៥ម៉ឺននាក់។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានប្រាប់ឱ្យដឹងថា ការជម្លៀសមនុស្ស ៨ម៉ឺននាក់ភាគច្រើនជាទេសចរណ៍ក្នុងស្រុកនឹងចំណាយពេលយ៉ាងហោចណាស់ក៏៤ថ្ងៃដែរ។ វៀតណាមនៅតែរក្សាការបិទជិតសម្រាប់ទេសចរណ៍បរទេស។
វៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានរាយការណ៍ករណីឆ្លងក្នុងស្រុកលើកទី១ចាប់តាំងពីខែមេសាមក ដោយបានដាក់រដ្ឋាភិបាលស្ថិតក្នុងការប្រុងប្រយ័ត្នយ៉ាងខ្លាំង។
នៅក្នុងប្រទេសអូស្រ្តាលី ពួកអាជ្ញាធរនៅក្នុងរដ្ឋ Victoria ភាគអាគ្នេយ៍ បានរាយការណ៍ពីការឆ្លងមេរោគកូរ៉ូណាថ្មីចំនួន៥៣២ករណីនៅថ្ងៃចន្ទនេះហើយបានព្រមានពីការបិទសកម្មភាពសង្គមនៅក្នុងទីកន្លែងនោះ ដែលអាចបន្តហួសពេលកំណត់កាលពីដំបូងដែលមានចំនួន៦សប្តាហ៍។
លោក Danaiel Andrews នាយករដ្ឋមន្រ្តីរដ្ឋ Victoria បាននិយាយថា «សម្រាប់នៅពេលឥឡូវនេះ យើងកំពុងឃើញមនុស្សជាច្រើនដោយមានហេតុផលជាច្រើនបានចូលរួមធ្វើការងារដោយមានរោគសញ្ញា។ ការណ៍នេះមិនអាចបន្តទៀតទេ។ការរឹតត្បិតទាំងនោះនឹងស្ថិតនៅជាធរមានយូរជាងការរឹតត្បិតកាលពីដំបូងហើយខ្ញុំសុំអភ័យទោសដែលនិយាយដូច្នេះ។ យើងនឹងឃើញមនុស្សជាច្រើនស្លាប់ ជាពិសេសនៅកន្លែងថែទាំមនុស្សចាស់»។
សហរដ្ឋអាមេរិកដឹកមុខគេក្នុងពិភពលោកដោយមានករណីឆ្លងជាង៤លាន២សែនករណី ហើយកាលពីថ្ងៃអាទិត្យម្សិលមិញបានបន្ថែមការឆ្លងជាង៥ម៉ឺន៥ពាន់ករណី និងមនុស្សស្លាប់ជាប់៥រយនាក់។ នេះតាមសាកលវិទ្យាល័យ Johns Hopkins។
ពួកអ្នកជំនាញសុខាភិបាលស្តីបន្ទោសការកើនឡើងយ៉ាងខ្លាំងនូវការឆ្លងលើការបើកទ្វារពាណិជ្ជកម្ម និងកន្លែងសាធារណៈរហ័សពេក ហើយមិនមានមនុស្សពាក់ម៉ាស និងការអនុវត្តការរក្សាគម្លាតឱ្យបានគ្រប់គ្រាន់៕