សេតវិមានបានប្រកាសកាលពីថ្ងៃច័ន្ទថា ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកគឺលោក Robert O’Brien បានធ្វើតេស្តឃើញវិជ្ជមានថា មានជំងឺកូវីដ១៩ ដែលនេះធ្វើឲ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានឆ្លងជំងឺនេះ។
សេចក្តីថ្លែងការណ៍របស់សេតវិមានប្រកាសថា លោក O’Brien អាយុ៥៤ឆ្នាំ ដែលដឹកនាំក្រុមប្រឹក្សាសន្តិសុខជាតិ «បានចេញរោគសញ្ញាកម្រិតខ្សោយ ហើយបានដាក់ខ្លួនលោកឲ្យនៅដាច់ដោយឡែកពីគេ និងកំពុងធ្វើការពីកន្លែងមានសុវត្ថិភាពមួយនៅក្រៅសេតវិមាន។ លោកមិនបង្កគ្រោះថ្នាក់នៃការឆ្លងអ្វីដល់លោកប្រធានាធិបតីឬ លោកអនុប្រធានាធិបតីទេ។
ទីប្រឹក្សាសន្តិសុខជាតិតែងធ្វើការជិតដឹតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែ គេមិនដឹងថា លោក O’Brien បានជួបគ្នាផ្ទាល់ចុងក្រោយនៅពេលណានោះទេ។ លោកទាំងពីបានបង្ហាញមុខជាសាធារណៈរួមគ្នាកាលពីថ្ងៃទី១០ ខែកក្កដា នៅពេលទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានភាគខាងត្បូងនៅរដ្ឋ Florida។
ក្រុមមន្ត្រីនិយាយថា លោក O’Brien បានធ្វើការពីផ្ទះកាលពីសប្តាហ៍មុន ក្រោយពីលោកបានត្រឡប់ពីទស្សនកិច្ចការងារនៅអឺរ៉ុប ដើម្បីពិភាក្សាអំពីកិច្ចការប្រទេសចិន។
មិនទាន់មានការអត្ថាធិប្បាយអ្វីទេពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកាលពីថ្ងៃច័ន្ទរំពឹងថា ទៅទស្សនាកន្លែងផលិតផ្នែករបស់វ៉ាក់សាំងមួយកន្លែងនៅក្នុងរដ្ឋ North Carolina។
កន្លងមកក៏មានបុគ្គលិកសេតវិមានផ្សេងទៀត បានឆ្លងជំងឺកូវីដ១៩ដែរ។
នៅទូទាំងសហរដ្ឋអាមេរិក ជំងឺកូវីដ១៩បានឆ្លងដល់មនុស្សជាង៤,២ លាននាក់ និងសម្លាប់មនុស្សប្រមាណ១៤៧.០០០ នាក់៕