នៅពេលបច្ចុប្បន្ននេះ មិនទាន់ឮថា មានថ្នាំវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ទេ ក៏ប៉ុន្តែ ការឈ្លោះប្រកែកគ្នាអំពីថ្នាំវ៉ាក់សាំងទាំងនោះបានចាប់ផ្តើមហើយ។
ក្រុមហ៊ុន Sanofi ដែលជាមហាក្រុមហ៊ុនឱសថរបស់បារាំង បានបដិសេធថាខ្លួនមិនបានផ្ដល់ក្តីសង្ឃឹមឲ្យសហរដ្ឋអាមេរិក ទទួលបានមុនគេនូវថ្នាំវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩។ លោក Edouard Philippe នាយករដ្ឋមន្រ្តីបារាំង បាននិយាយទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ការទទួលបានថ្នាំវ៉ាក់សាំងណាមួយដែលផលិតដោយក្រុមហ៊ុនបារាំង នឹងត្រូវមានសិទ្ធិស្មើៗគ្នា។
កំណត់សម្គាល់នេះ បានកើតមានឡើងបន្ទាប់ពីលោក Paul Hudson អគ្គនាយកក្រុមហ៊ុនឱសថ Sanofi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg News ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសិទ្ធិបញ្ជាទិញមុនដ៏ច្រើនបំផុត ពីព្រោះតែអាមេរិក បានវិនិយោគយ៉ាងច្រើន។ ក្រុមហ៊ុនបារាំងនោះ មានរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ រោងចក្រភាគច្រើនស្ថិតនៅក្នុងតំបន់អឺរ៉ុប។
លោក Serge Weinberg ប្រធានក្រុមហ៊ុន Sanofi ប្រាប់ទូរទស្សន៍បារាំង២ថា «នឹងមិនមានការផ្តល់អាទិភាពពិសេសដល់ប្រទេសណាមួយទេ»។
មានភាពចម្រូងចម្រាសស្រដៀងគ្នានេះកាលពីខែមីនា សាធារណជន និងរដ្ឋាភិបាលអាល្លឺម៉ង់ មានប្រតិកម្មខឹងសម្បាដល់សេចក្តីរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើផ្តល់ចំនួន១ពាន់លានដុល្លារដល់ក្រុមហ៊ុនឱសថអាល្លឺម៉ង់ឈ្មោះ CureVac ដើម្បីទទួលបានថ្នាំវ៉ាក់សាំងមិនខ្វះសម្រាប់សហរដ្ឋអាមេរិក។
លោក Heiko Maas រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បាននិយាយនៅពេលនោះថា ពួកអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ បានធ្វើការអភិវឌ្ឍថ្នាំវ៉ាក់សាំងជាក់ការពារជំងឺកូវីដ ១៩ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសាកលលោក។
ពួកមន្រ្តីសហរដ្ឋអាមេរិក បានឆ្លើយតបថា សេចក្តីរាយការណ៍នោះ បានបំផ្លើស ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានពិភាក្សាជាមួយក្រុមហ៊ុនឱសថមួយចំនួន
ទូទាំងពិភពលោកដែលកំពុងធ្វើការងារលើការព្យាបាលជំងឺកូវីដ១៩នោះ។មន្រ្តីម្នាក់និយាយថា ក្រុមហ៊ុនឱសថភាគច្រើន បានទទួលប្រាក់ខ្លះពីពួកអ្នកវិនិយោគសហរដ្ឋអាមេរិក៕