អង្គការសហប្រជាជាតិកំពុងអំពាវនាវដល់រដ្ឋាភិបាលនានាឲ្យផ្តោតលើសេវាកម្មសុខភាពផ្លូវចិត្ត នៅពេលដែលពលរដ្ឋទូទាំងពិភពលោកកំពុងដោះស្រាយការរាតត្បាតនៃមេរោគកូរ៉ូណា។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា «បន្ទាប់ពីការមិនយកចិត្តទុកដាក់និងការវិនិយោគទុនតិចតួចក្នុងសេវាកម្មសុខភាពផ្លូវចិត្ត ការរាតត្បាតជំងឺកូវីដ១៩ នៅពេលឥឡូវនេះ កំពុងធ្វើឲ្យប៉ះពាល់ក្រុមគ្រួសារនិងសហគមន៍នានាដោយមានដំណើរការតាន តឹងខាងផ្លូវចិត្ត»។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ទៀតថា បុគ្គលិកសុខាភិបាល មនុស្សចាស់និងក្មេង និងអ្នកដែលមុនមានបញ្ហាសុខភាពផ្លូវចិត្តឬដែលកំពុងដោះស្រាយវិបត្តិ មានការគ្រោះថ្នាក់ខ្លាំងបំផុត។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងបន្តទៀតថា «អង្គការសហប្រជាជាតិបានតាំងចិត្តយ៉ាងខ្លាំងដល់ការបង្កើតពិភពលោកដែលមនុស្សគ្រប់រូប គ្រប់ទីកន្លែង អាចទទួលបានការគាំទ្រខាងផ្លូវចិត្ត។ ខ្ញុំជំរុញឲ្យរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល ពួកអាជ្ញាធរសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា រួបរួមគ្នាជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនៃការរាតត្បាតមេរោគកូរ៉ូណានេះ»។
សាររបស់ប្រធានអង្គការសហប្រជាជាតិកើតមានឡើងបន្ទាប់ពីសារមួយមកពីអង្គរការសុខភាពពិភពលោកនិយាយថា វីរុសកូរ៉ូណាដែលរហូតមកទល់ពេលនេះបានឆ្លងមនុស្សជាង៤លាន៣សែននាក់ និងសម្លាប់មនុស្សប្រហែល៣សែននាក់ អាចមានលក្ខណៈឆ្លងតាមតំបន់ដូចជាមេរោគ HIV ដែលបណ្តាលឲ្យកើតជំងឺ AIDS។
លោក Mike Ryan នាយកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបាននិយាយក្នុងសន្និសីទកាសែតពីទីក្រុងហ្សឺណែវថា «មេរោគកូរ៉ូណា អាចស្ថិតនៅក្នុងសហគមន៍ ទោះបី ថ្នាំវ៉ាក់សាំងចាក់ការពារ ត្រូវបានរកឃើញក៏ដោយ»៕