លោក Tibor Nagy អ្នកការទូតកំពូលអាមេរិកទទួលកិច្ចការទ្វីបអាហ្វ្រិក និយាយថា ក្នុងរយៈពេល២០ឆ្នាំ សហរដ្ឋអាមេរិកបានហ្វឹកហ្វឺនពួកអ្នកធ្វើការខាងការថែទាំសុខភាព ដើម្បីជួយប្រទេសជាតិក្នុងទ្វីបអាហ្វ្រិកលើកកម្ពស់ប្រព័ន្ធសុខាភិបាលរបស់ពួកគេ។
ហើយនៅពេលនេះ ការងារនេះកំពុងត្រូវសាកល្បងជាមួយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យមនុស្សជាង៧ម៉ឺននាក់ស្លាប់នៅក្នុងសហរដ្ឋអាមេរិកហើយមកដល់ពេលនេះមានមនុស្សប្រមាណ១ពាន់នាក់បាត់បង់ជីវិតនៅក្នុងទ្វីបអាហ្វ្រិក ដែលជាចំនួនតិចបំផុតនៅក្នុងតំបន់មួយនៃពិភពលោកដែលអង្គការសុខភាពពិភពលោកបំពេញការងាររបស់ខ្លួន។
លោក Nagy ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៃការិយាល័យកិច្ចការទ្វីប អាហ្វ្រិកបាននិយាយតាមទូរស័ព្ទកាលពីថ្ងៃពុធ ទី៦ ខែឧសភាទៅកាន់ពួកអ្នកកាសែតនៅក្នុងទ្វីបអាហ្វ្រិកថា៖
«រហូតមកដល់ពេលនេះយើងជាប្រទេសជាតិផ្តល់ជំនួយច្រើនបំផុតដល់ទ្វីបអាហ្វ្រិក ។ផលប្រយោជន៍ជំនួយរបស់យើងនេះមាននៅទូទាំងទ្វីបនេះហើយនៅពេលនេះនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ការប្តេជ្ញានេះមានតទៅទៀត។ គ្មានប្រទេសណាមួយជួយទ្វីបអាហ្វ្រិកច្រើនជាងយើងទេ។ ក្នុងចំណោមទឹកប្រាក់ជាង៧៨០លានដុល្លារដែលសហរដ្ឋអាមេរិកសន្យាជួយក្នុងការប្រយុទ្ធនឹងជំងឺនេះនៅទូទាំងពិភពលោកនោះ ប្រាក់ចំនួនជិត២៥០លានដុល្លារគឺសម្រាប់ជួយទ្វីបអាហ្វ្រិក»។
ក៏ប៉ុន្តែអ្នកសារព័ត៌មានម្នាក់បានសួរថា តើសហរដ្ឋអាមេរិកគិតគូរបែបណាអំពីសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះដែលថា ខ្លួននឹងផ្អាកការបង់ប្រាក់ឱ្យអង្គការសុខភាពសាកលធំបំផុតដែលប្រយុទ្ធនឹងវីរុសកូរ៉ូណា? ហើយដែលប្រធាននៃអង្គការសុខភាពពិភពលោក (WHO) បានហៅសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការបញ្ឈប់ការបង់ប្រាក់នេះថាជា «ការគួរឱ្យស្តាយ» ហើយពួកអ្នករិះគន់និយាយថា សេចក្តីសម្រេចរបស់អាមេរិកនេះអាចបណ្តាលឱ្យមានមនុស្សស្លាប់ដែលអាចបញ្ចៀសបាននៅទូទាំងពិភពលោក។
លោក Nagy និយាយថា៖
«យើងបានវាយតម្លៃពី៦០ថ្ងៃទៅ៩០ថ្ងៃអំពីការឆ្លើយតបរបស់អង្គការសុខភាពពិភពលោកនៅក្នុងពេលមានភាពអាសន្នបណ្តាលមកពីជំងឺកូវីដ។ដូចលោករដ្ឋមន្ត្រីការបរទេស Mike Pompeo បានមានប្រសាសន៍អ៊ីចឹង។ និយាយជារួមលោកបានថ្លែងថាទាក់ទងនឹងអង្គការសុខភាពពិភពលោក (WHO) យើងដឹងថា ពួកគេមានការងារត្រូវធ្វើដែលជាបេសកកម្មតែមួយគត់គឺបញ្ចៀសកុំឱ្យមានការរាតត្បាតជំងឺជាសាកល។ ការបញ្ចៀសនេះមិនបានកើតមានទេ។ នេះមិនមែនជាបរាជ័យលើកទីមួយទេ... យើងជាប្រទេសតែមួយគត់ដែលផ្តល់ប្រាក់ច្រើនជាងគេឱ្យអង្គការសុខភាពពិភពលោក (WHO) ហើយនេះជាការទទួលខុសត្រូវរបស់យើង។ រដ្ឋាភិបាលក៏គិតអំពីផលប្រយោជន៍នៃពួកអ្នកបង់ពន្ធអាមេរិកាំងដែរដែលបានផ្តល់ប្រាក់ពី៤រយលានដុល្លារទៅ៥រយលានដុល្លារក្នុងមួយឆ្នាំឱ្យ អង្គការសុខភាពពិភពលោក(WHO)។ ដូច្នេះពាក្យនិយាយដោយត្រឹមត្រូវគឺមិនមែនការដកមូលនិធិទេគឺបញ្ឈប់ការផ្តល់មូលនិធិ អំឡុងដំណើរការវាយតម្លៃ»។
លោកបាននិយាយថា លោកមិនអាចប្រាប់អំពីចំនួនសម្ភារៈដោយមានរួមបញ្ចូលទាំងប្រដាប់ជួយដកដង្ហើមដែលសហរដ្ឋអាមេរិកបានបញ្ជូនឬគ្រោងនឹងបញ្ជូនទៅឱ្យប្រទេសជាតិនានាក្នុងទ្វីបអាហ្វ្រិកទេ។
លោកសាស្ត្រាចារ្យ Salim Abdool Karim ជាអ្នកជំនាញល្បីឈ្មោះខាងមេរោគ HIV ហើយលោកជាប្រធានគណៈកម្មាធិការផ្តល់យោបល់របស់រដ្ឋាភិបាលអំពីជំងឺកូវីដ១៩នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលមានករណីមនុស្សមានផ្ទុកវីរុសនេះច្រើនជាងគេនៅក្នុងទ្វីបអាហ្វ្រិក។
លោកនិយាយថា ប្រទេសនៅអាហ្វ្រិក ដែលមានការរាតត្បាតនៃជំងឺនេះមានបទពិសោធន៍ច្រើនគួរសមសម្រាប់ចែករំលែកជាមួយពិភពលោក។ លោក Karim និយាយថា៖
«ខ្ញុំយល់ថា មានបទពិសោធន៍មួយដែលយើងបានរៀនច្រើនគឺធ្វើបែបណាចែកចាយព័ត៌មានឱ្យបានឆាប់។ ហើយយើងមានវិធីច្រើនដែលយើងធ្វើការនេះគឺតាមរយៈផ្លូវការនិងតាមរយៈក្រៅផ្លូវការ។ ដូច្នេះយើងបែងចែកបទពិសោធន៍និងជំនាញរបស់យើងពីព្រោះសមាជិកភាគច្រើនរបស់យើងនៅក្នុងគណៈកម្មាធិការផ្តល់យោបល់នេះជាមនុស្សមានជំងឺឆ្លងដោយមានផ្ទុកមេរោគ HIV។ ហើយយើងប្រាប់ឱ្យដឹងច្រើនអំពីអ្វីដែលយើងដឹងអំពី HIV»។
លោក Nagy ថ្លែងថា សហរដ្ឋអាមេរិកស្តាប់ពួកអ្នកជំនាញអាហ្វ្រិកដោយយកចិត្តទុកដាក់។ លោក Nagy និយាយថា៖
«យើងទទួលស្គាល់ជំនាញនៅគ្រប់កន្លែងទាំងអស់។ មានប្រទេសមួយចំនួននៅអាហ្វ្រិក ដែលមានជំនាញដោយសារប្រវត្តិនៃការរាតត្បាតជំងឺនៅទីនោះដែលពួកគេត្រូវតែដោះស្រាយ។ ប្រទេសទាំងនេះមានជំនាញច្រើនក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺមួយចំនួន។ យើងទាំងអស់គ្នាត្រូវរៀនច្រើនពីគ្នា»។
លោក Karim កត់សម្គាល់ថា ទ្វីបអាហ្វ្រិកគ្មានលក្ខណៈឬស្នេហ៍មុខពិសេសដែលនឹងបញ្ឈប់មិនឲ្យវីរុសនេះរាតត្បាតនៅទូទាំងទ្វីបនេះបានទេ។ លោកបានថ្លែងថា ទោះជាមានការប្រុងប្រៀបឬមិនមានក៏ដោយ ក៏វីរុសនេះមកដល់ហើយ។
ប្រែសម្រូលដោយពិន ស៊ីសុវណ្ណ