ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នឹង​ផ្ដល់​សក្ខីកម្ម​អំពី​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Rick Bright មន្ត្រី​សុខាភិបាល​អាមេរិកប្រចាំ​ក្រសួង​សុខាភិបាល​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ឆ្នាំ២០១៧។
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Rick Bright មន្ត្រី​សុខាភិបាល​អាមេរិកប្រចាំ​ក្រសួង​សុខាភិបាល​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ឆ្នាំ២០១៧។

មន្ត្រី​សុខាភិបាល​អាមេរិក លោក​វេជ្ជបណ្ឌិត Rick Bright ដែល​ចោទ​ប្រកាន់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក​ថា លោក​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង ដោយសារតែ​លោក​បាន​ផ្ដល់​អាទិភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​វិបត្តិ​វីរុស​កូរ៉ូណា គ្រោង​បញ្ជាក់​ប្រាប់​សមាជិក​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សាធារណជន​ត្រូវតែ​ដឹង​ការ​ពិត ដោយ​មិន​ត្រូវ​ឲ្យ​គេ​បញ្ច្រៀប​ព័ត៌មាន​សម្រាប់​គោល​បំណង​នយោបាយ​ណា​មួយ​ទេ។

លោក​វេជ្ជបណ្ឌិត Bright បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​បើក ដែល​ផ្សព្វផ្សាយ​មុន​ពេល​សវនាការ​ធ្វើ​ឡើង​ដោយ​អនុគណៈកម្មាធិការ​សុខាភិបាល​នៃ​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម​របស់​រដ្ឋសភា ថា៖ «យើង​ត្រូវតែ​ដឹង និង​ទទួល​យក​នូវ​ស្ថានការណ៍​ដ៏​លំបាក​ដែល​យើង​កំពុង​ប្រឈម។ យើង​មាន​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក។ អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​ត្រូវតែ​បាន​គេ​អនុញ្ញាត​ឲ្យ​ដឹកនាំ​លើ​បញ្ហា​នេះ»។

លោក Bright បាន​និយាយ​ថា លោក​បាន​ចាប់ផ្ដើម​រំឮក​ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​កាល​ពី​ខែ​មករា​អំពី «ការ​ខ្វះខាត​ខ្លាំងក្លា» នូវ​ឧបករណ៍​ការពារ​ដែល​បុគ្គលិក​សុខាភិបាល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវការ​ដើម្បី​ការពារ​អ្នក​ជំងឺ​កូវីដ១៩។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​របស់​លោក ​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​បង្កើន​ការ​ផលិត​ម៉ាស់ ប្រដាប់​ដក​ដង្ហើម និង​ឧបករណ៍​សំខាន់ៗ​ផ្សេង​ទៀត​ ដូចជា​ថ្នាំ ពេទ្យ ម្ជុល​ចាក់​ថ្នាំ និង​សំឡី​ត្បាល់​ច្រមុះ​ជា​ដើម។ ជា​ថ្មី​ម្ដង​ទៀត ការ​ជំរុញ​របស់​ខ្ញុំ​នេះ​ត្រូវ​បាន​គេ​ច្រានចោល ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ការ​ប្រជុំ​កម្រិត​ខ្ពស់​សំខាន់ៗ​នានា​ ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩»៕

XS
SM
MD
LG