សហរដ្ឋអាមេរិកស្វាគមន៍ការបដិសេធរបស់កម្ពុជារឿងមូលដ្ឋានយោធាចិនក្រោយ ពេលដែលកម្ពុជាច្រានចោលរបាយការណ៍អំពីមូលដ្ឋានកងទ័ពចិននៅក្នុងឈូង សមុទ្ររាមខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជាចំពោះព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជា ដោយបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដី។ លោក Michael Pompeo បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុង បាងកក ប្រទេសថៃ ថា៖
«ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិក អាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធរបាយការណ៍ដែលថាកម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាចិនបង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការការពារ អធិបតេយ្យភាព(បូរណភាពដែនដី)ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានបដិសេធភ្លាមៗក្រោយពេល ដែលកាសែត The Wall Street Journal បានដកស្រង់មន្ត្រីអាមេរិកម្នាក់និងមន្ត្រីដែលធ្វើកិច្ចការនេះ តែមិនបានប្រាប់ឈ្មោះ មកផ្សព្វផ្សាយឲ្យដឹងថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយកាលពីនិទាឃរដូវ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជារយៈពេល៣០ឆ្នាំ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងការពិនិត្យ មើលពីឥទ្ធិពលយោធានៅជុំវិញពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្តីដោយអង្គភាពព័ត៌មាន Fresh News មកបញ្ជាក់ថា នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។ លោកបានចោទជាសំណួរដែរថា តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? ហើយបានទទូចថា ៖«ល្មមឈប់ប្រើព័ត៌មាន ក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងយើងហើយ»។
ក្រុមមន្ត្រីកម្ពុជាបានបន្ទរតាមអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហើយថាកម្ពុជា ជាប្រទេសឯករាជ្យ អធិបតេយ្យ អព្យាក្រឹត មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីកម្ពុជាបានបើកបង្ហាញមូលដ្ឋានកងទ័ពជើងទឹកក្នុងឆកសមុទ្ររាមនៃខេត្តព្រះសីហនុ ដើម្បីបញ្ចប់ការចោទប្រកាន់ដែលថាខ្លួនបានធ្វើកិច្ចសន្យាបើកដៃឱ្យចិនបោះទីតាំងយោធាក្នុងតំបន់សមុទ្រនេះ។
អ្នកសារព័ត៌មានក្នុងស្រុកជិត៦០រូបបានចូលរួមក្នុងដំណើរពីរាជធានីភ្នំពេញ ដើម្បីទស្សនកិច្ចក្នុងមូលដ្ឋានកងទ័ពជើងទឹក ជាអ្វីដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាហៅថាជា «ការបង្ហាញការពិត»ដើម្បីបញ្ចប់ព័ត៌មានក្លែងក្លាយប្រឆាំងនឹងរដ្ឋាភិបាលផងខ្លួន។ មន្ត្រីនៃក្រសួងការពារជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រីដែលដឹកនាំក្រុមអ្នកសារព័ត៌មាន បានបង្ហាញអគារនិងសម្ភារៈសឹកមួយចំនួនក្នុងមូលដ្ឋានទ័ព អមដោយការឃ្លាំមើលពីមន្ត្រីយោធាយ៉ាងម៉ត់ចត់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិដែលដឹកនាំក្រុមអ្នកសារព័ត៌មានទស្សនកិច្ចនៅថ្ងៃសុក្រនេះ បញ្ជាក់ថា៖
«ឥឡូវកាលមកឃើញនេះវាច្បាស់ជាងនិយាយ យើងនិយាយ១០០ដងមិនស្មើយើងមើលឃើញមួយដងទេ។ អ្វីដែលយើងចង់ឃើញចង់បាន [លោក] អ៊ុក សីហា គាត់នឹងនាំទៅ។ អត់មានអីលាក់លៀមទេព្រោះថ្វីត្បិត ទីនេះគឺជាតំបន់យោធាការពារដោយយោធាមែន ប៉ុន្តែយើងអត់មានអីលាក់លៀមដែរ ទោះយើងចង់លាក់ក៏មិនជិតដែរ ព្រោះសម័យឥឡូវមាន Satellite [ផ្កាយរណប]មានស្អីៗច្រើនណាស់! តែឥឡូវមក មើលជាក់ស្តែង»។
លោក ផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយដំណើរទស្សនកិច្ចថាកម្ពុជាគឺព្យាយាមរក្សាសុខសន្តិភាព ហើយលោកសង្ឃឹមថាការបើកបង្ហាញនៅថ្ងៃនេះនឹងអាចបំបាត់ព័ត៌មាន ដែលលោកហៅថាជាព័ត៌មានក្លែងក្លាយបាន។
«កម្ពុជាពេលនេះ ឆ្លៀតឱកាសបង្ហាញនូវអ្វីទៅដែលហៅថាជាតម្លាភាព ហើយកម្ពុជាទទួលខុសត្រូវទាំងស្រុងនូវគណនីយភាពយើងមិនធ្វើឱ្យមានការបែកបាក់ក្នុងសង្គមរបស់អាស៊ាននោះទេ!ហ្អេនេះ ខ្ញុំសូមជំរាបជូន។ ខ្ញុំជឿជាក់ថា ឱកាសដែលយើងមកនេះគឺយើងបានសម្លាប់នូវ Fake News នឹងជាក់ស្តែងនៅនឹងកន្លែង។ ហើយខ្ញុំសូមជំរាបជូនបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ សុំបន្តបញ្ចប់នូវអ្វីដែលប៉ះពាល់ដល់»។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College ក្នុងក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានថ្លែងកត់សម្គាល់ពីការស្វាគមន៍របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ថា៖
«ខ្ញុំគិតថាលោករដ្ឋមន្ត្រីការបរទេសជឿថាការបដិសេធរបស់រដ្ឋាភិបាលកម្ពុជា គឺជា រឿងច្បាស់លាស់ តែបានចាប់ឲ្យអាជ្ញាធរកម្ពុជាប្តូរផ្តាច់ចំពោះការបដិសេធរបស់គេ ដោយត្រង់ៗ។ ប្រសិនបើមានភស្តុតាងនៃសកម្មភាពនោះលេចឡើងបន្តជាការពិត ពេលនោះកម្ពុជានឹងមិនគ្រាន់តែរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនទេ តែបាត់បង់កេរ្តិ៍ ឈ្មោះទាំងអស់។ រដ្ឋាភិបាលកម្ពុជាចង់បានមធ្យោបាយទាំងពីរគឺអ្វីដែលចិនចង់បាន ហើយបន្តបដិសេធចំពោះពិភពលោក នូវអ្វីដែលកំពុងកើតមាន។ រដ្ឋាភិបាលកម្ពុជា មិនអាចទទួលបានទាំងពីរទេ»។
នៅពេលសួរថាតើប្រទេសអាស៊ានអាចនឹងស្តាប់ការអំពាវនាវរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកទេ ដែលថាឲ្យប្រទេសទាំងនោះធ្វើតាមលំនាំកម្ពុជាក្នុងការការពារ អធិបតេយ្យភាព បូរណភាពដែនដីរបស់ខ្លួន ដែលថាគ្មានកងទ័ពចិននោះ លោក អៀ សុផល បានបញ្ជាក់ថា៖
«ខ្ញុំគិតថាប្រជាជាតិទាំងឡាយ នឹងគិតពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះការ ព្យាយាមទាំងឡាយណា ដែលអនុញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដី របស់ខ្លួន។ គេឃើញប្រទេសឡាវដែលជាមិត្តជិតដិតរបស់ចិនតែវាជាប្រទេសដែល គ្មានជាប់សមុទ្រ ដូច្នេះនឹងគ្មានតម្លៃចំពោះលក្ខខណ្ឌដែលតម្រូវឲ្យមានកងទ័ពជើង ទឹកចិនក្នុងប្រទេសឡាវដូចជាកម្ពុជាទេ»។
មន្ត្រីយោធាប្រទេសចិនបានបដិសេធថា ចិនមិនបានកសាងមូលដ្ឋានយោធាជើងទឹកចិនក្នុងប្រទេសកម្ពុជាទេ នៅពេលអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយពង្វាង សំណួរអ្នកសារព័ត៌មាន ហើយមិនបានបដិសធនោះ៕