ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ថៃ​​មាន​បំណង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លម្អៀង​ទៅ​ខាង​យោធា


នាយករដ្ឋមន្រ្តី​ថៃលោក Prayuth Chan-ocha ថតរូប​ជាមួយ​សមាជិកគណៈរដ្ឋមន្រ្តី​ថ្មី​នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ខែកក្កដា ថ្ងៃទី១៦ ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តី​ថៃលោក Prayuth Chan-ocha ថតរូប​ជាមួយ​សមាជិកគណៈរដ្ឋមន្រ្តី​ថ្មី​នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ខែកក្កដា ថ្ងៃទី១៦ ឆ្នាំ២០១៩។

បន្ទាប់ពី​​បាន​ឈ្នះ​​ពួក​អ្នកនយោបាយ​​បម្រើ​ផល​ប្រយោជន៍​ក្រុម​យោធា​ថៃ​នៅ​ក្នុង​ការបោះឆ្នោត​​កាលពី​ខែ​មីនា គណបក្ស​លម្អៀង​ទៅ​ខាង​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ថៃ​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​នៅ​ពេលនេះ​​​ប្រសិន​បើ​គ្មាន​​​រដ្ឋ​ធម្មនុញ្ញ​​ថ្មី​ដែល​ពួក​យោធា​បានព្រាង​​នៅក្រោយ​ក្តាប់អំណាច​កាលពី​ឆ្នាំ២០១៤។

នៅ​ពេល​នេះ​ លោក Prayuth Chan-ocha មេដឹកនាំ​រដ្ឋប្រហារកាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​ក្នុង​អាណត្តិ​ទី​ពីរ​ដោយសារ​ពួក​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​ត្រូវ​តែងតាំង​ដោយ​ក្រុមប្រឹក្សា​យោធាហើយ​បានទទួល​អំណាច​ជា​លើកដំបូង​ដោយ​រដ្ឋធម្មនុញ្ញ​ថ្មី​ក្នុង​ការ​ចូល​រួមជាមួយ​រដ្ឋសភា​ដែល​ពួក​សមាជិកបានជាប់ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ដោយ​ប្រជារាស្ត្រ ដើម្បី​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្ត្រី​ម្នាក់។

នៅពេល​នេះ​ដែល​ពួក​គេ​ជា​ក្រុម​ប្រឆាំង គណបក្ស​ទាំង​នេះ​ដែល​ជំទាស់​នឹង​ក្រុម​ប្រឹក្សា​យោធា​បានធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញជា​អាទិភាព​កំពូលរបស់​ពួក​គេ។

លោក Thanathorn Juangroongruangkit មេដឹកនាំ​គណបក្ស​ Future Forward បាន​និយាយ​ថា​«យើងនិយាយ​អំពី​ការ​ធ្វើឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ទីនេះ។ បើ​គ្មានវិសោធនកម្មរដ្ឋធម្មនុញ្ញទេ​ នោះ​នឹង​គ្មានការ​ធ្វើឱ្យ​មានលទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ឡើងវិញទេនៅ​ក្នុង​ប្រទេសនេះ»។

គណបក្ស​ Future Forward មាន​សន្លឹក​ឆ្នោតគាំទ្រ​លំដាប់ទី​បី​នៅ​ក្នុង​ការបោះឆ្នោត​កាលពីថ្ងៃទី២៤ខែ​មីនា​តាមកម្មវិធី​មួយ​ដើម្បី​ដក​លោក Prayuthពី​តំណែង​នាយករដ្ឋមន្រី។​ បន្ទាប់​មកគណបក្សនេះ​បានរួមកម្លាំង​ជាមួយ​គណបក្ស៦ទៀតដែលមានទស្សនៈ​ដូច​គ្នា​ដោយ​សង្ឃឹម​ថារួបរួមគ្នា​ឱ្យមាន​អាសនៈគ្រប់គ្រាន់​ក្នុង​រដ្ឋសភា​ដើម្បី​បង្កើត​ជាក្រុមភាគ​ច្រើន។

ក៏ប៉ុន្តែការ​កែ​ប្រែរូបមន្ត​នៅ​ក្រោយ​ការ​បោះឆ្នោត​សម្រាប់ការ​បែង​ចែកអាសនៈធ្វើឡើង​ដោយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​បានធ្វើឱ្យប្រាកដ​ប្រជា​ថា​ក្រុមគណបក្ស​នេះ​មានកៅអី​មិនគ្រប់គ្រាន់សម្រាប់បង្កើត​ក្រុមភាគ​ច្រើន​ក្នុង​រដ្ឋសភាទេ។ ​ដោយសារ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ព្រឹទ្ធសភា​ក៏ធ្វើឱ្យ​ប្រាកដ​ប្រជាដែរ​ថា«រណសិរ្ស​ប្រជាធិបតេយ្យ» គ្មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ទាំង​ពីរ​ដើម្បី​ដក​លោក Prayuth ចេញ​ពី​តំណែង​ទេ។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​នៅ​ឯទីស្នាក់ការ​ធំ​របស់​គណបក្ស​លោក​ក្នុងក្រុង​បាងកក លោក​ Thanathorn បាននិយាយថា​រដ្ឋធម្មនុញ្ញ​របស់ក្រុមប្រឹក្សា​យោធា​មាន​បន្ទាត់​ច្រើន​ដែល​ធ្វើឱ្យ​ព្រឹទ្ធសភា គណៈកម្មការ​រៀបចំការ​បោះឆ្នោតនិង​អង្គការ​ឯទៀត​ៗ​របស់រដ្ឋ​ប្រើ​មធ្យោបាយ​មិន​សុចរិត​ដើម្បី​អនុគ្រោះ​ដល់​ពួក​វរជន​ក្នុង​ទី​ក្រុង ពួក​រាជានិយមនិងក្រុមលម្អៀង​ទៅ​ខាង​យោធា។

ជា​យូរ​យា​មក​ហើយ ក្រុម​ប្រឆាំង​ចង់​ជំនួស​រដ្ឋធម្មនុញ្ញ​នេះទាំង​ស្រុង។ ក៏​ប៉ុន្តែ​ដោយ​ដឹង​អំពី​ការមានកម្រិត​របស់​ពួក​គេ លោក​ Thanathorn បានថ្លែង​ថា​គណបក្ស​ទាំង​នេះ​ផ្តោត​ការ​យក​ចិត្តទុកដាក់លើ​មាត្រា​តែពីរនៅពេល​នេះគឺ​មាត្រាទី២៧២​និង​មាត្រាទី២៧៩។​

មាត្រាទី​២៧២​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះផ្តល់​ឱ្យ​ព្រឹទ្ធសភា​ដែល​ពួក​សមាជិក​បានត្រូវ​តែងតាំង​នូវ​អំណាច​ចូលរួម​ជាមួយរដ្ឋសភា​ដែលក្រុមអ្នកតំណាង​រាស្ត្រ​បាន​ជាប់ឆ្នោត​នូវ​សិទ្ធិ​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្ត្រី។​ មាត្រា​ទី​២៧៩​មិន​អនុញ្ញាត​ឱ្យមានការបំពាន​លើបទ​បញ្ជា​ណាមួយ​ពី​លោក Prayuth ក្នុង​អាណត្តិទី​មួយ​របស់​លោក​ឬបទ​បញ្ជា​ណាមួយ​មក​ពីរដ្ឋាភិបាល​ដែលក្រុមយោធា​បាន​បង្កើត​ឡើងនៅក្រោយ​រដ្ឋប្រហារ​គឺ​ក្រុមប្រឹក្សា​ជាតិសម្រាប់​សន្តិភាពនិង​របៀប​រៀបរយ​ហៅកាត់ថា NCPO។

លោក Thanathorn បាននិយាយ​ថា«ដូច្នេះ​លោក​អ្នក​អាច​ឃើញ​ចំណាត់ការ​នេះ​ដោយ​ជាក់លាក់គឺ​ថា​ពួកអ្នកកាន់អំណាច​ភ័យ​ខ្លាចសំឡេង​របស់ប្រជារាស្ត្រ ពួកគេ​មិន​ចង់ឃើញសំឡេង​របស់ប្រជារាស្ត្រ​បាន​ត្រូវឮនៅ​ក្នុង​សភាទេ»។ ការ​កែប្រែតែ​មាត្រាពីរ​របស់រដ្ឋធម្មនុញ្ញថ្មីនេះហាក់​ដូច​ជា​តិច​ល្មម។​

ការ​ធ្វើវិសោធនកម្មមាត្រា​នីមួយៗនេះប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ការក្តាប់​អំណាច​តទៅ​ទៀត​ដោយ​ពួក​យោធា។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏ការ​កែប្រែ​មាត្រា​នីមួយៗនេះតម្រូវ​ឱ្យមានការគាំទ្រពី​យ៉ាងតិ​ចណាស់​ចំនួន​មួយ​ភាគបី​នៃពួក​សមាជិកព្រឹទ្ធសភា​ដែលបានត្រូវ​តែងតាំងដោយ​ក្រុមប្រឹក្សា​យោធាថៃ។

លោក Thanathorn បាន​និយាយ​ថា​ពួកគណបក្ស​ប្រឆាំងនឹង​ដាក់ស្នើសេចក្តី​ព្រាង​ច្បាប់​មួយស្តី​ពី​វិសោធនកម្មនេះ​នៅ​ចុង​ខែ​កញ្ញា​ឬ​យូរ​បំផុត​នៅ​ចុង​ឆ្នាំនេះ។លោកដឹង​ថា​មាន​ពិបាក​ច្រើន។ លោក​បាន​ថ្លែង​ថា​ទោះ​ណា​ជា​ពួក​គេ​គ្មាន​ជោគជ័យ​ក៏ដោយ​ក៏ពួក​គេសង្ឃឹម​ថាការ​តស៊ូមតិ​នេះនឹង​នាំ​ឱ្យពួក​គណបក្ស​គ្រប់គ្រង​ប្រទេស​មានការ​សៅហ្មងផងដែរ។​

លោក Thanathorn បាន​និយាយ​ថា«យើង​ដឹង​ថា​ឱកាស​ លទ្ធភាព​នៃមាត្រា​ទាំង​ពីរ​នេះ​ត្រូវអនុម័ត​ដោយ​រដ្ឋសភា​មានតិច​ណាស់។​ យើង​យល់​អំពី​ការណ៍​នេះ​ច្បាស់លាស់ណាស់។ ​ក៏ប៉ុន្តែ​យើងចង់បង្ហាញ​ដល់ប្រជារាស្ត្រថា​តើ​អង្គការ​ណា​ខ្លះ​ គណបក្ស​ណា​ខ្លះ​ដែល​ប្រឆាំងនឹង​ចលនា​នេះ។​ ដូច្នេះ​យើង​ក្រឡេកមើល​ការណ៍​នេះ​ដូច​ជា​កម្មវិធី​នយោបាយ​មួយ យើង​ក្រឡេក​មើលវា​ដូចជា​ចលនា​មួយ ដូចជា​យុទ្ធនាការ​មួយជាជាង​ជា​លទ្ធផល​ចុងក្រោយ...ដើម្បី​ឱ្យមានការ​អនុម័ត​ដល់​សំណើនេះ»។

លោក​ Thanathorn បានថ្លែង​ថា​ពួក​គណបក្ស​នៃ​រណសិរ្ស​ប្រជាធិបតេយ្យ​បានយល់​ស្រប​គ្នា​ធ្វើ​វិសោធនកម្មមាត្រា​ទាំង​នេះ​ជា​គោលដៅ​ធំ​បំផុត​របស់ពួក​គេ«ជា​គោលការណ៍»​ ទោះ​ណា​ជា​លោក​បាន​និយាយ​បន្ថែម​ថា​ «តើ​ត្រូវធ្វើបែបណា? នេះ​ជា​សំណួរ»។

មេដឹកនាំ​រូបនេះ​នៃ​គណបក្ស​ Future Forward មានជំនឿថា​សេចក្តី​សង្ឃឹម​តែ​មួយគត់​របស់ពួកគេគឺ​ធ្វើយ៉ាងណា​យក​ការ​ខឹង​សម្បារ​របស់​ប្រជារាស្ត្រ​មក​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ឱ្យមានការ​ផ្លាស់ប្តូរការ​យល់ឃើញ​ខាង​នយោបាយ​ដែល​អនុគ្រោះ​ដល់​ពួក​គេហើយ​និយាយ​បញ្ចុះ​បញ្ចូល​ពួក​សមាជិក​ព្រឹទ្ធសភា​ឱ្យ​បានគ្រប់គ្រាន់ឱ្យរត់​ចោលជួរ​ពីក្រុម​គណបក្ស​កាន់អំណាច។​

លោក Thanathorn បាន​ថ្លែង​ថា​រណសិរ្ស​របស់លោក​នឹង​កសាង​ការគាំទ្រ​តាមបណ្តាញ អ៊ិនធឺណិត​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្សព្វផ្សាយ​សារនេះ​ហើយ-នៅ​ពេល​ខ្លះ-ផ្សព្វផ្សាយ​តាមផ្លូវ​ផងដែរ។​

លោក​បាននិយាយ​ថា​៖

«ជាយថាហេតុ​ បើ​លោកអ្នកចង់​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ប្រសិនបើ​លោកអ្នកនឹង​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ ជា​ផ្នែក​ឬ​ទាំង​ស្រុង ត្រូវ​តែមាន​ការ​ប្រជុំ rallies មហាជន»។

លោក Somyot Pruksakasemsuk យល់ស្រប​ជាមួយ​មតិនេះ។ ក្រុមនៃ​ប្រជារាស្ត្រ​សាមញ្ញ​របស់លោកដែល​មានឈ្មោះ​ថា​ចលនា​ប្រជាធិបតេយ្យ​សង្គម​កំពុង​ប្រមូល​ហត្ថលេខាពីប្រជារាស្ត្រមានសិទ្ធិបោះឆ្នោតដើម្បី​ដាក់សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ផង​ខ្លួនផ្ទាល់។​ លោកសង្ឃឹម​ថា​នឹងមានឈ្មោះ​អ្នក​ចុះហត្ថលេខា​៥ម៉ឺននាក់ដែល​ក្រុម​នេះ​ត្រូវ​ឱ្យមាន​ដើម្បី​ដាក់​ផែនការ​របស់​ខ្លួនជូន​រដ្ឋសភា​មិន​ហួស​ពី​ដំណាច់ឆ្នាំនេះទេ។​

លោក Somyot បាននិយាយថា៖

​«រដ្ឋធម្មនុញ្ញ​នេះ​កើត​ឡើងពី​រដ្ឋប្រហារយោធា​វាមិនមែន​មក​ពី​ប្រជារាស្ត្រទេ​ វាមិនមែនមកពី​លទ្ធិប្រជាធិបតេយ្យទេ។​ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញនេះដើម្បី​ឱ្យ​យើង​អាចមាន​រដ្ឋាភិបាល​មួយ​ដែល​ប្រាកដ​កើតឡើង​ពី​ប្រជារាស្ត្រ មិនមែន​រដ្ឋាភិបាលមួយ​ដែល​គ្រប់ដណ្តប់​ដោយ​ពួកយោធាទេ។

ជនជាតិ​ថៃភាគច្រើន​ប្រហែល​មានយោបល់​ដូចក្រុមប្រជាធិបតេយ្យ​ទាំង​នេះ​ដែរ។ការ​ស្ទង់មតិ​ថ្មី​បំផុត​មួយ​ដោយ​វិទ្យាស្ថាន​ជាតិខាង​អភិបាលកិច្ច​ការ​អភិវឌ្ឍន៍ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ National Institute of Development Administration បាន​រក​ឃើញ​ថា​ប្រជារាស្ត្រថៃ​ភាគច្រើន​តែ​បន្តិច​មានជំនឿ​ថា​រដ្ឋធម្មនុញ្ញនេះ​មិនប្រជាធិបតេយ្យទេហើយ​ពួក​គេ​គាំទ្រការធ្វើវិសោធនកម្មជា​ពិសេស​មាត្រាទី២៧២។ ក៏​ប៉ុន្តែ​មានតែ​អ្នកត្រូវ​សួរមតិប្រមាណ១ភាគ​៣​ប៉ុណ្ណោះ​ដែល​និយាយថា​ការ​កែប្រែរដ្ឋធម្មនុញ្ញនេះជា​ការ​ត្រូវ​ធ្វើជា​បន្ទាន់។​

ពួក​ជនដែល​ជំរុញ​ឱ្យមានវិសោធនកម្ម​ប្រហែល​មានសម្ព័ន្ធមិត្តមួយ​ក្នុង​រដ្ឋាភិបាលតែម្តង។​ គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​សមាជិក​សំខាន់​មួយ​នៅក្នុង​ក្រុម​ចម្រុះគ្រប់គ្រង​ប្រទេសបានទទូច​ដាក់​ការ​សន្យា​មួយអំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញទៅក្នុង​កញ្ចប់គោលនយោបាយ​របស់រដ្ឋាភិបាល ទោះណា​ជា​គណបក្ស​នេះហាក់​ដូចជា​យកចិត្តទុកដាក់លើការ​បន្ធូរបទបញ្ញត្តិស្តីពីការកែប្រែ​រដ្ឋធម្មនុញ្ញជា​ជាងការ​កាត់បន្ថយ​អំណាច​ព្រឹទ្ធសភា​ក៏ដោយ។

គណបក្ស​ប្រជាធិបតេយ្យមិនឆ្លើយ​តប​នឹងសំណើ​សុំ​សម្ភាសន៍​ទេ។ ​គណបក្ស​ Palang Pracharath ដែល​ជា​គណបក្ស​ធំជាង​គេ​នៅ​ក្នុង​ក្រុម​ចម្រុះគ្រប់គ្រង​ប្រទេស​ក៏មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​សម្ភាសន៍​ច្រើន​ដងដែរ។​

លោក Yutthaporn Issarachai ជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​នៅ​ឯសាកលវិទ្យាល័យ Sukhothai Thammathirat។ ​លោក​បាន​និយាយថា​លោក​មិន​គិត​ថា​រដ្ឋាភិបាល​នឹង​គាំទ្រ​វិសោធនកម្មមាត្រា​រដ្ឋធម្មនុញ្ញ​ណាមួយ​ដែល​រិះគន់​ដល់​ពួក​អ្នក​កាន់អំណាចទេ។​

លោក Issarachai បាន​ថ្លែង​ថា​យុទ្ធនាការ​នេះ​របស់​ពួក​ប្រឆាំង​ប្រហែល​ធ្វើឱ្យ​សៅហ្មង​ដល់​កេរ្តិ៍​ឈ្មោះរបស់​រដ្ឋាភិបាលហើយ​អាច​ធ្វើឱ្យ​គណបក្ស​ក្នុង​ក្រុមចម្រុះ​គ្រប់គ្រង​ប្រទេស​ខាត​បង់សន្លឹក​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​លើកក្រោយ។

​លោក​មិន​រំពឹង​ថា​រដ្ឋាភិបាល​គាំទ្រ​ដោយ​ពួក​យោធា​នឹង​អនុញ្ញាត​ឱ្យមាន​ការ​តវ៉ា​ធំដុំទេ ទោះណា​ជា​ការ​បង្អាក់​គំនាប​សង្កត់របស់​សាធារណជន​ប្រហែល​នាំ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​រត់​ចោលជួរ​ពី​ពួក​ចៅហ្វាយ​ពួក​គេ​ក៏ដោយ។​

លោក Yutthaporn Issarachai បាន​និយាយ​ថា​«ខ្ញុំ​យល់​ថា​ការ​បោះឆ្នោត​របស់ប្រជារាស្ត្រ​នៅ​ខាង​ក្រៅសភា​មិន​អាច​បញ្ចុះ​បញ្ចូល​ពួក​សមាជិក​ព្រឹទ្ធសភា​ឱ្យ​បោះឆ្នោតកែ​ប្រែ​មាត្រា​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ​បានទេ​ពី​ព្រោះពួក​សមាជិក​ព្រឹទ្ធសភា​មក​ពី​ក្រុមប្រឹក្សា​ជាតិសម្រាប់សន្តិភាពនិងរបៀបរៀបរយ​ហៅកាត់ថា NCPO ហើយ​ពួក​គេ​រួបរួម​គ្នា​ណាស់»៕

XS
SM
MD
LG