អ្នកជំនាញថា ការបាញ់មីស៊ីលកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង ទំនងនឹងមិនមានផលប៉ះពាល់ខ្លាំងលើការខំប្រឹងប្រែងខាងការទូតនៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។
សហរដ្ឋអាមេរិកមិនបានលុបចោលការចរចាកម្រិតការងារជាមួយក្រុមមន្រ្តីកូរ៉េខាងជើងនៅខាងក្រៅជំនួបប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេសថៃនៅសប្តាហ៍នេះ ដោយពួកអ្នកជំនាញនិយាយថា ការបាញ់កាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ទំនងជាមិនប្រែក្រឡាស់ការខំប្រឹងប្រែងខាងការទូតនៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនទៅកាន់ទីក្រុងបាងកកនៃប្រទេសថៃកាលពីថ្ងៃអង្គារ ដែលនៅទីនោះលោក នឹងធ្វើជាសហប្រធាននៃជំនួបថ្នាក់រដ្ឋមន្រ្តីរវាងសហរដ្ឋអាមេរិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននៅចុងសប្តាហ៍នេះ។
នៅថ្ងៃទី២ ខែសីហា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo នឹងចូលរួមសន្និសីទកំពូលថ្នាក់រដ្ឋមន្រ្តីរបស់តំបន់អាស៊ីខាងកើត (EAS) វេទិកាតំបន់អាស៊ាន (ARF) និងធ្វើជំនួបទ្វេភាគីជាមួយលោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃដើម្បីពិភាក្សារកមធ្យោបាយពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងថៃ។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទីបញ្ជាការអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ខ្លួននឹងបន្តគាំទ្រវិធានការដែលស្ថាបនាទំនុកចិត្តដែលរៀបចំវេទិកាសម្រាប់ការសន្ទនា និងសម្រាប់ពួកអ្នកការទូតដើម្បីធ្វើការឆ្ពោះទៅកាន់សន្តិភាពអចិន្រ្តៃយ៍ ហើយនឹងត្រួតពិនិត្យពេញលេញជាចុងក្រោយអំពីការរំសាយអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង។
បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកនៅពេលថ្មីៗបំផុតរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានស្នើថា ការចរចាអាចនៅបន្ត។
ជំនួបរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo ជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏កើតមានឡើងនៅពេលដែលមានចំណាត់ការកើនឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ជាតំបន់សម្បូរដោយធនធានដែលបានទាមទារដោយសមាជិកខ្លះរបស់សមាគមអាស៊ានដូចជា ប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម កោះតៃវ៉ាន់និងប្រទេសចិន។
ចិន បានចាក់ដីធ្វើកោះនិងកន្លែងយោធាក្នុងមួយទសវត្សរ៍កន្លងមកនេះ។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិកនិយាយថា «យើងមានការចាប់អារម្មណ៍ក្នុងការធ្វើឲ្យប្រាកដដថា មានស្ថិរភាពនៅទីនោះ»។
សហរដ្ឋអាមេរិកជំទាស់ប្រឆាំងយ៉ាងខ្លាំងចំពោះការខំប្រឹងប្រែងរបស់ចិនដែលទាមទារដែនសមុទ្រខុសច្បាប់ក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងអំពាវនាវឲ្យមានក្រមប្រតិបត្តិរវាងចិននិងសមាគមអាស៊ានទៅតាមច្បាប់អន្តរជាតិដែលមានស្រាប់។
លោក Ortagus បានប្រាប់ VOA ក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា «យើងមានការព្រួយកង្វល់យ៉ាងខ្លាំង»។ លោកនិយាយសំដៅដល់ការបាញ់បង្ហោះកាំជ្រួចមីស៊ីលប្រឆាំងនឹងកប៉ាល់កាលពីពេលថ្មីៗនេះដោយបាញ់ចេញពីកោះដែលទើបស្ថាបនានៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយនឹងការប្រឈមមុខគ្នារវាងចិននិងវៀតណាម។
កាលពីសប្តាហ៍មុន វៀតណាម បានជំរុញឲ្យកប៉ាល់របស់រដ្ឋាភិបាលចិនក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ចាកចេញជាបន្ទាន់នៅពេលដែលការប្រឈមមុខកើនឡើងរវាងប្រទេសទាំង២អំពីការងារសិក្សាភូគព្វសាស្រ្តរបស់ចិន កំពុងដំណើការ។ ចិនបានសុំឲ្យវៀតណាមគោរពសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ចិនលើតំបន់នៅជិតប្រជុំកោះ Spratly ដែលមានជម្លោះ។ វៀតណាមបាននិយាយថា សកម្មភាពរបស់នាវាចិន សិ្ថតនៅក្នុងដែនទឹករបស់វៀតណាម។
លោក Eliot Engel ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះស្តីពីការជ្រៀតជ្រែករបស់ចិនក្នុងផ្ទៃទឹកដែលត្រួតត្រាដោយវៀតណាម។
លោក Engel បានមានប្រសាសន៍ថា «ភាពគឃ្លើនកាលពីពេលថ្មីៗនេះរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ជាការបង្ហាញនូវការរំខានរបស់ប្រទេសនោះរំលោភដោយបើកចំហរលើច្បាប់អន្តរជាតិ។ ហើយសំខាន់ជាងនោះទៀត ឥរិយាបទរបស់ចិនបានគំរាមកំហែងផលប្រយោជន៍របស់ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ»។
បន្ទាប់ពីប្រទេសថៃ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo នឹងធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីនៅថ្ងៃទី៤ ខែសីហា។ លោក Mark Esper រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកដែលស្បថចូលកាន់ដំណែងថ្មី នឹងចូលរួមជាមួយលោក Pompeo នៅក្នុងទីក្រុងស៊ីដនីដើម្បីចូលរួមកិច្ចពិគ្រោះថ្នាក់រដ្ឋមន្រ្តីរវាងអូស្រ្តាលីនិងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយជឹង ប៉ូជីន