ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​ទស្សន៍ទាយ​ថា​បម្រែបម្រួល​អាកាសធាតុ​នឹង​បង្កើន​ចំនួន​ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ


រូបថតឯកសារ៖ កុមារ​​ដែល​ខ្វះ​អាហារូបត្ថម្ភ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ Bentiu ប្រទេស​ស៊ូដង់​ខាង​ត្បូង។
រូបថតឯកសារ៖ កុមារ​​ដែល​ខ្វះ​អាហារូបត្ថម្ភ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ Bentiu ប្រទេស​ស៊ូដង់​ខាង​ត្បូង។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ​បម្រែបម្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ចំនួន​ក្មេង​រងគ្រោះ​ដោយ​សារ​តែ​ខ្វះ​ជីវជាតិកើន​ឡើង​ ដែល​បច្ចុប្បន្ន​នេះ​ ជា​មូលហេតុ​ចម្បង​ទី​៣​ដែល​បណ្ដាល​ឲ្យ​ក្មេងៗ​​បាត់​បង់​ជីវិត។

ប្រសិន​បើ​បម្រែបម្រួល​អាកាសធាតុ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​នោះ​ទេ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ចំនួន​ក្មេង​រងគ្រោះ​ដោយ​សារ​តែ​ខ្វះ​ជីវជាតិ​នឹង​មាន​ការ​កើន​ឡើង​ ដែល​បច្ចុប្បន្ន​នេះ​ ជា​មូលហេតុ​ចម្បង​ទី​៣​ដែល​បណ្ដាល​ឲ្យ​ក្មេងៗ​នៅ​ទូទាំង​សាកលលោក​បាត់​បង់​ជីវិត។​ ស្ថានភាព​អាកាស​ធាតុ​ដ៏​អាក្រក់​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​បំផ្លាញ​ដំណាំ​ដែល​ជា​ប្រភព​អាហារូបត្ថម្ភ​ចម្បង​សម្រាប់​មនុស្ស​រាប់​ពាន់​លាន​នាក់។​ ​

នៅ​លើ​ពិភពលោក​មាន​កុមារ​អាយុ​ក្រោម​៥ឆ្នាំ​ចំនួន​៧លាន​នាក់​រង​គ្រោះ​ដោយ​សារ​បញ្ហា​កង្វះ​ជីវជាតិ​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។​ មួយ​ភាគ​បី​នៃ​អ្នក​ទាំង​នោះ​ បាន​ស្លាប់​ដោយ​សារ​ភាព​អត់​ឃ្លាន​ ឬ​ពី​ជំងឺ​ឆ្លង​ដែល​តាម​យាយី​កុមារ​តូចៗ​ដែល​មាន​សភាព​ខ្សោយ​ដោយ​សារ​មិន​មាន​អាហារ​គ្រប់​គ្រាន់។

ភាគ​ច្រើន​នៃ​កុមារ​ទាំង​នោះ​ រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។​

អ្នកវិទ្យាសាស្ត្រ​ដូច​លោក​ស្រី​ Revati K. Phalkey​ បាន​ទស្សន៍ទាយ​ថា​ ជីវិត​កុមារ​រាប់​លាន​នាក់​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថា្នក់​ទៅ​ថ្ងៃ​អនាគត​ ដោយ​សារ​តែ​បញ្ហា​អត់​ឃ្លាន​ និង​ពុំ​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ ព្រោះ​តែ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។​

«អ្វី​ដែល​ពួកយើង​កំពុង​ព្យាយាម​និយាយ​គឺ​ថា​ នៅ​ឆ្នាំ​២០៥០​ បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​នឹង​ធ្វើ​ឲ្យ​កុមារ​ចំនួន​ ២៥​លាន​នាក់​បន្ថែម​ទៀត​ ខ្វះ​អាហារូបត្ថម្ភ​ ពិសេស​នៅ​តំបន់​អាស៊ី​ និង​តំបន់​អនុតំបន់​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្រ្វិក (Sub-Saharian Africa)។​

លោកស្រី​ Phalkey​ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ Heidelberg ប្រទេស​អាល្លឺម៉ង់។ លោកស្រី​ ជា​សហ​និពន្ធ​អត្ថបទ​ចេញ​ផ្សាយ​នៅ​ឯ​ វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ Preceedings of the National Academy of Sciences (PNAS) ​ដែល​ពិនិត្យ​ឯកសារ​ការ​សិក្សា​ចំនួន​១៥ ដែល​មើល​ទៅ​លើ​ផល​ប៉ះពាល់​មក​ពី​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ទៅ​លើ​អាហារូបត្ថម្ភ​របស់​កុមារ។​

៨០ភាគរយ​នៃ​ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា​ ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​នឹង​បំផ្លាញ​ដំណាំ​ ដែល​ជា​ប្រភព​ចម្បង​នៃ​ចំណី​អាហារ​សម្រាប់​កុមារ​ នៅ​ទូទាំង​សាកលលោក។​

លោក​ Rainer​ Sauerborn​ មិត្ត​រួម​ការ​ងារ​របស់​លោកស្រី​ Phalkey​ គឺ​ជា​អ្នក​និពន្ធ​ជាន់ខ្ពស់​ដែល​និពន្ធ​អត្ថបទ​ PNAS។​

«ពួកយើង​នឹង​មាន​ស្ថានភាព​អាកាសធាតុ​កាន់​តែ​អាក្រក់​ជាង​មុន។​ នឹង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ គ្រោះ​រាំង​ស្ងួត​ និង​រដូវ​កាល​មិន​ទៀងទាត់។​ ឧទាហរណ៍​ ពេល​រដូវ​ភ្លៀង​មក​ដល់​ បន្ទាប់​មក​ក៏​ឈប់​ភ្លៀង​ ហើយ​សហការី​របស់​យើង​ដែល​ធ្វើការ​ផ្នែក​កសិកម្ម​ ប្រាប់​ពួក​យើង​ថា​កត្តា​ទាំង​នេះ​នឹង​បណ្តាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​ទិន្នផល​កសិកម្ម‍»។

លោក​ Sauerborn និង​លោកស្រី​ Phalkey ថ្លែង​ពី Burkina Faso ដែល​ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាង​លិច​ ដែលមាន​កុមារ​រង​គ្រោះ​ដោយ​កង្វះ​អាហារូបត្ថម្ភ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។​

«ពួក​យើង​ព្យាយាម​លើក​យក​បញ្ហា​សុខភាព​មនុស្ស​ទូទៅ​មក​ជា​គោល និង​លើក​ឡើង​ថា​ មាន​អ្នក​ខ្លះ​បារម្ភ​ពី​ ខ្លាឃ្មុំ​ Koala និង​ ខ្លាឃ្មុំ​ទឹកកក​ ប៉ុន្តែ​មនុស្ស​ភាគច្រើន​បារម្ភ​ពី​កុមារ ពីកូន​ ពីចៅ​ ពីចៅ​តួត​របស់​ពួកគេដែល​ខ្វះ​អាហារូបត្ថម្ភ​ ច្រើន​ជាង​ ពីព្រោះ​ពួកគេ​នឹង​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ‍»។​

កិច្ច​ប្រជុំអន្តរជាតិ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​នៅ​ចុង​ឆ្នាំ​ ២០១៥​ ក្នុងគោល​បំណងធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ពន្យឺត​អាត្រា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដូច្នេះហើយ​ជំហាន​ដំបូង​នៃ​ការ​ពិភាក្សា​ពី​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ៕​

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

អត្ថបទ​ទាក់ទង

XS
SM
MD
LG