លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងមួយអំពីការប្រែប្រួលធាតុអាកាសសាកលដែលត្រូវបានសម្រេចកាលពីថ្ងៃអាទិត្យនៅក្នុងប្រទេសប៉េរូ (Peru) បានរៀបចំឱ្យមានកិច្ចព្រមព្រៀង «សាកល និងមានន័យ» មួយនៅឆ្នាំក្រោយទោះបីជាក្រុមការពារបរិស្ថានបានរិះគន់កិច្ចព្រមព្រៀងនៅក្រុងលីម៉ា (Lima) នេះថាជាកិច្ចព្រមព្រៀងខ្សោយក៏ដោយ។
លោកអគ្គលេខាធិការអ.ស.ប.បានសរសើរលទ្ធផលនៃសន្និសីទនេះក្នុងប្រទេសប៉េរូ នៅពេលដែលលោកបានស្នើដល់ប្រទេសនានាលើសកលលោកឱ្យធ្វើ «កិច្ចចរចាដែលមានសារៈសំខាន់» នៅមុនការប្រជុំមួយទៀតអំពីការប្រែប្រួលធាតុអាកាសនៅក្រុងប៉ារីស នៅចុងឆ្នាំ២០១៥។
លោក បាន គីមូន បានមានប្រសាសន៍ថា ប្រទេសសេដ្ឋកិច្ចធំៗក្នុងពិភពលោកគួរផ្តល់ «ការប្តេជ្ញាជាតិប្រកបដោយមហិច្ឆតា» របស់ខ្លួនឱ្យបានមុនសន្និសីទក្រុងប៉ារីស។
កិច្ចព្រមព្រៀងនៅក្រុងលីម៉ា ត្រូវបានអនុម័តតែប៉ុន្មានម៉ោងក្រោយពីសេចក្តីព្រាងមុនៗបានត្រូវច្រានចោលដោយប្រទេសកំពុងអភិវឌ្ឍដែលបានចោទប្រកាន់ប្រទេសជាតិសម្បូរធនធានថាបានគេចវេះពីការទទួលខុសត្រូវនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅពិភពលោកនិងសំណងលើផលប៉ះពាល់នៃការឡើងកម្តៅពិភពលោក៕