លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងកាលពីថ្ងៃពុធថា ការប្រែប្រួលធាតុអាកាសនៅក្នុងពិភពលោក បានធ្វើឲ្យមានគ្រោះថ្នាក់ភ្លាមៗដល់សន្តិសុខជាតិរបស់ស.រ.អា. ដោយដំឡើងលទ្ធភាពនៃមហន្តរាយធម្មជាតិ និងវិបត្តិមនុស្សធម៌។
លោកប្រធានាធិបតីស.រ.អា. បានថ្លែងប្រាប់ក្រុមនិស្សិតបញ្ចប់បណ្ឌិតសភាឆ្មាំឆ្នេរសមុទ្រស.រ.អា.ហៅជាភាសាអង់គ្លេសថា US Coast Guard Academy នៅរដ្ឋ Connecticut ថា ផលវិបាកនៃការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ទៅលើមធ្យោបាយដែលកងយោធាធ្វើការការពារស.រ.អា. ហើយថាពិភពលោកត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ផលវិបាកនៃការឡើងសីតុណ្ហភាពក្នុងពិភពលោក។
លោក អូបាម៉ា ថ្លែងថា៖ «ការប្រែប្រួលធាតុអាកាស ជាពិសេសការឡើងកំពស់ទឹកសមុទ្រ ជាការគំរាមទៅលើសន្តិសុខនៃមាតុភូមិរបស់យើង ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង ទៅលើសុវត្ថភាពនិងសុខភាពរបស់ពលរដ្ឋអាមេរិកាំង។ ការប្រែប្រួលអាកាសធាតុនឹងគំរាមកំហែងទៅលើការត្រៀមខ្លួនរបស់កងទ័ពយើង។ បន្ទាយទាហានរបស់យើងជាច្រើនស្ថិតនៅតាមឆ្នេរសមុទ្រ រួមទាំងស្ថានីយ៍របស់កងឆ្មាំឆ្នេរសមុទ្រដោយជាក់ស្តែង។ នៅក្រុង Norfolk រដ្ឋ Virginia ទឹកជោរនិងខ្យល់ព្យុះ ធ្វើឲ្យទឹកលិចនៅកន្លែងច្រើនឡើងក្នុងមូលដ្ឋានកងទ័ពជើងទឹកនិងជើងអាកាសរបស់យើង។ នៅរដ្ឋ Alaska ការរលាយទឹកកកបានធ្វើឲ្យខូចខាតដល់អាគារជាច្រើននៅក្នុងមូលដ្ឋានកងទ័ពរបស់យើង។ នៅតំបន់ភាគខាងលិច ភាពរាំងស្ងួតដ៏យូរនិងអគ្គីភ័យយ៉ាងយូរ អាចគំរាមទៅលើកន្លែងដែលកងទ័ពយើងធ្វើការហ្វឹកហាត់»៕