អ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដ១៩ នៅពេលសាលារៀនក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា។ នេះជាការលើកឡើងរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
អ្នកស្រីបានថ្លែងថាមានការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមួយទៀត ហៅថា «MU» ដែលកំពុងឆ្លងរាតត្បាតនៅបណ្តាប្រទេសជាង៣០នៅលើពិភពលោក ហើយករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានកំណើនឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងបទសម្ភាសន៍នៃពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១នៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែកញ្ញា អ្នកស្រី ឱ វណ្ឌឌីន បានប្រាប់សារព័ត៌មាន Freshnews ថា៖ «សម្រាប់វីរុស MU នេះ ខ្ញុំអត់ទាន់ទទួលបានព័ត៌មានស្តីពីវត្តមានរបស់ MU នេះនៅឡើយទេ។ ប៉ុន្តែអ្វីដែលជាការសម្គាល់របស់យើងគឺបណ្តាប្រទេស៣០-៤០ ប្រទេសហើយនៅលើសាកលលោកមានការឆ្លងនូវវីរុសប្រភេទ MU នេះ។ អញ្ចឹងមិនខុសអីពី Alpha មិនខុសអីពី Delta ទេ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបន្តអនុវត្តនូវការការពារ ទប់ស្កាត់នូវការចម្លងនូវវីរុសកូវីដ១៩នោះទេ ខ្ញុំគិតថាវីរុសប្រភេទ MU នេះប្រហែលជាហ្នឹងអាច[ឆ្លងរាតត្បាត]»។
កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសមួយ ដោយអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ និងមិនត្រូវពឹងផ្អែកទាំងស្រុងលើការចាក់វ៉ាក់សាំងរួចហើយ។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីមានការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ សាជាថ្មីនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីក្នុងប្រទេស ដែលមិនមែនជាការនាំចូលប្រមាណ៥០០នាក់ ដែលនាំឲ្យករណីឆ្លងសរុបបានកើនឡើងដល់ជាងមួយម៉ឺននាក់។ ចំណែកករណីស្លាប់ថ្មីមានចំនួន៩នាក់ ដែលនាំឲ្យករណីស្លាប់សរុបបានកើនឡើងដល់២.០៥៨នាក់។
កំណើនឡើងវិញនេះ កើតឡើងស្របពេលដែលកម្ពុជាកំពុងរៀបចំបើកសាលារៀនឡើងវិញនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ហើយរដ្ឋបាលខេត្តមួយចំនួនក៏ប្រកាសបើកសាលារៀនជាបន្តបន្ទាប់។
អ្នកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជា បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអ្នកស្រីមានការព្រួយបារម្ភជុំវិញការឆ្លងជំងឺកូវីដ១៩ នៅពេលដែលមានការបើកសាលារៀនឡើងវិញ។
អ្នកស្រីនិយាយថា៖ «ចំពោះខ្ញុំ ប្រសិនបើកូវីដ១៩ មិនទាន់ផុតរលត់ គឺនៅតែមានបញ្ហាប្រឈមនៅក្នុងការបើកសាលា។ វាអាចទៅជាធ្ងន់ជាងបរិបទចាស់ផង។ នេះជាការមួយដែលយើងព្រួយបារម្ភ»។
អ្នកស្រីស្នើឲ្យពិចារណាពន្យារការបើកដំណើរការសាលារៀននៅពេលនេះ ដោយរង់ចាំការធានាបញ្ជាក់ពីក្រសួងសុខាភិបាលថាមានលទ្ធភាពអាចគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ នៅតាមសាលារៀនបាន។
កាលពីដើមខែកញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យសាលារៀនគ្រប់កម្រិតនៅតាមបណ្តាខេត្ត ដែលគ្មានហានិភ័យ ឬមានកម្រិតឆ្លងជំងឺកូវីដ១៩ទាប បើកដំណើរការឡើងវិញ ដោយតម្រូវឲ្យមានការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលតឹងរ៉ឹង រួមមានការកំណត់ចំនួនសិស្សតាមថ្នាក់រៀនជាដើម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានចោទសួរពាក់ព័ន្ធនឹងសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ សម្រាប់សិស្ស នៅពេលមានការបើកសាលារៀនឡើងវិញ។ លោកឲ្យដឹងថាលោកមិនគាំទ្រការបើកសាលារៀនឡើងវិញនោះទេ ប្រសិនបើមិនមានការវាយតម្លៃ និងអនុវត្តវិធានការផ្សេងៗពេញលេញ អំឡុងពេលមានការបន្តរាតត្បាតជំងឺកូវីដ១៩។
លោកថ្លែងថា៖ «ហើយបើសិនជាការធ្វើការវាយតម្លៃប៉ាន់ស្មានអំពីការឆ្លងរាលដាល និងការគ្រប់គ្រងហានិភ័យនេះ មិនបានច្បាស់លាស់ទេបាទ។ ការបើកសាលាឡើងវិញគឺជាការប្រថុយប្រថានមួយយ៉ាងខ្ពស់»។
លោក យង់ គិមអេង ក៏បានជំរុញឲ្យមានការសិក្សាបន្ថែមពីប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី១ និងទី២ ក៏ដូចជាដូសទី៣ ដែលជាដូសជំរុញផងដែរ ទៅលើការការពារប្រឆាំងនឹងជំងឺកូវីដ១៩ចំពោះកុមារ និងមនុស្សពេញវ័យនៅកម្ពុជាផងដែរ ស្របពេលមានវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីជាបន្តបន្ទាប់។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លើកឡើងពីតម្រូវការឲ្យមានការពិនិត្យដិតដល់ពីសំណាក់ក្រសួងសុខាភិបាលចំពោះសិស្ស នៅពេលមានការបើកសាលារៀនឡើងវិញ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង សុខភាពរបស់សិស្ស និងការប្រាស្រ័យទាក់ទងគ្នាតាមសាលារៀន ដែលអាចបណ្តាលឲ្យមានការឆ្លងជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «បើសិនជាក្រសួងសុខាភិបាលគាត់ចែកមន្រ្តីសុខាភិបាលដែលមានឆន្ទៈល្អៗ ចុះជួយមើលកុមារ ញែកទាំងបីហ្នឹងច្បាស់លាស់ គឺថាយើងនឹងឈ្នះកូវីដបាទ»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបាននៅឡើយទេ។
គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងតិចមួយដូសជូនពលរដ្ឋបានប្រមាណ១១,៥លាននាក់ ក្នុងនោះកុមារអាយុចន្លោះ១២ទៅ១៨ឆ្នាំបានជាង១,៧លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕