ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ​កំពុង​ស្វះស្វែង​ឱ្យ​មាន​ការ​វិនិយោគ​ពី​ជប៉ុន​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​លើកទី១​នៅ​កម្ពុជា


រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ ​នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ ​នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ស្វះស្វែង​ឱ្យ​មាន​ការ​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​៨​រយ​លាន​ដុល្លារ​អាមេរិក​ពី​អ្នក​វិនិយោគ​ជប៉ុន​ ​ក្នុង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដំបូង​គេបង្អស់​ ​មួយ​ខ្សែរ​ពី​កណ្តាល​ក្រុង​ភ្នំពេញទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ​ហ៊ុន សែន។

​ក្នុង​វីដេអូ​ស្តីពី​ការ​ជួបសន្ទនា​រវាង​លោក​ ​ហ៊ុន សែន​ និង​និសិ្សត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​ឱ្យ​ដឹង​ថា​លោក​ ​ហ៊ុន សែន​ ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក​ចំនួន​៣​ថ្ងៃ។​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​ចាប់​ផ្តើម​នាថ្ងៃ​ចន្ទ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​នឹង​គ្រោង​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ស៊ីនហ្សូ អាបេ​ ចុះហត្ថលេខា​លើ​គម្រោង​ហិរញ្ញប្បទាន​ឥតសំណង​និង​ឥណទាន​សប្បាទាន​សម្រាប់​ការ​អភិវឌ្ឍន៍​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​២៤០លាន​ដុល្លារ​អាមេរិក នឹង​ស្នើ​ឲ្យ​មាន​វិនិយោគ​ទុន​ជប៉ុន​មក​កម្ពុជា​មន្ថែម​ទៀត។

​ក្នុង​វីដេអូ​ដែល​ផ្សាយតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ ​បាន​ឲ្យ​ដឹង​ក្នុង​ន័យ​ដើម​ថា៖​

​«នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន​៣ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន​ ​សមេ្តច​តេជោ​នឹង​ជួប​ពិភាក្សា​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ​ស៊ីនហ្សូ អាបេ​ ​ហើយ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​ពីរ​ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២៤០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ទន្នឹម​នឹង​នោះ​ដែរ​ សម្តេច​តេជោនឹង​ពិភាក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ពី​រាជធានី​ភ្នំពេញ​ ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​គ្រោង​នឹង​ស្នើ​ក្នុង​ជំនួប​នោះ​ដែរ»។

​លោក​ ​ហ៊ុន សែន​ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន​ ​ជាទី​ដែល​លោក​ណាត់​ជួប​ផ្ទាល់​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ​ស៊ីនហ្សូ​ អាបេ។ ក្នុង​ដំណើរ​ទស្សកិច្ច​ថ្ងៃ​ដំបូង​ ​នា​ថ្ងៃ​ចន្ទ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ចូល​គាល់​ព្រះ​រាជទាយាទ​ ​Naruhito និង​ប្រធាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន។

​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ គ្រោង​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃ​ពុធ​ខាង​មុខ​ ក្រោយ​ពី​ជំនួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ស៊ីនហ្សូ អាបេ​ ​និង​ការ​ស្វះស្វែង​ឱ្យ​មាន​ការ​វិនិយោគ​ជប៉ុន​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG