អ្នកជំនាញមកពីប្រទេសជប៉ុនបានរកឃើញថា បញ្ជីឈ្មោះបោះឆ្នោតក្នុងប្រទេសកម្ពុជាកន្លងមកពិតជាមានភាពមិនប្រក្រតីប្រាកដមែន ដែលបង្កឲ្យមានការតវ៉ាអំពីលទ្ធផលបោះឆ្នោតថា គណបក្សគ្រប់គ្រងអំណាចបានឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។
ការប្រកាសការរកឃើញនេះធ្វើឡើងនៅក្នុងជំនួបរវាងក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ជាមួយអ្នកជំនាញការបោះឆ្នោតមកពីជប៉ុន។
ក្រោយពីជំនួបអស់រយៈពេលជិត៣ម៉ោង ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក Kumamaru Yuji តំណាងឲ្យក្រុមជំនាញការជប៉ុនបានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅឯមន្ទីររដ្ឋសភាថា ក្រុមជំនាញរបស់ជប៉ុនបានរកឃើញថា ភាពមិនក្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតត្រូវតែគណបក្សទាំងពីរជជែកគ្នាឡើយវិញនូវដំណើរការចុះឈ្មោះបោះឆ្នោតសារជាថ្មី។
លោកមានប្រសាសន៍ថា ក្រុមអ្នកបចេ្ចកទេសមកពីប្រទេសជប៉ុនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយកម្ពុជាក្នុងការរៀបចំបញ្ជីឈ្មោះបោះឆ្នោតឡើងវិញដើម្បីឲ្យការបោះឆ្នោតលើកក្រោយៗទៀតទទួលយកបានពីគ្រប់ភាគីទាំងអស់។
លោកនិយាយថា៖«យើងមានឆន្ទៈក្នុងការកែប្រែប្រព័ន្ធបោះឆ្នោតដើម្បីផលប្រយោជន៍នៃការធានាថា ការបោះឆ្នោតលើកក្រោយប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់គ្រប់ការបោះឆ្នោតទាំងអស់ មិនមែនត្រឹមតែលើកក្រោយនេះទេគឺសម្រាប់ការបោះឆ្នោតនាពេលអនាគត»។
ជំនួបរវាងក្រុមជំនាញមកពីប្រទេសជប៉ុនជាមួយនិងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានចូលយកព័ត៌មានទេ។ ក៏ប៉ុន្តែក្រុមអ្នកសារព័ត៌មានត្រូវបានអនុញ្ញាត បន្ទាប់ពីក្រុមអ្នកជំនាញមកពីប្រទេសជប៉ុនជួបជាមួយលោកកឹម សុខា អនុប្រធានទី១រដ្ឋសភានិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោកគួយ ប៊ុនរឿន ប្រធានក្រុមការងារបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់អ្នកកាសែតថា ប្រទេសជប៉ុនបានរកឃើញរចនាសម្ព័ន្ធដែលមានទំនាស់នៅក្នុងការបោះឆ្នោត ដែលរួមមានបញ្ហាច្បាប់ កង្វះខាតមន្ត្រី និងភាពមិនទុកចិត្តចំពោះសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងការដោះស្រាយវិវាទមិនបានត្រឹមត្រូវអាចបង្កឲ្យមានវិបត្តិនយោបាយក្រោយការបោះឆ្នោត។
លោកនិយាយថា៖«សម្រាប់គណបក្សសង្គ្រោះជាតិគឺគាំទ្រ១០០ភាគរយ។ អ្វីដែលជាលទ្ធផលរបស់ជប៉ុនដែលបានរកឃើញហ្នឹងគឺមិនខុសពីអ្វីគណបក្សសង្គ្រោះជាតិបានចងឯកសារអំពីភាពមិនប្រក្រតី ក៏ដូចជាអង្គការសង្គមស៊ីវិលដែលសង្កេតការណ៍ការបោះឆ្នោតដូចគ្នាអញ្ចឹងដែរ។ ដូច្នេះយើងគាំទ្រនូវរបាយការណ៍នៃការស្រាវជា្រវរបស់ជប៉ុន»។
លោកប៊ិន ឈិន ប្រធានក្រុមការងារខាងគណបក្សប្រជាជនកម្ពុជា បានគេចចេញពីក្រុមអ្នកកាសែត។ វីអូអេព្យាយាមទាក់ទងតាមទូរស័ព្ទសុំការឆ្លើយតបពីលោកព្រំ សុខា និងលោកសក់ សេដ្ឋា សមាជិកក្រុមការងារខាងគណបក្សប្រជាជន តែមិនអាចទាក់ទងបានដោយទូរស័ព្ទពុំមានអ្នកទទួល។
គណបក្សប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោតធ្លាប់បានរកឃើញបញ្ជីឈ្មោះបោះឆ្នោតមានភាពមិនប្រក្រតីនិងមានឈ្មោះប្រមាណជាង១លាននាក់ត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត៕