លោក Sylvain Vogel ជនជាតិបារាំង កើតនៅតំបន់ Alsace-Lorraine ដែលនិយាយភាសាបារាំងនិងអាល្លឺម៉ង់។ ក្រោយមក លោករៀនចេះស្ទាត់ភាសាជាច្រើនទៀត ដូចជាភាសាអង់គ្លេស ព័រទុយហ្កាល់ ហ្វាស៊ី ប៉ាស្ទូ និងភាសាខ្មែរជាដើម។
លោក Vogel បានចំណាយពេលជាច្រើននៃរយៈពេល២៥ឆ្នាំចុងក្រោយនេះសិក្សា ស្រាវជ្រាវ បង្រៀន និងជួយដល់ការកកើតឡើងវិញនូវការទទួលបានអាហារូបករណ៍សម្រាប់និស្សិតខ្មែរឲ្យទៅសិក្សានៅបរទេស ក្រោយពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះឆ្លងកាត់ការគាបសង្កត់និងការប្រឆាំងនឹងបញ្ញវន្តក្នុងរបបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះ សព្វថ្ងៃកំពុងបង្រៀនភាសាវិទ្យានិងភាសាសំស្រ្កឹតដែលជាភាសាមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភាសាខ្មែរ។ក្រៅពីបង្រៀន លោកក៏បានធ្វើគម្រោងមួយដែលលោកស្រឡាញ់ចូលចិត្ត ដោយចងក្រងជាសៀវភៅអំពីភាសានិងវប្បធម៌ជនជាតិពូនង ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០មក។ ភាសាដែលមានតែភាសានិយាយ មិនមានសរសេរជាអក្សរនេះ គឺជាភាសារបស់ជនជាតិដើមភាគតិចពូនង ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងកំពុងរងការគំរាមកំហែងពីទំនើបភាវូនីយកម្មនិងការទន្ទ្រានពីប្រជាជនខ្មែរនិងការវិនិយោគបរទេស។
កាលពីដើមឆ្នាំនេះ ការខិតខំប្រឹងប្រែងរបស់លោក Vogel ក្នុងការជួយឲ្យនិស្សិតខ្មែរទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសនិងការស្រាវជ្រាវឯករាជ្យរបស់លោកទៅលើភាសានិងវប្បធម៌ពូនងបានទទួលការលើកស្ទួយ តាមរយៈការទទួលស្គាល់ស្នាដៃការងារពីមូលនិធិ Fainting Robin។ មូលនិធិអាមេរិកដែលគាំទ្របញ្ញវន្តឯករាជ្យនេះ បានប្រកាសកាលពីខែមីនាថា លោកVogel គឺជាមនុស្សដំបូងគេបង្អស់ដែលទទួលបានរង្វាន់«បញ្ញវន្តកិត្តិយស» ឬជាភាសាអង់គ្លេសហៅថា “distinguished scholar។
ការស្រាវជ្រាវរបស់លោក Vogel ភាគច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអំពីភាសានិងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចពូនង ត្រូវបានធ្វើឡើងដោយចំណាយថវិកាផ្ទាល់របស់លោក។ នេះបើយោងតាមការបញ្ជាក់របស់លោក Peter Maguire ដែលជាប្រធាននៃមូលនិធិ Fainting Robin នេះ។
លោក Maguire ដែលជាអ្នកនិពន្ធសៀវភៅនិងជាប្រវត្តិវិទូ ហើយក៏ជាស្ថាបនិកមូលនិធិនៅក្នុងទីក្រុង Wilmington រដ្ឋ North Carolina មួយនេះផងនោះ បានថ្លែងថា «វាគឺជាគម្រោងមួយដែលលោក[Vogel] បានចំណាយពេលវេលាជិត២០ឆ្នាំ ដោយគ្មានការឧបត្ថម្ភពីខាងក្រៅ ឬមានការឧបត្ថម្ភពីខាងក្រៅបន្តិចបន្តួចតែប៉ុណ្ណោះ»។
លោក ច័ន្ទ សំណព្វ ដែលជានិស្សិតខ្មែរដំបូងបំផុតម្នាក់របស់លោក Vogel ហើយឥឡូវនេះជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា «គាត់[លោក Vogel] គឺជាធនធានមួយដែលមិនអាចខ្វះបានទេនៅកម្ពុជា»។
លោក Vogel បានជួបជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចពូនងកាលពីឆ្នាំ១៩៩៤។ លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើភាសាពូនងដែលមិនមានភាសាសរសេរនេះ ក៏ដូចជាទំនៀមទម្លាប់រស់នៅដ៏សម្បូរបែបរបស់ពួកគេដែលនិយាយប្រាប់តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។
លោក Vogel បានថ្លែងប្រាប់ VOA ថា «ខ្ញុំដឹងថា ភាសាពូនងស្ថិតក្នុងអំបូរខ្មែរមនដែរ។ ដោយសារខ្ញុំជាអ្នកភាសាវិទ្យា ខ្ញុំត្រូវតែរៀនភាសាពូនងដែរដើម្បីប្រៀបធៀបភាសាខ្មែរនិងភាសាពូនង»។
លោក Vogel ចូលចិត្តជីវភាពរស់នៅបែបសហគមន៍នៅក្នុងព្រៃ។ លោកបានចាប់ផ្តើមចូលទៅរស់នៅជាមួយសហគមន៍ជនជាតិដើមភាគតិចពូនងនិងរស់នៅក្នុងជារបៀបប្រចាំថ្ងៃរបស់ពួកគេនៅក្នុងភូមិដាច់ស្រយាលរយៈពេលរាប់ថ្ងៃ ហើយពេលខ្លះដល់ទៅរាប់សប្តាហ៍។
ការនិយាយភាសាពូនងបានយ៉ាងស្ទាត់ជំនាញ គឺដោយសារតែលោក Vogel បានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងជនជាតិដើមភាគតិចពូនង។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក លោកបានសង្កេតឃើញថា ការរស់នៅក្នុងព្រៃរបស់ពួកគេមានការផ្លាស់ប្ដូរ។
ប្រព័ន្ធគ្រប់គ្រងដែលមានមេភូមិនិងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិជាអ្នកគ្រប់គ្រងបានប្រែក្លាយទៅជាការគ្រប់គ្រងដោយមន្ត្រីរដ្ឋបាលនិងមន្ត្រីថ្នាក់ខេត្តវិញ។ កុមារជនជាតិដើមភាគតិចពូនងត្រូវបានលើកទឹកចិត្តឲ្យចូលរៀននៅសាលាដែលរៀនភាសាខ្មែរ រៀនកុំព្យូទ័រនិងភាសាអង់គ្លេស។
តើការបាត់បង់ភាសាមួយមានន័យយ៉ាងណា?
លោក Vogel បានសម្តែងការព្រួយបារម្ភរបស់លោក ទៅលើលទ្ធភាពនៃការបាត់បង់ភាសានិងទំនៀមទម្លាប់ពូនង។
លោក Vogel បានថ្លែងថា «ភាសាពូនងអត់សូវមានតួនាទី ហើយនិងដោយសារប្រែប្រួលសង្គមទាំងអស់ ខ្ញុំខ្លាចថាភាសាពូនងពិបាករស់នៅតទៅទៀតដែរ»។
ចុចមើល៖ លោក Dieu ជនជាតិពូនង និយាយភាសាពូនង រៀបរាប់អំពីកន្លែងដែលលោកបានធំក្តីឡើង។
អ្នកស្រី Becky Butler នៃសាកលវិទ្យាល័យ North Carolina នៅក្រុង Chapel Hill ដែលបានសរសេរនិក្ខេបបទនៅសាកលវិទ្យាល័យ Cornell អំពីភាសាពូនង បានយល់ស្របទៅនឹងការវាយតម្លៃរបស់លោក Vogel។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា «គេហទំព័រ Ethnologue ផ្សាយថា [ភាសាពូនង]កំពុងតែវិវត្ត។ អង្គការ UNESCO ថា វាកំពុងតែឈានដល់ការបាត់បង់ធ្ងន់ធ្ងរ។ ប៉ុន្តែខ្ញុំគិតថា ភាសានេះប្រហែលជាកំពុងតែរងគ្រោះ»។
អ្នកស្រីប៉ាន់ប្រមាណថា មានអ្នកនិយាយភាសាពូនងប្រហែល៧៥០០០នាក់នៅក្នុងប្រទេសកម្ពុជា វៀតណាម និងសហរដ្ឋអាមេរិក។
នៅក្នុងសៀវភៅដំបូងបង្អស់របស់លោក Vogel អំពីភាសាពូនង លោកបានបកប្រែវេយ្យាករណ៍ភាសាពូនងទៅជាអក្សរដែលមានសព្ទអន្តរជាតិ ដែលហៅថា international phonetic alphabet។ សៀវភៅនោះត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០០៦ ជាភាសាបារាំង។ លោក Vogel ក៏បានសរសេរសៀវភៅ២ក្បាលអំពីវេយ្យករណ៍និងអក្សរសិល្ប៍ផ្ទាល់មាត់របស់ពួកគេ ដូចជា កំណាព្យ ចម្រៀង និងស្មូតជាដើម ហើយសៀវភៅមួយក្បាលទៀតសរសេរអំពីវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។
អ្នកស្រី Butler បាននិយាយថា «ខ្ញុំគិតថា វាសំខាន់ខ្លាំងណាស់ ដោយសារតែលោក [Vogel] កំពុងតែចងក្រងនូវទំនៀមទម្លាប់ដែលមានតែការនិយាយប្រាប់តៗគ្នា ដែលបង្ហាញពីអត្តសញ្ញាណនៃសហគមន៍របស់ពួកគេ និងអ្វីដែលពួកគេជឿជាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយការដែលពួកគេមើលឃើញពីខ្លួនឯងតាមរយៈការយល់ឃើញរបស់អ្នកដទៃទៀតទៅលើជីវិតរស់នៅរបស់ពួកគេ ដែលអាចបាត់បង់ ជាពិសេសនៅពេលដែលមនុស្សជំនាន់មុនស្លាប់បាត់បង់ជីវិតអស់ទៅ»។
លោក យុណ ឡូរ៉ង់ ដែលជាជនជាតិដើមភាគតិចពូនង ក៏មានការព្រួយបារម្ភថា ភាសាកំណើតរបស់លោកមិនសូវមានការប្រើប្រាស់ច្រើន។
លោក ឡូរ៉ង់ ដែលជាអ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា «ខ្ញុំព្រួយបារម្ភខ្លាំងដែរ ដោយសារទាក់ទងនឹងភាសា វាទាក់ទងនឹងអត្តសញ្ញាណតែម្តង»។
លោកបានបន្ថែមថា «ពេលគាត់[ជនជាតិពូនង]នៅក្នុងទីប្រជុំជន អីចឹងទៅ គាត់ក៏មិនសូវមានភាពក្លាហានក្នុងការនិយាយស្តី ឬមួយក៏គាត់ព្យាយាមធ្វើខ្លួនឯងឲ្យទៅជាខ្មែរ ចឹងទៅ គាត់មិននិយាយអីចឹងទៅ»។
លោក ឡូរ៉ង់ គិតថា ការណ៍ដែលមានអ្នកចងក្រងភាសានិងវប្បធម៌របស់ជនជាតិដើមភាគតិចពូនងជាសំណេរនិងបោះពុម្ពជាឯកសារអាចជួយទប់ស្កាត់កុំឲ្យភាសានេះបាត់បង់បាន។
លោក ឡូរ៉ង់ ដែលរស់នៅក្នុងក្រុង សែនមនោរម្យ នៃខេត្តមណ្ឌលគីរី បានថ្លែងថា «ប្រវត្តិសាស្រ្តគឺសំខាន់ណាស់សម្រាប់ពួកខ្ញុំ ដើម្បីរកព្រលឹងរបស់ខ្លួនឯង រកតម្លៃរបស់ខ្លួនឯង ជាអត្តសញ្ញាណរបស់ខ្លួនឯងឡើងវិញ»។
អ្នកស្រី Butler នៃសាកលវិទ្យាល័យ North Carolina មានប្រសាសន៍ថា «ខ្ញុំគិតថា ការណ៍ដែលភាសាណាមួយបាត់បង់ទៅ គឺជាសោកនាដកម្មមួយ។ ភាសាគឺពាក់ព័ន្ធទៅនឹងអត្តសញ្ញាណ ដែលបង្ហាញថាពួកគេគឺជានរណា។ គេនិយាយថា វាកំណត់ថាតើយើងមើលឃើញពិភពលោកនេះយ៉ាងដូចម្តេច»។
អ្នកស្រីបានបន្ថែមទៀតថា «ខ្ញុំគិតថា យើងទាំងអស់គ្នាជាអ្នកបាត់បង់ គឺបាត់បង់ចំណេះដឹងអំពីស្ថានភាពមនុស្ស ចំណេះដឹងអំពីថាតើហេតុអ្វីមនុស្សធ្វើអ្វីមួយដែលពួកគេធ្វើយ៉ាងដូច្នេះ ហើយខ្ញុំគិតថា យើងក៏បាត់បង់ទិដ្ឋភាពដ៏ស្រស់បំព្រងមួយចំនួននៅក្នុងពិភពលោកនេះដែរ»។
ការប្តេជ្ញាចិត្តដ៏កម្រមួយ
លោក Maguire បានស្គាល់លោក Vogel អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានចំណាយពេលខ្លះនៅជាមួយនឹងលោកVogel ក្នុងខេត្តមណ្ឌលគិរីទៀតផង។ លោក Maguire បានកោតសរសើរការប្តេជ្ញារបស់លោក Vogel ក្នុងការសិក្សាភាសាពូនង ដែលជាភាសាមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់ពីអ្នកស្រាវជ្រាវនិងស្ថាប័នអប់រំនានាទាំងនៅកម្ពុជានិងអន្តរជាតិ។
លោក Vogel ក៏បង្រៀនភាសាសំស្ក្រឹតនិងភាសាវិទ្យាដល់និស្សិតខ្មែររបស់លោកជាជាងបង្រៀនភាសាបារាំង ដោយសារតែទំនាក់ទំនងប្រវត្តិសាស្ត្ររវាងភាសាខ្មែរនិងភាសាសំស្ក្រឹតដែលជាភាសាចំណាស់មួយនេះ។
លោក Vogel បានថ្លែងថា មិនមាននិស្សិតខ្មែរច្រើនទេដែលចង់រៀនភាសាសំស្រឹ្កតនោះ ប៉ុន្តែត្រឹមតែម្នាក់គឺគ្រប់គ្រាន់ហើយ ដោយសារតែ «ថ្ងៃក្រោយអាចគេរកឃើញសិលាចារឹកសំស្ក្រឹតទៀត។ ដូច្នេះបើសិនណាមានអ្នកឯកទេសខាងភាសាសំស្ក្រឹតក្នុងចំណោមនិស្សិតខ្មែរ មានន័យថា គេអាចធ្វើការរួមជាមួយនឹងអ្នកស្រាវជ្រាវអន្តរជាតិ ដែលរហូតសព្វថ្ងៃនេះ បកប្រែសិលាចារឹកសំស្ក្រឹតដែលជារបស់ប្រទេសកម្ពុជា»។
ការងាររបស់លោក Vogel ជាសាស្ត្រាចារ្យភាសាសំស្ក្រឹតនិងភាសាវិទ្យា ដែលបានជួយបង្រៀនដល់បញ្ញវន្តខ្មែរដ៏គួរឲ្យគោរពដូចជាលោក សំណព្វ គឺជាកត្តាមួយទៀតដែលធ្វើឲ្យមូលនិធិ Fainting Robin ទទួលស្គាល់ស្នាដៃរបស់លោក។
លោក Maguire បានលើកឡើងថា «តាំងពីខ្ញុំស្គាល់គាត់មក គាត់បង្រៀនភាសាវិទ្យា៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយគាត់បង្រៀនជាភាសាខ្មែរ។ គាត់មិនបង្រៀនជាភាសាអង់គ្លេសទេ ហើយគាត់ក៏មិនបង្រៀនជាភាសាបារាំងដែរ។ គាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀនភាសា[ខ្មែរ] គាត់រៀនបានយ៉ាងល្អ និងរៀនវេយ្យាករណ៍បានយ៉ាងត្រឹមត្រូវ ហើយរៀនចេះអាននិងចេះសរសេរ។ នេះគឺជាការប្តេជ្ញាក្នុងកម្រិតមួយដែលបញ្ញវន្តតិចណាស់អាចធ្វើបាន»៕