ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ឌិត​ដែល​ចងក្រង​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ដែល​រង​ការ​គំរាមកំហែង​ ទទួល​បាន​រង្វាន់


បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maguire)
បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maguire)

លោក​បណ្ឌិត Sylvain Vogel ត្រូវ​បាន​មូលនិធិ Fainting Robin ប្រគល់​រង្វាន់«បញ្ញវន្ត​កិត្តិយស​‍» ចំពោះ​ស្នាដៃ​ការងារ​របស់​លោក ក្នុង​ការ​ជួយជ្រោមជ្រែង​ដល់​និស្សិត​ខ្មែរ​២​រូប​រហូត​ក្លាយ​ជា​អ្នក​ភាសាវិទ្យា​ដ៏​លេច​ធ្លោ និង​ការ​ចងក្រង​ជា​សៀវភៅ​អំពី​ភាសា​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ពូនង។

សាស្រ្តាចារ្យ​ដ៏​ស្វិតស្វាញ​ម្នាក់​បាន​បង្រៀន​ភាសា​សំស្ក្រឹត​និង​ភាសា​វិទ្យា​កាល​ពី​ប្រមាណ​២០​ឆ្នាំ​មុន​ដល់​និស្សិត​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ភាសាវិទ្យា​ដ៏​ជោគជ័យ​បំផុត​នៅ​កម្ពុជា។

លោក​បាន​ចំណាយ​ពេល​វេលា​ជាច្រើន​ឆ្នាំ​មក​នេះ ​នៅ​ក្នុង​ខេត្ត​ដែល​មាន​ចំនួន​ប្រជាជន​រាយប៉ាយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចងក្រង​ភាសា​ជនជាតិ​ដើម​ភាគតិច​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ភាសា​ពូនង។ ពូនង​នេះ​គឺ​ជា​ពាក្យ​ដែល​ជនជាតិ​ដើម​ភាគ​តិច​ពូនង​ហៅ​ខ្លួន​ឯង ហើយ​ជនជាតិ​ខ្មែរ​ច្រើន​ហៅ​ពួកគេ​ថា ជនជាតិ​ព្នង។

លោក Sylvain Vogel ដែល​ជា​ជនជាតិ​បារាំង​និយាយ​ភាសា​អាល្លឺម៉ង់ ដែល​មាន​កំណើត​នៅ​ក្នុង​តំបន់ Alsace-Lorraine នៃ​ប្រទេស​បារាំង បាន​សរសេរ​និង​បោះពុម្ព​សៀវភៅ​៤​ក្បាល​អំពី​ជនជាតិ​ដើម​ភាគតិច​ពូនង ខណៈ​ដែល​ភាសា​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ កំពុង​រង​ការ​គំរាមកំហែង​ពី​ទំនើបភាវូបនីយកម្ម​និង​ការ​ទន្រ្ទាន​ពី​កំណើន​ប្រជាជន។

​លោក Vogel បាន​ចំណាយ​ពេល​ភាគច្រើន​នៃ​២៥​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សិក្សា ស្រាវជ្រាវ បង្រៀន និង​ជួយ​ធ្វើ​ឲ្យ​វប្បធម៌​នៃ​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ឲ្យ​កកើត​ឡើងវិញ នៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បន្ទាប់​ពី​មាន​ការ​គាបសង្កត់​និង​ការ​ប្រឆាំង​នឹង​បញ្ញវន្ត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កាល​ពី​ទសវត្សរ៍​១៩៧០។

កាល​ពី​ទសវត្សរ៍ ១៩៩០ លោក Vogel បាន​បម្រើការ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ដេប៉ាតឺម៉ង់​ភាសា​វិទ្យា ដែល​នៅ​ទីនោះ លោក​បាន​បង្រៀន​លោក​បណ្ឌិត ច័ន្ទ សំណព្វ និង​លោកស្រី​បណ្ឌិត ឆោម គន្ធា ដែល​បច្ចុប្បន្ន​នេះ អ្នក​ទាំង​២​គឺ​ជា​អ្នក​ភាសាវិទ្យា​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​លោក​បាន​ចាប់​ផ្តើម​ស្រាវជ្រាវ​អំពី​ភាសា​ពូនង​កាល​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០។ ​

បច្ចុប្បន្ន​នេះ លោក​បង្រៀន​ភាសាវិទ្យា​និង​ភាសា​សំស្ក្រឹត​នៅ​ដេប៉ាតឺម៉ង់​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ លោក​កំពុង​តែ​ត្រៀម​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មណ្ឌលគីរី​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ចំណាយ​ពេល​ប៉ុន្មាន​សប្តាហ៍​ស្រាវជ្រាវ​ជាមួយ​នឹង​អ្នក​ចេះ​និយាយ​ភាសា​ពូនង​នៅ​ទីនោះ។​

បណ្ឌិត Sylvain Vogel កំពុង​សាកសួរ​អ្នក​ភូមិ​ព្នង​នៅ​ខេត្ត​មណ្ឌលគីរី។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maquire)
បណ្ឌិត Sylvain Vogel កំពុង​សាកសួរ​អ្នក​ភូមិ​ព្នង​នៅ​ខេត្ត​មណ្ឌលគីរី។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maquire)

ថ្មីៗ​នេះ ស្នាដៃ​ការងារ​ដែល​ជួយ​ឲ្យ​និស្សិត​ខ្មែរ​ទទួល​បាន​អាហារូបករណ៍ទៅ​សិក្សា​នៅ​បរទេស​និង​ការ​ស្រាវជ្រាវ​ឯករាជ្យ​របស់​លោក Vogel នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​អាមេរិក​មួយ។ មូលនិធិ Fainting Robin ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មី ដើម្បី​គាំទ្រ​ដល់​បញ្ញវន្ត​ឯករាជ្យ បាន​ប្រកាស​កាល​ពី​ខែ​មីនា​ថា លោក Vogel នឹង​ក្លាយ​ជា​អ្នក​ទី​១​ដែល​ទទួល​បាន​រង្វាន់«បញ្ញវន្ត​កិត្តិយស‍» ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា “distinguished scholar។

លោក សំណព្វ ដែល​ជា​និស្សិត​ខ្មែរ​ដំបូង​បំផុត​ម្នាក់​របស់​លោក Vogel ឥឡូវ​នេះ​គឺ​ជា​អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ ​

លោក សំណព្វ ដែល​ទទួល​បាន​សញ្ញបត្រ​បណ្ឌិត​ខាង​ភាសាវិទ្យា​កាល​ពី​ឆ្នាំ​២០០២ ពី​សាកលវិទ្យាល័យ Université Paris Nanterre បាន​និយាយ​ថា «គាត់​[លោក Vogel]គឺ​ជា​ធនធាន​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ទេ​នៅ​កម្ពុជា‍»។​

កាល​ពី​ឆ្នាំ​១៩៩៨ លោក សំណព្វ​និង​លោក Vogel បាន​ចាប់​ផ្តើម​បើក​កម្មវិធី​ភាសាវិទ្យា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ក្នុង​ដេប៉ាតឺម៉ង់​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កម្មវិធី​នោះ​បាន​ដំណើរការ​ទៅ​ជា​ជំនាញ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដោយ​លោក សំណព្វ ធ្វើ​ជា​ប្រធាន ហើយ​លោក Vogel ធ្វើ​ជា​អ្នក​សម្របសម្រួល។

លោក សំណព្វ មាន​ប្រសាសន៍​ថា លោក Vogel មាន​ការ​ទាមទារ​ខ្ពស់​ចំពោះ​និស្សិត​របស់​ខ្លួន។

លោក សំណព្វ ដែល​ធ្លាប់​បង្រៀន​វេយ្យាករណ៍​ខ្មែរ​ដល់​លោក Vogel កាល​ពី​២៥​ឆ្នាំ​មុន បាន​រំឭក​ថា «នេះ​ហើយ​គឺ​ជា​ស្មារតី​មួយ​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ក្លា​មែនទែន ហើយ​រុញ​ច្រាន​ខ្លួន​ខ្ញុំ​ឲ្យ​កាន់​តែ​មាន​ចិត្ត​កាន់​តែ​ខិតខំ​រៀន​ខាង​ផ្នែក​ភាសា​វិទ្យា ឲ្យ​តស៊ូ​រហូត​បាន​មក​ដល់​សព្វថ្ងៃ​នេះ មាន​ជំនាញ​ខាង​ផ្នែក​ភាសា​ហ្នឹង‍»។

បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ (រូបថត៖ដកស្រង់​ពី​ហ្វេសប៊ុក)
បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ (រូបថត៖ដកស្រង់​ពី​ហ្វេសប៊ុក)

លោក​បាន​បន្ថែម​ថា «ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ក្លាយ​ជា​សិស្ស​របស់​លោក ក្រោម​ការ​បណ្តុះបណ្តាល​របស់​លោក‍»។​

លោកស្រី គន្ធា បាន​រំឭក​ថា លោក Vogel គឺ​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​ហ្មត់ចត់។ ​

លោកស្រី គន្ធា ដែល​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ខាង​ភាសាវិទ្យា​កាល​ពី​ឆ្នាំ​មុន​ពី​ប្រទេស​បារាំង ហើយ​ឥឡូវ​នេះ​ជា​នាយិកា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ អង្គរ ក្នុង​ខេត្ត​សៀមរាប បាន​រំឭក​ថា «គ្រាន់​តែ​គាត់​ចូល​ដល់​ក្នុង​ថ្នាក់​ហើយ​គឺ​ទាំងអស់​គ្នា​អត់​ហ៊ាន​កម្រើក អត់​ហ៊ាន​ក្អក​អី​ទេ‍»។

‍លោកស្រី​បាន​លើក​ឡើង​ទៀត​ថា «ខ្ញុំ​ចូលចិត្ត​ម៉ោង​រៀន​ជាមួយ​គាត់​គ្រប់ ភាសាវិទ្យា​ក៏​ដោយ សំស្ក្រឹត​ក៏​ដោយ ដោយសារ​ថា គាត់​ពន្យល់​ច្បាស់។ ពេល​ណា​មិន​យល់​អី​ទៀត សួរ គឺ​គាត់​ខំ​ព្យាយាម​ពន្យល់​ទាល់​តែ​យើង​យល់​ច្បាស់លាស់‍»។

ចំណង់ចំណូលចិត្ត​ទៅ​លើ​ការ​សិក្សា​ភាសាវិទ្យា​និង​ភាសា​សំស្ក្រឹត​របស់​លោកស្រី គន្ធា គឺ​កើត​ចេញ​ពី​ការ​ពន្យល់​មេរៀន​របស់​លោក Vogel។ លោកស្រី​បាន​ផ្តល់​គុណសម្បត្តិ​ដល់​លោក ចំពោះ​ការ​ជួយ​ដល់​លោកស្រី​ឲ្យ​ទទួល​បាន​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ឥណ្ឌា។ លោក​ស្រី​បាន​បន្ត​សិក្សា​ភាសា​សំស្ក្រឹត​នៅ​សាកលវិទ្យាល័យ École Pratique des Hautes Etudes ដែល​ជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ល្បីល្បាញ​លំដាប់​កំពូល​មួយ​នៅ​ប្រទេស​បារាំង។ លោក​ស្រី​ក៏​បាន​ក្លាយ​ទៅ​ជា​ជនជាតិ​ខ្មែរ​ដំបូង​បង្អស់​ដែល​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ខាង​ភាសា​សំស្ក្រឹត ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​មក។ ​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា «[សំស្ក្រឹត]​ជា​ភាសា​ព្រះ ភាសា​ដែល​ពន្យល់​ឬ​ប្រដៅ​មនុស្ស​ឲ្យ​ស្គាល់​ធម៌​ច្រើន។ មួយ​ទៀត ភាសា​ហ្នឹង​ពិសេស ពិសេស​សម្រាប់​ភាសា​ខ្មែរ​ ដោយសារ​ថា​[ភាសា​សំស្ក្រឹត]​មាន​ទំនាក់ទំនង​ជាមួយ​ភាសាខ្មែរ​រាប់​ពាន់​ឆ្នាំ​ហើយ។ [យើង​]​គួរ​តែ​ចេះ​ទាំង​ភាសាខ្មែរ​និង​ភាសា​សំស្ក្រឹត ដើម្បី​ស្គាល់​ពី​ប្រវតិ្តសាស្រ្ត​ខ្មែរ​ឲ្យ​បាន​ច្បាស់លាស់‍»។

លោក Vogel បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩១ ដោយ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ការងារ​ជាមួយ​នឹង​ស្ថានទូត​បារាំង។ មុន​នឹង​មក​បម្រើការ​នៅ​កម្ពុជា លោក​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ ធ្វើ​ការ​ស្រាវជ្រាវ​និង​សិក្សា​ភាសា ប៉ាស្ទូ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ លោក​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ Sorbonne ក្នុង​ទីក្រុង ប៉ារីស កាល​ពី​ឆ្នាំ​១៩៨៤។ ​

បន្ទាប់​ពី​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចំណង់ចំណូលចិត្ត​របស់​លោក Vogel គឺ​ផ្តោត​ទៅ​លើ​ភាសា​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​នៅ​ជា​កុលសម្ព័ន្ធ​ក្នុង​ព្រៃនិង​លើ​ភ្នំ​ដាច់​ស្រយាល និង​រស់នៅ​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ធំៗ​ដូច​កាល​ពី​២០០​ឆ្នាំ​មុន។ ពួកគេ​រស់នៅ​ដោយ​ចាប់​និង​ផ្សាំង​សត្វ​ដំរី​ព្រៃ​រហូត​ដល់​៣០​ឬ​៤០​ឆ្នាំ​មុន។

ក្លាយ​ទៅ​ជា​អ្នក​ស្រាវជ្រាវ​ភាសា​ពូនង

លោក Vogel បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មណ្ឌលគីរី​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៤។ ​

លោក​បាន​ជួប​ជាមួយ​នឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង ហើយ​ក៏​បាន​ចាប់អារម្មណ៍​ទៅ​លើ​ភាសា​និយាយ​និង​ប្រពៃណី​ទំនៀមទម្លាប់​អ្នកស្រុក​ដែល​បាន​ប្រាប់​តៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​របស់​ពួកគេ។

មាន​អ្នក​ស្រាវជ្រាវ​តិច​ណាស់​ដែល​សិក្សា​អំពី​ភាសា​ពូនង​និង​វប្បធម៌​របស់​ពួកគេ ហើយ​លោក Vogel យល់​ថា លោក​អាច​ចូលរួម​ចំណែក​ដោយ​វិជ្ជមាន​តាមរយៈ​ការ​ស្រាវជ្រាវ​របស់​លោក។

លោក Vogel បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ដឹង​ថា ភាសាខ្មែរ​ស្ថិត​ក្នុង​អំបូរ​ខ្មែរ​មន​ដែរ។ ដោយសារ​ខ្ញុំ​ជា​អ្នកភាសាវិទ្យា ខ្ញុំ​ត្រូវ​តែ​រៀន​ភាសា​ពូនង​ដែរ​ដើម្បី​ប្រៀបធៀប​ភាសាខ្មែរ​និង​ភាសា​ពូនង‍»។

លោក​បាន​បញ្ចូល​ខ្លួន​ឯង​ទៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូនង និង​រស់នៅ​តាម​របៀប​រស់នៅ​ប្លែក​ពី​គេ​របស់​ជនជាតិ​ដើម​ភាគតិច​ពូនង ហើយ​ក៏​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ពួកគេ។ លោក​បាន​ស្នាក់នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​អស់​រយៈពេល​រាប់​ថ្ងៃ ហើយ​ពេល​ខ្លះ​ស្នាក់នៅ​រហូត​ដល់​រយៈពេល​រាប់​សប្តាហ៍ ដោយ​ពិសារ​ម្ហូប​អាហារ​របស់​ជនជាតិ​ដើម​ភាគតិច​ពូនង​និង​ផឹក​ស្រា​អង្ករ​ជាមួយ​នឹង​ពួកគេ​។

​បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maquire)
​បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maquire)

លោក Vogel ដែល​ជា​អ្នក​ចូលចិត្ត​បរបាញ់​សត្វ​និង​ក៏​ជា​អ្នក​ចេះ​ក្បាច់​គុណ​ការពារ​ខ្លួន​ផង​នោះ ចូលចិត្ត​ធ្វើ​ការងារ​ជាមួយ​នឹង​ជនជាតិ​ដើម​ភាគតិច​យ៉ាង​ដូច្នេះ។

លោក Vogel ថ្លែង​ថា «ខ្ញុំ​មិនមែន​យល់​ថា​វា​ពិបាក​[ទេ]។ បើ​សិន​ណា​ពិបាក​ខ្លាំង​ពេក ខ្ញុំ​មិន​ធ្វើ​ទេ។ ខ្ញុំ​ធ្វើ​ការងារ​បែប​នេះ ពីព្រោះ​ខ្ញុំ​ចូលចិត្ត​ធ្វើ‍»។

លោក Vogel បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​លោក​ស្រាវជ្រាវ​អំពី​ភាសា​ពូនង របៀប​រស់នៅ​របស់​ពួកគេ​ដែល​ប្តូរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​និង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​សកលភាវូបនីយកម្ម។ លោក Vogel បាន​គូស​បញ្ជាក់​ថា ជាច្រើន​ជំនាន់​មក​ហើយ សហគមន៍​ពូនង​ត្រូវ​បាន​ដឹកនាំ​ដោយ​ចាស់ទុំ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ ប៉ុន្តែ​ឥឡូវ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មន្ត្រី​រដ្ឋបាល​ដូចជា អភិបាល​ស្រុក​និង​ប្រធាន​ភូមិ​ជាដើម។

កូនៗ​ជនជាតិ​ដើម​ភាគតិច​ពូនង​បច្ចុប្បន្ន​នេះ ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរៀន​ភាសា​ខ្មែរ​នៅ​តាម​សាលា ហើយ​ពួកគេ​នាំគ្នា​រៀន​ភាសា​អង់គ្លេស​និង​ប្រើប្រាស់​កុំព្យូទ័រ។

លោក Vogel បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​លោក​ទៅ​លើ​សក្តានុពល​នៃ​ការបាត់បង់​ភាសា​និង​ទំនៀមទម្លាប់​ពូនង​នៅ​ពេល​អនាគត។ ​

លោក Vogel បាន​ថ្លែង​ថា «ភាសា​ពូនងអត់​សូវ​មាន​តួនាទី ហើយ​និង​ដោយសារ​ប្រែប្រួល​សង្គម​ទាំងអស់ ខ្ញុំ​ខ្លាច​ថា​ភាសា​ព្នង​ពិបាក​រស់​នៅ​ត​ទៅ​ទៀត​ដែរ‍»។

លោក យុណ ឡូរ៉ង់ ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ពូនង ក៏​មាន​ការ​ព្រួយបារម្ភ​ថា ភាសា​កំណើត​របស់​លោក​មិន​សូវ​មាន​ការ​ប្រើប្រាស់​ច្រើន។ ​

លោក ឡូរ៉ង់ ដែល​ជា​អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា «ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ដែរ ដោយសារ​ទាក់ទង​នឹង​ភាសា វា​ទាក់ទង​នឹង​អត្តសញ្ញាណ​តែ​ម្តង»។

លោក​បាន​បន្ថែម​ថា «ពេល​គាត់​[ជនជាតិ​ពូនង]នៅ​ក្នុង​ទីប្រជុំជន អី​ចឹង​ទៅ គាត់​ក៏មិន​សូវ​មាន​ភាពក្លាហាន​ក្នុង​ការ​និយាយ​ស្តី ឬ​មួយ​ក៏​គាត់​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ខ្មែរ ចឹងទៅ គាត់​មិន​និយាយ​អី​ចឹង​ទៅ‍»។

នៅ​ក្នុង​សៀវភៅ​ដំបូង​បង្អស់​របស់​លោក Vogel អំពី​ភាសា​ពូនង លោក​បាន​បកប្រែ​វេយ្យាករណ៍​ភាសា​ពូនង​ទៅ​ជា​អក្សរ​អន្តរជាតិ ដែល​ហៅ​ថា international phonetic alphabet។ សៀវភៅ​នោះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៦ ជា​ភាសា​បារាំង។ លោក Vogel ក៏​បាន​សរសេរ​សៀវភៅ​២​ក្បាល​អំពី​វេយ្យករណ៍​និង​អក្សរសិល្ប៍​ផ្ទាល់​មាត់​របស់​ពួកគេ ដូចជា កំណាព្យ​និង​ចម្រៀង​ជាដើម ហើយ​សៀវភៅ​មួយ​ក្បាល​ទៀត​សរសេរ​អំពី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ពូនង។ ​

លោក ឡូរ៉ង់ គិត​ថា ការណ៍​ដែល​មាន​អ្នក​ចងក្រង​ភាសា​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ពូនង​ជា​សំណេរ​និង​បោះពុម្ព​ជា​ឯកសារ​អាច​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ភាសា​នេះ​បាត់បង់​បាន។

លោក ឡូរ៉ង់ ដែល​រស់នៅ​ក្នុង​ទីក្រុង សែន​មនោរម្យ នៃ​ខេត្ត​មណ្ឌលគីរី បាន​ថ្លែង​ថា «ប្រវត្តិសាស្រ្ត​គឺ​សំខាន់​ណាស់​សម្រាប់​ពួក​ខ្ញុំ ដើម្បី​រក​ព្រលឹង​របស់​ខ្លួន​ឯង រក​តម្លៃ​របស់​ខ្លួន​ឯង ជា​អត្តសញ្ញាណ​របស់​ខ្លួន​ឯង​ឡើង​វិញ‍»។​

​បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maquire)
​បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maquire)

ការ​ស្រាវជ្រាវ​ភាគច្រើន​របស់​លោក Vogel ទៅ​លើ​ភាសា​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​ពូនង គឺ​ជា​ការចំណាយ​ផ្ទាល់​របស់​លោក។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Peter Maguire ដែល​ជា​ប្រធាន​មូលនិធិ Fainting Robin។

លោក Maguire ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​និង​ជា​ប្រវត្តិវិទូ ហើយ​ក៏​ជា​ស្ថាបនិក​មូលនិធិ​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ North Carolina ដើម្បី​ជួយ​ដល់​បញ្ញវន្ត​ឯករាជ្យ​មួយ​នេះ បាន​ថ្លែង​ថា «វា​គឺ​ជា​គម្រោង​មួយ​ដែល​លោក​បាន​ចំណាយ​ពេល​វេលា​ជិត​២០​ឆ្នាំ ដោយ​គ្មាន​ការ​ឧបត្ថម្ភ​ពី​ខាង​ក្រៅ ឬ​មាន​ការ​ឧបត្ថម្ភ​ពី​ខាង​ក្រៅ​បន្តិចបន្តួច‍​តែ​ប៉ុណ្ណោះ»។

លោក Maguire បាន​ស្គាល់​លោក Vogel អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក​ក៏​បាន​ចំណាយ​ពេល​វេលា​ខ្លះ​នៅ​ជាមួយ​លោក Vogel ក្នុង​ខេត្ត​មណ្ឌលគីរី​ផង​ដែរ។ លោកMaguire បាន​ស្ងើច​សរសើរ​ចំពោះ​ការ​តាំងចិត្ត​របស់​លោក Vogel ក្នុង​ការ​សិក្សា​ភាសា​មួយ ដែល​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​តិចតួច​ពី​អ្នក​ស្រាវជ្រាវ​និង​សាស្ត្រាចារ្យ​នៃ​ស្ថាប័ន​នានា​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ។

លោក Maguire បាន​និយាយ​ថា ការងារ​របស់​លោក Vogel ជា​សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា ដែល​ជួយ​ដល់​បញ្ញវន្ត​ខ្មែរ ដូចជា លោកស្រី គន្ធា និង​លោក សំណព្វ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ទៀត ដែល​មូលនិធិ​របស់​លោក​សម្រេច​ផ្តល់​រង្វាន់​ដល់​លោក Vogel។

លោក Maguire បាន​លើកឡើង​ថា «តាំង​ពី​ខ្ញុំ​ស្គាល់​គាត់​មក គាត់​បង្រៀន​ភាសា​វិទ្យា​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​គាត់​បង្រៀន​ជា​ភាសាខ្មែរ។ គាត់​មិន​បង្រៀន​ជា​ភាសា​អង់គ្លេស​ទេ ហើយ​គាត់​ក៏​មិន​បង្រៀន​ជា​ភាសា​បារាំង​ដែរ។ គាត់​បាន​ខិតខំប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀន​ភាសា[ខ្មែរ] គាត់​រៀន​បាន​យ៉ាង​ល្អ និង​រៀន​វេយ្យាករណ៍​បាន​យ៉ាង​ត្រឹមត្រូវ ហើយ​រៀន​ចេះ​អាន​និង​ចេះ​សរសេរ។ នេះ​គឺ​ជា​ការ​ប្តេជ្ញា​ក្នុង​កម្រិត​មួយ​ដែល​បញ្ញវន្ត​តិច​ណាស់​អាច​ធ្វើ​បាន»។

ក្រោយ​ពី​មក​ដល់​ទីក្រុង​ភ្នំពេញ​បាន​បន្តិច លោក Vogel ចាប់​ផ្តើម​មាន​ជំនឿ​ថា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ជាង​នេះ​សម្រាប់​កូនសិស្ស​ខ្មែរ​របស់​លោក ប្រសិន​បើ​លោក​បង្រៀន​ភាសា​សំស្ក្រឹត​និង​ភាសា​វិទ្យា​ដល់​ពួកគេ ជាជាង​បង្រៀន​ភាសា​បារាំង ដោយសារ​តែ​ទំនាក់ទំនង​ខាង​ប្រវតិ្តសាស្រ្ត​រវាង​ភាសា​ខ្មែរ​និង​ភាសា​ចំណាស់​មួយ​នេះ។​

លោក Vogel បាន​និយាយ​ថា «ខ្ញុំ​ចាប់​ផ្តើម​បង្រៀន​សំស្ក្រឹត​ឲ្យ​សិស្ស​ដឹង​អំពី​អំបូរ​ភាសា​ផ្សេង​ពី​អំបូរ​ភាសា​ខ្មែរ​មន‍»។

លោក​បាន​ថ្លែង​ថា មិនមាន​និស្សិត​ខ្មែរ​ច្រើន​ទេ ដែល​ចង់​រៀន​ភាសា​សំស្ក្រឹត ប៉ុន្តែ​មាន​ត្រឹម​តែ​ម្នាក់​គឺ​គ្រប់គ្រាន់​ហើយ។

លោក​បាន​និយាយ​ថា «ថ្ងៃ​ក្រោយ​អាច​គេ​រក​ឃើញ​សិលាចារឹក​សំស្ក្រឹត​ទៀត។ ដូច្នេះ​បើ​សិន​ណា​មាន​អ្នក​ឯកទេស​ខាង​ភាសា​សំស្ក្រឹត​ក្នុង​ចំណោម​និស្សិត​ខ្មែរ មាន​ន័យ​ថា គេ​អាច​ធ្វើ​ការ​រួម​ជាមួយ​នឹង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ ដែល​រហូត​សព្វថ្ងៃ​នេះ ​បកប្រែ​សិលា​ចារឹក​សំស្ក្រឹត​ដែល​ជា​របស់​ប្រទេស​កម្ពុជា‍»។

លោក​ចងចាំ​លោកស្រី គន្ធា ថា​ជា​សិស្ស​ពូកែ​ម្នាក់​ពី​ឆ្នាំ១៩៩៩​ដល់​ឆ្នាំ​២០០១។ លោកស្រី​ចាប់​អារម្មណ៍​ទៅ​លើ​ទំនាក់ទំនង​រវាង​ភាសា​សំស្ក្រឹត​និង​ប្រទេស​កម្ពុជា និង​ភាសាខ្មែរ។

លោក Vogel បាន​រំឭក​ឡើង​វិញ​ថា «ខ្ញុំ​ចង់​ជួយ​គាត់។ ខ្ញុំ​សម្រេច​ចិត្ត​ថា​មាន​សិស្ស​ម្នាក់​រវាង​សិស្ស​ច្រើន ដែល​គាត់​ចាប់​អារម្មណ៍​ដល់​ភាសា​សំស្ក្រឹត មាន​បំណង​ចង់​រៀន ខំ​រៀន។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ជួយ​គាត់‍»។

ដើម្បី​ជួយ​ឲ្យ​លោកស្រី​ត្រៀម​ខ្លួន​សម្រាប់​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៅ​បរទេស លោកស្រី គន្ធា បាន​មាន​ប្រសាសន៍​ថា លោក Vogel បាន​បង្រៀន​ភាសា​សំស្ក្រឹត​ដល់​លោកស្រី​ដោយ​ឥត​គិត​ថ្លៃ​ពេល​ចុង​សប្តាហ៍​នៅ​តាម​ហាង​កាហ្វេ​នានា។

លោកស្រី​បាន​និយាយ​ថា លោក Vogel បាន​ជួយ​ផ្ចុងផ្តើម​ដល់​ការងារ​លោកស្រី​ឲ្យ​បាន​ដូច​សព្វថ្ងៃ​នេះ។​

១៥​ឆ្នាំ​ក្រោយ​មក លោកស្រី​បាន​ការពារ​និក្ខេបទ​របស់​លោកស្រី​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន​ក្នុង​ប្រទេស​បារាំង ទៅ​លើ​ប្រធានបទ «តួនាទី​ភាសា​សំស្ក្រឹត​នៅ​ក្នុង​ការ​វិវឌ្ឍន៍​ភាសាខ្មែរ៖ ការ​សិក្សា​លើ​សិលា​ចារឹក​ពី​សតវត្សរ៍​ទី​៦​ដល់​សតវត្សរ៍​ទី​១៤‍»៕

XS
SM
MD
LG