បន្ទាប់ពីស្ត្រីអារ៉ាប៊ីសាអូឌីតវ័យក្មេងម្នាក់បានភៀសខ្លួនទៅប្រទេសកាណាដាដោយខ្លាចមានគ្រោះថ្នាក់ដល់ជីវិតនោះ រដ្ឋមន្ត្រីការបរទេសកាណាដាបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកាណាដាជឿជាក់យ៉ាងមុតមាំថា សិទ្ធិរបស់ស្ត្រីគឺជាសិទ្ធិមនុស្ស។
នាង Rahaf Mohammed Alqunun អាយុ១៨ឆ្នាំ ត្រូវបានស្វាគមន៍ដោយលោកស្រី Chrystia Freeland រដ្ឋមន្ត្រីការបរទេស កាណាដានៅពេលនាងមកពីប្រទេសថៃមកដល់ទីក្រុងតូរ៉ន់តូ (Toranto) ប្រទេសកាណាដាកាលពីព្រឹកថ្ងៃសៅរ៍ ឆ្លងកាត់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
ប្រទេសកាណាដាបានផ្តល់សិទិ្ធជ្រកកោនដល់នាង Alqunun បន្ទាប់ពីនាងបានភៀសខ្លួនចេញពីគ្រួសារដោយភ័យខ្លាចគ្រោះថ្នាក់ដល់ជីវិតរបស់នាង។
មិនយូរប៉ុន្មានក្រោយពីការមកដល់របស់នាង Alqunun លោកស្រីFreeland បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រលានយន្តហោះ Toronto ថា៖ «ពិតជាមានករណីដែលស្ត្រីជាច្រើនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ទាំងនៅកាណាដានិងនៅជុំវិញពិភពលោក។ សូម្បីតែនារីម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏មិនគួរដែរ»។ លោកស្រី Freeland បន្ថែមថា ការផ្តល់សិទ្ធិជ្រកកោនដល់នាង Alqunun «គឺជាផ្នែកមួយនៃគោលនយោបាយកាណាដាដែលគាំទ្រស្ត្រីនិងកុមារីទាំងនៅកាណាដានិងនៅជុំវិញពិភពលោក។
នាង Alqunun បានបង្ហាញខ្លួនរយៈពេលខ្លីមួយនៅមុខអ្នកសារព័ត៌មានក្រោយពីនាងបានទៅដល់កាណាដា។ ប៉ុន្តែលោកស្រីFreeland បាននិយាយថា នាងនិយាយ ព្រោះនាង«អស់កម្លាំងបន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយ» ហើយចង់សម្រាក។
នាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau បានបញ្ជាក់នៅមុននេះថា ប្រទេសរបស់លោកបានផ្តល់សិទ្ធិជ្រកកោនជាជនភៀសខ្លួនឲ្យនាង Alqunun ហើយថា នាងបានជ្រើសរើសរស់នៅក្នុងប្រទេសកាណាដា៕