អាជ្ញាធរថៃបានអនុញាតឲ្យស្ត្រីជាតិអារ៉ាប៊ីសាអូឌីតម្នាក់បានដែលស្ថិតនៅក្នុងអាកាសយានដ្ឋានបាងកក ចាកចេញទៅនៅក្រោមការថែទាំរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនខណៈដែលនាងកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។ នាង Rahaf Mohammed Alqunun បានធ្វើដំណើរពីប្រទេសគុយវ៉ែត ទៅដល់ប្រទេសថៃ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននៅចំណតអាកាសយានដ្ឋានក្រុងបាងកក ហើយត្រូវបានគេបម្រុងនឹងបញ្ជូនខ្លួនទៅកាន់ប្រទេសគុយវ៉ែត។ នាងត្រូវបានអាជ្ញាធរថៃ ដោះលែងហើយប្រគល់ខ្លួនឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន បន្ទាប់ពីមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ ដោយសារមានការភ័យខ្លាច ថានាងមានគ្រោះថ្នាក់ដល់ជីវិត បើសិនជានាងត្រូវគេបញ្ជូនឲ្យត្រឡប់ទៅប្រទេសអារ៉ាប៊ីសាអូឌីត។
ស្រ្តីអារ៉ាប៊ីសាអូឌីតបានរត់គេចខ្លួនពីគ្រួសារនាង ក្នុងអំឡុងវិសម្សកាលក្នុងប្រទេសគុយវ៉ែត ដោយឡើងជិះយន្តហោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងទៅកាន់ប្រទេសអូស្ត្រាលី។ នាងនិយាយថា ពេលនាងទៅដល់ទីក្រុងបាងកក ឯកសារធ្វើដំណើររបស់នាងទាំងប៉ុន្មាន ត្រូវបានគេដកហូតយកអស់។ អាជ្ញាធរថៃបានឃុំខ្លួននាង ហើយប្រុងបម្រុងបញ្ជូននាងទៅប្រទេសគុយវ៉ែតវិញ។ នាងបានចាក់សោរមិនព្រមចេញពីបន្ទប់សណ្ឋាគារដែលនាងស្នាក់នៅ ហើយបានផ្ញើរសារឲ្យគេជួយនាង។ នាង Rahal Mohammed Alqunun អាយុ១៨ឆ្នាំនោះថ្លែងថា៖ «នាងខ្ញុំឈ្មោះ Rahaf។ នាងខ្ញុំកំពុងតែស្ថិតនៅក្នុងបន្ទប់សណ្ឋាគារ។ នាងខ្ញុំគ្មានជម្រើសអ្វីទេ។ ពួកគេបាននិយាយថា ស្អែកខ្ញុំត្រូវទៅ។ ហើយគ្មានអ្នកណាអាចជួយខ្ញុំបានទេនៅពេលនេះ»។
សមាជិកាព្រឹទ្ធសភាអូស្រ្តាលីម្នាក់កំពុងអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ដើម្បីយកស្រ្តីដ៏ក្មេងនោះទៅកាន់ប្រទេសអូស្រ្តាលី។ លោកស្រី Sarah Hanson-Young សមាជិកាព្រឹទ្ធសភារដ្ឋ South Australia ថ្លែងថា៖ «នេះជាឱកាសមួយសម្រាប់យើងដើម្បីបង្ហាញពីសេចក្តីមេត្តាពិតប្រាកដហើយនឹងគាំទ្រគោលការណ៍របស់យើងជាសង្គមសេរីនិងយុត្តិធម៌និងសាកសម្យមួយ ដែលលើកដម្កើងលទ្ធិប្រជាធិបតេយ្យនិងសេរី ភាពបុគ្គលម្នាក់ៗ»។
ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា សម្រាប់ស្រ្តីនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតដែលរត់គេចខ្លួនពីក្រុមគ្រួសារអាចជាបញ្ហាស្លាប់រស់។លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្សHuman Rights Watchទទួលបន្ទុកតំបន់អាស៊ីបាននិយាយថា៖ «ប្រសិនបើ នាងត្រូវបានគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសអារ៉ាប់ប៊ី សាអូឌីត ទៅកាន់ក្រុមគ្រួសាររបស់នាងវិញ ពួកគេ នឹងមាននិទណ្ឌភាពដើម្បីរំលោភធ្វើបាបនាង ដើម្បីធ្វើឲ្យមានអំពើហឹង្សាដែលទាក់ទិននឹងភាពស្មោះត្រង់ប្រឆាំងនឹងនាងហើយអារ៉ាប៊ី សាអូឌីត មានប្រវត្តិមិនល្អនៅក្នុងការស៊ើបអង្កេតនិងការកាត់ទោសរឿងក្តីបែបនេះ»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនត្រូវបានជំរុញឲ្យជួយរឿងនាងស្រីរត់ចោលគ្រួសារនេះ។ លោក Surachate Hakparn ប្រធានអន្តោប្រវេសន៍ថៃនិយាយថា៖ «ថ្ងៃនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រាប់ខ្ញុំថា ពួកគេនឹងត្រូវការពេលវេលា៥ថ្ងៃ ដើម្បីពិចារណាការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់នាងហើយនឹងរយៈពេល៥ថ្ងៃដើម្បីរៀបចំការធ្វើដំណើរទៅកាន់ប្រទេសទី៣»។
ស្រ្តីជាតិអារ៉ាប់ប៊ី សាអូឌីត ត្រូវមានសាច់ញាតិជាបុរសជាអ្នកការពារនៅពេលដែលពួកគេជាមនុស្សពេញវ័យ ហើយពួកគេមិនអាចធ្វើការសម្រេចដោយខ្លួនឯងទេ ប្រសិនបើ ពួកគេមិនស្តាប់បង្គាប់ ពួកគេអាចទទួលរងការធ្វើបាបយ៉ាងខ្លាំង ឬត្រូវសម្លាប់ចោលដោយមិនមានការការពារខាងផ្លូវច្បាប់ទេ។ លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្សHuman Rights Watchទទួលបន្ទុកតំបន់អាស៊ីបានថ្លែងទៀតថា៖ «នាងជានិមិត្តរូបនៃការតស៊ូជាស្រ្តីដ៏ក្មេងម្នាក់។ នាងមិនចង់ធ្វើតាមបញ្ជាហើយមិនចង់ស្ថិតនៅក្រោមការត្រួតត្រារបស់បុរសទៀតហើយ ឬនៅក្រោមការគ្រប់គ្រងសង្គមតាមបែបសាសនា ឬនយោបាយ»។
ក្នុងករណីស្រដៀងគ្នានោះដែរនៅឆ្នាំ២០១៧ ស្រ្តីវ័យក្មេងម្នាក់ទៀតរបស់អារ៉ាប៊ី សាអូឌីតបានត្រូវគេឃាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ខណៈដែលព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសអូស្រ្តាលី។ នាងបានត្រូវគេបញ្ជូនទៅឲ្យក្រុមគ្រួសាររបស់នាងនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតវិញហើយចាប់តាំងពីពេលនោះមក គេមិនដឹងថា នាងស្ថិតនៅទីណាទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន