ទីភ្នាក់ងារជនភៀសខ្លួនអន្តរជាតិ និងក្រុមអ្នកធ្វើការខាងជួយសង្គ្រោះនៅក្នុងប្រទេសបង់ក្លាដែស និងប្រទេសមីយ៉ាន់ម៉ាខ្វល់ខ្វាយអំពីស្ថានភាពធ្ងន់ធ្ងរឡើងៗសម្រាប់មនុស្សរាប់ម៉ឺននាក់ដែលបានរត់គេចខ្លួនចេញពីអំពើហិង្សាខាងនិកាយសាសនានៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រី Vivian Tan នាយិកាផ្នែកព័ត៌មានប្រចាំទ្វីបអាស៊ីនៃទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប.ស្ថិតនៅក្នុងប្រទេសបង់ក្លាដែស ហើយអ្នកស្រីបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាមីយ៉ាន់ម៉ានៃ VOA ថា មានការខ្វះខាតទីជម្រកសម្រាប់មនុស្សជាង១ម៉ឺន៨ពាន់នាក់ដែលបានរត់គេចខ្លួនឆ្លងកាត់ព្រំដែនពីប្រទេសមីយ៉ាន់ម៉ា។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងក្រុមផ្តល់ជំនួយឯទៀតៗបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាបង់ក្លាដែសនៃ VOA ថាមានមនុស្ស២ម៉ឺននាក់ទៀតបានស្ថិតនៅខាងក្នុងប្រទេសមីយ៉ាន់ម៉ាដោយសង្ឃឹមថា អាចចូលទៅក្នុងប្រទេសបង់ក្លាដែសបាន។ អ្នកកាសែត VOA ម្នាក់បានរាយការណ៍ថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងសហគមន៍ខ្លះមានពួកមនុស្សមិនមានផ្ទះសម្បែងក្នុងប្រទេសច្រើននាក់ ហើយពួកអ្នកធ្វើការខាងជួយសង្គ្រោះព្រួយបារម្ភថាការខ្វះខាតសុវត្ថិភាពម្ហូបអាហារ និងកន្លែងអនាម័យផ្ទាល់ខ្លួនអាចនាំឱ្យមានការរាលដាលជំងឺឆ្លង។ ប្រជារាស្ត្របានចាប់ផ្តើមចាកចេញពីភូមិពួកគេនៅក្នុងរដ្ឋ Rakhine កាលពីថ្ងៃទី២៥ខែតុលានៅក្រោយពួកបះបោរកាន់សាសនាឥស្លាមមួយក្រុមបានបើកធ្វើការវាយប្រហារមួយចំនួនលើប៉ូលិស។ មានរបាយការណ៍ថាអាជ្ញាធរសន្តិសុខមីយ៉ាន់ម៉ាបានឆ្លើយតបជាមួយការឆ្មក់វាយប្រហារដ៏ឃោរឃៅលើភូមិ Rohingya៕