ព្រះរាជអាជ្ញារងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា បុរស១១នាក់បានរងការចោទប្រកាន់ពីការសម្លាប់លោក Jamal Khashoggi អ្នកកាសែតអារ៉ាប៊ីសាអូឌីតដ៏ល្បីល្បាញនៅឯស្ថានកុងស៊ុលរបស់រដ្ឋាភិបាលក្រុងរីយ៉ាដក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយថា ពួកអាជ្ញាធរកំពុងស្វះស្វែងរកទោសប្រហារជីវិតសម្រាប់ជនសង្ស័យ៥នាក់។
ព្រះរាជអាជ្ញាចោទប្រកាន់ថា ផែនការដំបូងគឺព្យាយាមជំរុញឲ្យលោក Khashoggi វិលត្រឡប់ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតវិញ ក៏ប៉ុន្តែ ប្រធានក្រុមនោះបានធ្វើហួសពីបទបញ្ជា។
បន្ទាប់ពីពាក្យចចាមអារ៉ាមនិងការនិយាយស្មានៗអស់រយៈពេលប៉ុន្មានថ្ងៃនៅក្នុងបណ្តាញព័ត៌មានតួកគីនិងប្រទេសលោកខាងលិចអំពីអ្វីដែលបានកើតឡើងនៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌីតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃដែលលោក Jamal Khashoggi បានត្រូវគេសម្លាប់កាលពីខែមុននោះ លោក Shalaan Bin Shalaan ព្រះរាជអាជ្ញារងបានប្រកាសថា ការកាត់ទោសប្រហារជីវិតបានត្រូវស្នើឡើងសម្រាប់មនុស្ស៥នាក់«ដែលត្រូវបានរងការចោទប្រកាន់ពីការបញ្ជានិងប្រព្រិត្តិអំពើឧក្រិដ្ឋកម្ម»។ លោកបាននិយាយទៀតថា មនុស្ស៦នាក់ទៀតដែលត្រូវបានរងការចោទប្រកាន់នៅក្នុងការទាក់ទិនពីការសម្លាប់នោះ«ត្រូវទទួលទោសត្រឹមត្រូវ»។
លោក Shalaan បានប្រាប់ពួកអ្នកកាសែតនៅក្នុងរាជធានីរីយ៉ាដថា «វត្តមានរបស់លោក Khashoggi នៅបរទេសតំណាងឲ្យការគំរាមកំហែងដល់ព្រះរាជាណាចក្រ»ហើយថា លោក Ahmed al Assiri អនុប្រធានស៊ើបការណ៍សម្ងាត់បានបង្កើតក្រុមមួយដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលដើម្បីព្យាយាមជំរុញឲ្យលោក Khashoggi វិលត្រឡប់ទៅកាន់ប្រទេសវិញ។ លោក Shalaan Bin Shalaan បានថ្លែងថា៖ «លោកនិយាយថា លោក Assiri បានជ្រើសរើសក្រុមមួយដែលមានសមាជិក១៥នាក់ដែលរួមមានក្រុម៣ដាច់ដោយឡែកពីគ្នាគឺ៖ ក្រុមចរចា ក្រុមស៊ើបអង្កេតនិងក្រុមភ័ស្តុភា។លោកនិយាយទៀតថា ប្រធានក្រុមចរចាដែលបានស្គាល់លោក Khashoggi ហើយបានបញ្ជាលោកឲ្យនាំលោកទៅកាន់កន្លែងមានសុវត្ថិភាពមួយ ក៏ប៉ុន្តែ អ្នកកាសែតរូបនោះបានត្រូវគេសម្លាប់នៅក្នុងពេលនោះ»។
លោក Shalaan និយាយទៀតថា លោក Khashoggi បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះ។ លោក Shalaan បាននិយាយទៀតថា៖ «លោកនិយាយថា ជម្លោះវាយតប់គ្នាបាននាំឲ្យមានការផ្តល់ថ្នាំបំបាត់ការឈឺចាប់និងការចាប់ចងលោក Khashoggi ហើយលោកបានត្រូវគេសម្លាប់ក្នុងអំឡុងនៃអំពើហិង្សា។ លោកនិយាយទៀតថា សមាជិក៥នាក់របស់ក្រុមអារ៉ាប៊ីសាអូឌីត នោះបានសារភាពពីការសម្លាប់លោក Khashoggi ហើយបន្ទាប់មកបានកាប់ចិញ្ចាំ្រសាកសពរបស់លោកហើយយកសពនោះចេញពីស្ថានកុងស៊ុល»។
ព្រះរាជអាជ្ញានោះក៏បាននិយាយទៀតថា លោក Saud Qahtani ទីប្រឹក្សាកំពូលរបស់ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed Bin Salman នៃប្រទេសអារ៉ាប៊ីបានត្រូវហាមឃាត់មិនឲ្យចាកចេញពីព្រះរាជាណាចក្រដើម្បីរង់ចាំលទ្ធផលនៃការស៊ើបអង្កេតនៅក្នុងការសម្លាប់លោក Khashoggi។ លោក Qahtani បានត្រូវដកតំណែងជាប្រធានក្រុមគមនាគមន៍របស់ព្រះអង្គម្ចាស់រាជ្ជទាយាទ Bin Salman បន្ទាប់ពីការស្លាប់របស់លោក Khashoggi នេះ។ ព្រះរាជអាជ្ញា Shalaan នៅតែនិយាយថា ព្រះអង្គម្ចាស់រាជ្ជទាយាទ«មិនបានដឹងអំពីកិច្ចប្រតិបត្តិការនេះទេ»។
ប្រភពនានា រួមទាំងបណ្តាញព័ត៌មាននានាដូចជាកាសែត The New York Times បានអះអាងថា ការថតសំឡេងនៃការសន្ទនារវាងក្រុមអារ៉ាប៊ីសាអូឌីតនិងភាគីនានានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅថ្ងៃដែលសម្លាប់នោះមានសារមួយថា «ប្រាប់មេដឹកនាំរបស់លោកទៅ»។ ប្រភពខ្លះបានចោទប្រកាន់ថា សារនោះនិយាយសំដៅព្រះអង្គម្ចាស់រាជ្ជទាយាទ។ VOA មិនបានឮសំឡេងដែលថតនោះទេ។
លោក Hilal Kashan ដែលបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ American University ក្នុងទីក្រុង Beirut បានប្រាប់ VOA ថា ការបកស្រាយតាមផ្លូវការរបស់អារ៉ាប៊ីសាអូឌីត ជាការពិបាកជឿណាស់។ លោក Hilal Kashan បាននិយាយថា៖ «នយោបាយមិនគិតអំពីសីលធម៌ទេ។ នយោបាយគិតតែអំពីផលប្រយោជន៍ ហើយខ្ញុំគិតថា ការណ៍នេះមិនមានទាក់ទងផលប្រយោជន៍របស់សហរដ្ឋអាមេរិកដើម្បីកំចាត់ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed Bin Salman ទេ។ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត រកបានអ្នករងកំហុសជំនួសអ្នកឯទៀត ហើយពួកគេនឹងប្រហារជីវិតមនុស្សទាំងនោះដែលពួកគេបានបញ្ជាឲ្យកំចាត់សាកសពនោះ»។
លោក Mubarak al Attie អ្នកវិភាគនយោបាយជាតិអារ៉ាប៊ីសាអូឌីត បានប្រាប់ទូរទស្សន៍ al Arabiya ដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីតថា លោកគិតយ៉ាងច្រើនអំពីវិជ្ជាជីវៈកាសែតដ៏អាក្រក់បំផុតដែលកំពុងកើតមានឡើងនៅក្នុងរឿងក្តីនេះហើយថា លោកជឿជាក់ថា ព្រះរាជអាជ្ញានោះកំពុងបញ្ជូនសារទៅកាន់ប្រជារាស្រ្តអារ៉ាប៊ីសាអូឌីត ថា លោកចង់ស៊ើបអង្កេតរឿងនេះឲ្យឃើញជាក់ស្តែង៕
ប្រែសម្រួលដោយជឹង ប៉ូជីន