បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបានរាយការណ៍ថាអាជ្ញាធរប្រទេសអារ៉ាប៊ី សាអូឌីនិយាយថាលទ្ធផលដំបូងៗនៃការស៊ើបអង្កេតរបស់ខ្លួនអំពីការបាត់ខ្លួនអ្នកកាសែត អារ៉ាប៊ី សាអូឌី លោក Jamal Khashoggi បង្ហាញថាលោកបានស្លាប់នៅក្នុងស្ថានកុងស៊ុលនៃប្រទេស អារ៉ាប៊ី សាអូឌីក្នុងក្រុងអ៊ីស្តង់ប៊ុល នៅក្រោយមានការវាយតប់ជាមួយពួកមនុស្សដែលលោកបានជួបនៅក្នុងទីនោះ។
សេចក្តីថ្លែងការណ៍មួយដោយព្រះរាជអាជ្ញាសាធារណៈនៃប្រទេស អារ៉ាប៊ី សាអូឌីដែលទូរទស្សន៍រដ្ឋនៃប្រទេសនេះបានផ្សាយនៅថ្ងៃសៅរ៍នេះបានចែងថារហូតមកដល់ពេលនេះពលរដ្ឋ អារ៉ាប៊ី សាអូឌី ១៨នាក់បានត្រូវចាប់ខ្លួនក្នុងការពាក់ព័ន្ធជាមួយការស្លាប់របស់លោក Khashoggi។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយដែរថាលោក Saud al-Qahtani ទីប្រឹក្សាព្រះរាជតុលាការនិងលោក Ahmed Assiri អនុប្រធានផ្នែកស៊ើបការសម្ងាត់ក៏បានត្រូវដកចេញពីតំណែងដែរ។
ព្រះរាជអាជ្ញាក៏បានថ្លែងដែរថាការស៊ើបអង្កេតអំពីមរណភាពរបស់លោក Khashoggi កំពុងមានធ្វើតទៅទៀត។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក៏បានផ្សាយដែរថាព្រះចៅ Salman ក៏បានបញ្ជាដែរឱ្យមានការបង្កើតគណៈកម្មាធិការមួយដឹកនាំដោយព្រះអង្គម្ចាស់រជ្ជទាយាទដើម្បីរៀបចំសេវាស៊ើបការសម្ងាត់របស់ព្រះរាជាណាចក្រនេះជាថ្មីឡើងវិញ។
អត្ថាធិប្បាយនៅថ្ងៃសៅរ៍នេះជាការទទួលសារភាពលើកដំបូងដោយរដ្ឋាភិបាល អារ៉ាប៊ី សាអូឌីថាលោក Khashoggi បានស្លាប់ទៅហើយ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួន «ទទួលស្គាល់សេចក្តីប្រកាសនេះពីព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីដែលថាការស៊ើបអង្កេតរបស់ពួកគេអំពីជោគវាសនារបស់លោក Jamal Khashoggi កំពុងមានការជឿនលឿនហើយថាអាជ្ញាធរនៃប្រទេសនេះបានចាត់វិធានការប្រឆាំងនឹងពួកជនជាប់សង្ស័យដែលពួកគេបានបង្ហាញអត្តសញ្ញាណរហូតមកដល់ពេលនេះ»។
នៅពេលត្រូវសួរអំពីសេចក្តីប្រកាសនេះរបស់អាជ្ញាធរ អារ៉ាប៊ី សាអូឌីលោកប្រធានាធិបតី Donald Trump បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងរដ្ឋ Arizona ថា «នេះជាជំហានដំបូងធំមួយ»។ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកបានថ្លែងដែរថា «យើងមានសំណួរខ្លះ» សម្រាប់ពួក អារ៉ាប៊ី សាអូឌីហើយលាកបាននិយាយបន្ថែមថា «យើងនឹងធ្វើការជាមួយសភាអំពីការណ៍នេះ»៕