ប្រទេសអារ៉ាប់ប៊ីសាអូឌីតនឹងរៀបចំកិច្ចប្រជុំកំពូលមួយក្នុងពេលឆាប់ៗខាងមុខនេះដើម្បីពិភាក្សាអំពីការអនុវត្តផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីបញ្ចប់សង្គ្រាម ដែលរុស្ស៊ីបង្កឡើងនៅក្នុងប្រទេសនេះកាលពីឆ្នាំទៅ។
នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak និយាយថា កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមពីទីប្រឹក្សាសន្តិសុខជាតិនៃបណ្តាប្រទេសនានា ដើម្បីជួបពិភាក្សាគ្នាបន្តពីកិច្ចពិភាក្សាគ្នាកាលពីដំបូងនៅក្នុងរដ្ឋធានីកូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីខែមិថុនាកន្លងទៅ។ លោក Yermak និយាយថា អ៊ុយក្រែនកំពុងធ្វើការងារនេះយ៉ាងសកម្ម ដើម្បីឱ្យមានការចូលរួមពីដៃគូពាក់ព័ន្ធឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន ពីបណ្តាប្រទេសលោកខាងលិច និងបណ្តាប្រទេសភាគខាងត្បូងនៃពិភពលោក។
លោកមិនបានបញ្ជាក់ឱ្យដឹងពីថ្ងៃខែពិតប្រាកដនៃកិច្ចប្រជុំនេះទេ ប៉ុន្តែកាសែត The Wall Street Journal បានរាយការណ៍ថា កិច្ចប្រជុំកំពូលនេះ អាចនឹងកើតឡើងពីថ្ងៃទី៥ ដល់ទី៦ ខែសីហាខាងមុខនេះ ដែលមានប្រទេសពាក់ព័ន្ធចំនួន៣០ចូលរួម។ ទីភ្នាក់ងារសារព័តមានAP បានស្រង់សម្តីក្រុមមន្ត្រី ដែលបាននិយាយថា សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងប្រទេសអាហ្វ្រិកខាងត្បូងនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។
ក្នុងរឿងដាច់ដោយឡែកមួយទៀត ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការឡើងថ្លៃខ្ពស់នៃគ្រាប់ធញ្ញជាតិ ដែលបានកើតមានឡើងចាប់តាំងពីរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងធ្វើឱ្យក្រុមហ៊ុនរុស្ស៊ី ក៏ដូចជាបណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក ទទួលបានផលប្រយោជន៍លើបញ្ហានេះ។
នៅក្នុងការប្រឹងប្រែងបញ្ចុះបញ្ចូលក្រុមមេដឹកនាំប្រទេសអាហ្វ្រិក នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង St. Petersburg ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Putin និយាយថា ប្រទេសរុស្ស៊ីនឹងចែកផលចំណេញរបស់ខ្លួនពីការឡើងថ្លៃគ្រាប់ធញ្ញជាតិ ជាមួយបណ្តាប្រទេសអាហ្រ្វិកនានា និងប្រទេសក្រីក្រដទៃផ្សេងៗទៀត។ ដូចអ៊ុយក្រែនដែរ រុស្ស៊ីជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំមួយផងដែរ។
ការតាំងចិត្តដែលមិនបានបញ្ជាក់លម្អិតនេះ កើតមានឡើងបន្ទាប់ពីលោកPutin បានសន្យាថា នឹងចាប់ផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិប្រមាណពី២ម៉ឺន៥ពាន់តោន ទៅ៥ម៉ឺនតោនដោយមិនគិតថ្លៃ ទៅឱ្យប្រទេសអាហ្វ្រិកចំនួន៦ក្នុងរយៈពេលពី៣ទៅ៤ខែខាងមុខនេះ។ ប្រទេសទាំង៦នេះរួមមាន ប្រទេសបួគីណាហ្វាសូ ស៊ីមបាវ៉េ ម៉ាលី សូម៉ាលី អេរីត្រេ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពី The Associated Press, Agence France-Presse និង Reuters