ក្រសួងការពារជាតិអង់គ្លេសនិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានផ្លាស់ប្តូរសកម្មភាពនាវារបស់ខ្លួននៅក្នុងសមុទ្រខ្មៅ ហើយមានលទ្ធភាពមួយដែលកងកម្លាំងរុស្ស៊ី កំពុងត្រៀមពង្រឹងបិទផ្លូវចេញចូលរបស់អ៊ុយក្រែននៅក្នុងសមុទ្រនេះ។
កាលពីសប្តាហ៍កន្លងទៅ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានអាយុជិត១ឆ្នាំ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ដែលស្ថិតក្នុងសមុទ្រខ្មៅ។ នៅមុនពេលមានកិច្ចព្រមព្រៀងនោះ ការចូលលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានបញ្ឈប់ការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ខ្លាំងឡើង។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិអង់គ្លេសលើកឡើងថា នាវាចម្បាំងធុនតូចរបស់រុស្ស៊ី Sergey Kotov ត្រូវបានដាក់ប្រចាំការក្នុងសមុទ្រខ្មៅ និងយាមល្បាតខ្សែដឹកជញ្ជូនរវាងច្រកសមុទ្រ Bosporus និងកំពង់ផែ Odesa ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាបន្ថែមដែលមានទឹកប្រាក់៤រយលានដុល្លារអាមេរិក ទៅឱ្យប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស គ្រាប់កំាភ្លើងផ្លោង យន្តហោះដ្រូនធន់តូច និងរថពាសដែកមួយចំនួនផងដែរ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ការប្រកាសផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះ កើតមានឡើង នៅចំពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងប្រឡូកក្នុងសមរភូមិវាយបកប្រឆាំងនឹងកងកម្លាំងឈ្លានពានរុស្ស៊ី ដោយមានសន្ទុះយឺតៗ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្តីរាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters ។