ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ថា​ខ្លួន​បាន​រក​ឃើញ​គ្រាប់​មីន​នៅ​បរិវេណ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia


រូប​ឯកសារ៖ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣។

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​បញ្ជាក់​ថា បុគ្គលិក​របស់​ខ្លួន​បាន​ឃើញ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នៅ​បរិវេណ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៃ​ប្រទេស​អ៊ុយក្រែន។

ទីភ្នាក់ងារ IAEA បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា បុគ្គលិក​របស់​ខ្លួន​បាន​ឃើញ​គ្រាប់​មីន​ទាំង​នេះ​កាលពី​ថ្ងៃ​អាទិត្យ «នៅ​ក្នុង​តំបន់​ទ្រនាប់​រវាង​របង​បរិវេណ​ខាង​ក្នុង​និង​ខាង​ក្រៅ​នៃ​រោងចក្រ​នោះ»។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា គេ​មិន​ឃើញ​មាន​គ្រាប់​មីន​ណា​មួយ «នៅ​ខាង​ក្នុង​រោងចក្រ​នោះ​ផ្ទាល់​នោះ​ទេ»។

រុស្ស៊ី​បាន​ត្រួតត្រា​ទីតាំង​រោងចក្រ​នោះ​តាំងពី​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយក្រែន។ ទីភ្នាក់ងារ IAEA បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​មហន្តរាយ​នុយក្លេអ៊ែរ​ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​ទីភ្នាក់ងារ​នេះ​ជំរុញ​ឱ្យ​មាន​វិធានការ​សុវត្ថិភាព​និង​សន្តិសុខ​នៅ​ឯ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​ទ្វីប​អឺរ៉ុប​នេះ។

ប្រធាន​ទីភ្នាក់ងារ IAEA លោក Rafael Grossi បាន​និយាយ​ថា ការ​បង្កប់​គ្រាប់​មីន​ទាំង​នេះ​គឺ​ជា​ការ​សម្រេច​របស់​យោធា​និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ដែល​ត្រួតត្រា​ដោយ​យោធា។

អ្នក​ជំនាញ​ទីភ្នាក់ងារ IAEA ក៏​កំពុង​បន្ត​តាមដាន​មើល​ទឹក​ដែល​មាន​សម្រាប់​ធ្វើ​ឱ្យ​រ៉េអាក់ទ័រ​របស់​រោងចក្រ​នេះ​ត្រជាក់​ផង​ដែរ បន្ទាប់ពី​ទំនប់​វារីអគ្គិសនី Kakhovka ត្រូវ​បាន​បំផ្លាញ​កាលពី​ខែ​មិថុនា​មក ដែល​ការ​បំផ្លាញ​នេះ​បាន​ប៉ះពាល់​ដល់​កន្លែង​ស្តុក​ទឹក​នៅ​ជិត​រោងចក្រ​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​នេះ។

ទីភ្នាក់ងារ IAEA បាន​លើកឡើង​ដូច្នេះ​ថា៖ «ទីតាំង​នោះ​នៅ​បន្ត​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ»។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា រដ្ឋលេខាធិការ​ផ្នែក​ភេរវកម្ម​និង​ការ​ស៊ើបការណ៍​សម្ងាត់​ហិរញ្ញវត្ថុ​លោក Brian Nelson នឹង​ថ្លែង​សុន្ទរកថា​អំពី​ថា​តើ​ការ​ចាកចេញ​របស់​រុស្ស៊ី​ពី​គម្រោង​ផ្ដួចផ្ដើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative) នឹង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សប្ដាហ៍​នេះ​ទៅ​កាន់​ប្រទេស​កេនយ៉ា​និង​ប្រទេស​សូម៉ាលី។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​ចូលរួម​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នេះ​ឡើង​វិញ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​លំហូរ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG