លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទនេះ បានអំពាវនាវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានពាណិជ្ជករប្រមូលទិញស្រូវ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានា ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវនិងផលិតផលកសិកម្មដទៃទៀតធ្លាក់ចុះ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននេះ ធ្វើឡើងមួយថ្ងៃក្រោយប្រជាកសិករខ្មែរជាច្រើនរយនាក់ បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខប្រាំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃអាទិត្យ ប្រឆាំងនឹងឈ្មួញកណ្ដាល ដែលឲ្យតម្លៃស្រូវរបស់ពួកទាបជាងការកំណត់របស់រដ្ឋាភិបាល នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រមួយ ក្នុងរាជធានីភ្នំពេញយ៉ាងដូច្នេះ៖ «ហើយអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា។ ពាណិជ្ជករ ធ្វើអាជីវកម្ម ស្រូវអង្គរ ត្រូវបញ្ចេញទុន ដើម្បីជួយទិញក្នុងតម្លៃស្រូវ ដែលស្រូវក្រអូប ស្រូវល្អ មិនទាបជាង៨៤០៛។ ខាងផ្នែកធនាគារពាណិជ្ជទាំងឡាយ កែច្នៃ ស្រូវអង្ករ បានទទួលនូវប្រាក់កម្ចី ដែលក្នុងហ្នឹងរដ្ឋ ក៏បានធានានូវហានិភ័យពាក់កណ្ដាល ៥០%។ អំពាវនាវដល់មីក្រូហិរញ្ញវត្ថុ សូមមេត្តាយោគយល់ ចំពោះពលរដ្ឋដែលស្ថិតក្នុងស្ថានភាពការលំបាក ដល់ដំណាក់កាលដែលត្រូវសង គាត់លក់ស្រូវមិនដាច់ ឬស្រូវបានថោកពេក គាត់មិនអាចសងបាន សុំកុំប្ដឹងតុលាការ ទៅរឹបអូសផ្ទះ ឬដីធ្លីគាត់ ស្នើឲ្យមានការយោគយល់ ពន្យារពេលសង ហើយបើអាចទៅរួច មិនយកការប្រាក់ ឬបន្ថយអត្រាការប្រាក់ ចំពោះកសិករ ដែលបានខ្ចីទុនពីយើង»។
លោក ឆុង សុផល មន្ត្រីសម្របសម្រួលសហគមន៍កសិកម្មនៃបណ្ដាញកសិករ និងធម្មជាតិ (FNN) ឲ្យដឹងថា បញ្ហាតម្លៃទាបនៃផលិតផលកសិកម្មនេះ មិនមែនជាបញ្ហាថ្មី ដែលទើបនឹងកើតឡើងក្នុងវិស័យកសិកម្មនោះទេ។
លោកថា មូលហេតុចម្បងនៃការប្រឈមនេះ គឺដោយសារតែកត្តាគ្រោះរាំងស្ងួត និងកត្តាតម្លៃផលិតកម្ម ដែលកសិករបានចំណាយខ្ពស់ហួសហេតុទៅលើថ្លៃដើមផលិតកម្មកសិកម្ម ជាអាទិ៍ថ្លៃជី និងប្រេង។
លោកបន្ថែមទៀតថា កត្តារោងម៉ាស៊ីនកិនស្រូវឯកជន ដែលយកចំណេញខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យផលិតផលស្រូវមានតម្លៃខ្ពស់ដែរ។
«ចឹងរឿងហ្នឹង វាពាក់ព័ន្ធគ្នាទាំងអស់។ ក្រសួងកសិកម្ម ត្រូវពិនិត្យឡើងវិញ ទាក់ទងលើកត្តាផលិតកម្ម ដែលដាក់ចូលក្នុងការផលិតហ្នឹង។ ក្រសួងធនធានទឹកគួរតែរៀបចំឲ្យមានប្រព័ន្ធធារាសាស្ត្រ ហើយក្រសួងពាណិជ្ជកម្ម អាចជួយសម្រួលក្នុងការនាំចេញ។ អាជ្ញាធរអគ្គិសនី គួរបន្ថយថ្លៃភ្លើង ដើម្បីឲ្យកត្តាផលិតទាបសម្រាប់គាត់»។
លោក ឆុង សុផល ឲ្យដឹងទៀតថា ដើម្បីឲ្យកសិករកម្ពុជាអាចសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ឬសហព័ន្ធដែលនាំអង្ករចេញបាននោះ រដ្ឋាភិបាល ចាំបាច់ត្រូវស្ដារប្រព័ន្ធធារាសាស្ត្រឲ្យកសិករ និងត្រូវផ្ដល់ប្រាក់កម្ចីពីរដ្ឋាភិបាលទៅកសិករដោយផ្ទាល់ និងការប្រាក់ទាប។
«ចំពោះខ្ញុំផ្ទាល់ ចង់ឃើញកសិករខ្លួនឯង រៀបចំឲ្យមានសហគមន៍កសិកម្មខ្លួនឯង។ ចឹងកាលណាគាត់ជាសហគមន៍ អាចតម្លៃផលិតកម្មថោកជាងបន្តិច។ ទី២ គាត់ត្រូវចងក្រងជាសហគមន៍ ដើម្បីមានដើមទុនខ្លួនឯង។ ដូចរាល់ថ្ងៃនេះ រដ្ឋាភិបាលបានបញ្ចេញលុយ ដើម្បីទប់ស្កាត់ អតិផរណាទាក់ទងរឿងស្រូវ ហ្នឹងគឺបានទៅដល់ដៃឯកជនទេ។ ចឹងបើយើងប្រគល់ឲ្យសហគមន៍ ជាអ្នកប្រមូលទិញស្រូវវិញ វាអាចបានផលដល់កសិករ»។
កាលពីថ្ងៃច័ន្ទ ទី១៩ ខែកញ្ញានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយដល់កសិករ ដែលជួបប្រទះបញ្ហាហិរញ្ញវត្ថុជាក់ស្ដែង ព្រមទាំងបន្តផ្ដល់ និងបង្កើនទំហំប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ឬពាណិជ្ជករដែលប្រមូលទិញស្រូវ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃស្រូវអង្ករ។
កាលពីថ្ងៃអាទិត្យ ទី១៨ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយផងដែរ អំពាវនាវឲ្យប្រជាកសិករទាក់ទងទៅប្រធានសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ដើម្បីប្រាប់បញ្ហាប្រឈមដល់សហព័ន្ធស្រូវអង្ករកម្ពុជា អាចជួយរកដំណោះស្រាយ ព្រមទាំងស្នើសុំឲ្យសមាជិករោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញ ជួយប្រមូលទិញស្រូវដោយផ្ទាល់ពីសហគមន៍កសិករ។
សេចក្ដីជូនដំណឹងដដែលនេះ លើកឡើងពីបញ្ហា៥សំខាន់ៗដែលនាំឲ្យតម្លៃស្រូវធ្លាក់ចុះ ដូចជា ការធ្លាក់ចុះការកុម្ម៉ង់អង្ករនិងការធ្លាក់ចុះតម្លៃអង្ករក្នុងទីផ្សារបរទេស ការខ្វះខាតឡសម្ងួត និងឃ្លាំងស្តុកទុក អាកាសធាតុមិនអំណោយផល និងម្ចាស់រោងម៉ាស៊ីនមិនមានទុនគ្រប់គ្រាន់ដើម្បីទិញស្រូវជាដើម។
យ៉ាងណាក៏ដោយ ក្រុមសមាជិកសភាគណបក្សជំទាស់ នៅថ្ងៃច័ន្ទដែរ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ រិះគន់គោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលថាជា«គោលនយោបាយខុស» រួមមាន ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យកសិករបាត់បង់ដីធ្លី ការពុំជួយកាត់បន្ថយតម្លៃសម្ភារៈកសិកម្ម ការផ្ដល់សិទ្ធិឲ្យឈ្មួញផ្ដាច់មុខ ការពុំផ្ដល់ជំនួយបច្ចេកទេសដល់កសិករ ការពុំបានបង្កើតទីផ្សារសម្រាប់កសិផល ការសាងសង់ប្រព័ន្ធធារាសាស្ត្រដែលគ្មានប្រសិទ្ធភាព និងការពុំមាននយោបាយកាត់បន្ថយអត្រាការប្រាក់ខ្ពស់ គឺជាមូលហេតុធ្វើឲ្យផលិតកម្មស្រូវជួបបញ្ហាដូចនាពេលបច្ចុប្បន្ននេះ៕