ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សគ្រប់គ្រងប្រទេស បានប្រកាសទិញអង្ករពីប្រជាកសិករខ្មែរ ជាហូរហែកាលពីថ្ងៃអង្គារនេះ តាមការអំពាវនាវពីធនាគារអភិវឌ្ឍន៍ជនបទនៅកម្ពុជា និងក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យពាណិជ្ជករបញ្ចេញទុនជួយទិញស្រូវពីប្រជាកសិករខ្មែរ។
ក្រុមអ្នកវិភាគ និងក្រុមអ្នកជំនាញកសិកម្មនិយាយថា ការចេញមុខចេញមាត់របស់ក្រុមមន្ត្រីបក្សកាន់អំណាចនេះ នឹងអាចកាត់បន្ថយវិបត្តិនៃការទម្លាក់ថ្លៃស្រូវបានមួយពេលខ្លីតែប៉ុណ្ណោះ ហើយថា រដ្ឋាភិបាល និងមន្ត្រីទទួលបន្ទុកផ្នែកកសិកម្ម ត្រូវដាក់ចេញយន្តការដោះស្រាយចំណុចសំខាន់ៗដែលនាំឲ្យមានវិបត្តិតម្លៃស្រូវនេះ ដែលជាបញ្ហាច្រំដែល និងមិនមែនជារឿងថ្មីនោះ។
លោក ហ៊ុន សែន បានប្រកាសឲ្យមានការចូលរួមចំណែកក្នុងការទិញស្រូវពីកសិករ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ រៀបចំឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទថា៖
«យើងនៅតែខិតខំ ខិតខំ ដើម្បីនឹងដោះស្រាយបញ្ហានេះ ហើយអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងហ្នឹង ពាណិជ្ជករ ធ្វើអាជីវកម្មស្រូវអង្ករ ត្រូវបញ្ចេញទុន ដើម្បីនឹងជួយទិញ ក្នុងតម្លៃស្រូវ ដែលស្រូវក្រអូប ស្រូវល្អ មិនទាបជាង៨៤០រៀល»។
អង្គភាពព័ត៌មានក្នុងស្រុកមួយ ដែលគេដឹងថា ស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា បានចេញផ្សាយសេចក្ដីប្រកាសជួយទិញអង្កររបស់ប្រជារាស្ត្រខ្មែរ ពីក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេស ដែលរាប់តាំងពីឋានៈរដ្ឋមន្ត្រី រហូតដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជ។
ពួកគេបានប្រកាសទិញស្រូវចាប់ពីម៉ោងប្រមាណជាង ១២ថ្ងៃត្រង់ បន្តរហូតដល់រសៀលថ្ងៃអង្គារ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនអំពីការទិញអង្ករនោះ អង្គភាពព័ត៌មានដដែលនោះ មិនបានលម្អិតថា តើការទិញអង្ករគឺសម្រាប់ការធ្វើអាជីវកម្មបន្ត ឬសម្រាប់ជួយផ្នែកមនុស្សធម៌ ឬក៏សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។
លោក សម វិទូ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការCDAC ប្រាប់ VOA ថា ការស្វះស្វែងជួយទិញអង្ករពីកសិករខ្មែរនោះ គឺគ្រាន់តែអាចសម្រួលដល់ផលវិបាករបស់កសិករក្នុងរយៈពេលខ្លី និងមិនអាចដោះស្រាយវិបត្តិថ្លៃស្រូវនេះបានទេទាំងនៅក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត។
«អាហ្នឹងគេមិនមែន ហៅចេតនានៅក្នុងការជួយតែម្ដងទេ បើក្នុងការជួយតែម្ដង ចង់និយាយថា ចង់ធ្វើម៉េចកុំឲ្យកសិករគាត់ទទួលផលប៉ះពាល់ អញ្ចឹងរហូត ចង់និយាយថា ព្រោះនេះដោះករណីមួយរឿងៗ ព្រោះយើងកាលណា ចង់ឲ្យគាត់ កុំឲ្យមានបញ្ហាអញ្ចឹង ត្រូវរៀបចំជាគោលនយោបាយវិញបាទ»។
លោកថ្លែងថា ការកំណត់គោលនយោបាយឲ្យជាក់លាក់មួយ ជាការចំាបាច់សម្រាប់បញ្ចៀសវិបត្តិថ្លៃស្រូវដែលកសិករបានទទួលរងជាយូរឆ្នាំមកហើយ។
លោកប្រាប់ VOA បន្ថែមថា គោលនយោបាយដែលរដ្ឋាភិបាលកំណត់ឡើង ត្រូវតែជាអ្វីដែលមន្ត្រីទទួលបន្ទុកកិច្ចការកសិកម្មអាចអនុវត្តន៍ បានដោយមានភាពស៊ីសង្វាក់គ្នា និងមានការចូលរួមពីភាគីពាណិជ្ជករ និងកសិករជាដើម។
លោកបញ្ជាក់ទៀតថា គោលនយោបាយនាំស្រូវអង្កចេញឲ្យបាន ១លានតោននាឆ្នាំ២០១៥ បានទទួលបរាជ័យ ដោយសាររដ្ឋមានគោលនយោបាយ តែការអនុវត្តគោលនយោបាយនេះដោយក្រុមមន្ត្រីមិនបានប្រព្រឹត្តទៅព្រមគ្នា ខណៈដែលអ្នកវិនិយោគនៅរារែកមិនហ៊ានបោះទុនលើការដំឡើងម៉ាស៊ីនកិនស្រូវ ដោយពួកគេយល់ថា អាចមានហានិភ័យខ្ពស់ នៅគ្រាថ្លៃដើមផលិតរួមមានអគ្គិសនី និងការដឹកនាំជញ្ជូននៅមានកម្រិតខ្ពស់នៅឡើយ បើធៀបនឹងប្រទេសក្បែរខាងនោះ។
លោកអះអាង ការប្រព្រឹត្តអំពើពុករលួយក៏អាចជាផ្នែករួមចំណែកដល់ ធ្វើឲ្យការដំឡើង និងទម្លាក់ថ្លៃស្រូវ តាមតែមាត់ឈ្មួញកណ្ដាលផងដែរ។
ការធ្លាក់តម្លៃស្រូវនេះ បានបង្កឲ្យមានការខឹងសម្បារពីប្រជាពលរដ្ឋខ្មែរមួយចំនួនដែរ។
ជាក់ស្ដែងប្រជាពលរដ្ឋខ្មែរប្រមាណ ១០០០ នាក់កាលពីព្រឹកថ្ងៃអាទិត្យបានបិទកំណាត់ផ្លូវជាតិលេខប្រាំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីតវ៉ានឹងឈ្មួញកណ្ដាល ដែលឲ្យតម្លៃស្រូវរបស់ពួកទាបហួសហេតុខុសពីការកំណត់របស់រដ្ឋាភិបាល។
លោក ឆុង សុផល មន្ត្រីសម្របសម្រួលសហគមន៍កសិកម្មនៃបណ្ដាញកសិករ និងធម្មជាតិ (FNN)ប្រាប់ VOAថា ការប្រកាសជួយទិញស្រូវពីក្រុមមន្ត្រីរដ្ឋាភិបាលនេះ មិនអាចដោះស្រាយវិបត្តិធ្លាក់តម្លៃស្រូវនេះបានទេ វាលែងតែរដ្ឋាភិបាលបង្កើតយុទ្ធសាស្ត្រមួយ ផ្ដល់ឲ្យសហគមន៍កសិករ ជាអ្នកទទួលបន្ទុកទិញស្រូវសម្រាប់ស្តុកទុក ខណៈដែលឈ្មួញកណ្ដាលនាពេលនេះ កំពុងតែបញ្ចេញស្រូវដែលខ្លួនមាន ដើម្បីត្រៀមចាំការប្រមូលទិញស្រូវម្ដងទៀតនាខែវិច្ឆិកាខាងមុខនេះ។
«បើនិយាយមែនទែនទៅ ឈ្មួញមិនអាចប្រមូលទិញទៀតទេ គឺគាត់ត្រូវបុកធ្វើម៉េចនាំអង្ករគាត់ចេញ នាំអង្ករគាត់ចេញទៅក្រៅប្រទេសឲ្យអស់ ដើម្បីដល់ខែ ១១ គាត់ចាប់ផ្ដើមប្រមូលទិញវិញ។ អញ្ចឹងបើរដ្ឋាភិបាល គាត់ជួយទិញអង្ករពីកសិករពីគ្រាន់តែជាការដោះបញ្ហាបានមួយពេលៗ ហ្នឹង មិនអាចទិញបានរហូតទេ។ បើរដ្ឋាភិបាលអាចទិញបានរហូត រដ្ឋាភិបាលអាចប្រគល់ ប្រគល់អាការងារហ្នឹងទៅឲ្យសហគមន៍កសិកម្ម ដែលរដ្ឋាភិបាលបានបង្កើត ទូទាំងប្រទេសហ្នឹង ដែលមាន ១០០០ សហគមន៍កសិកម្ម។ អញ្ចឹងបើយើងអាចប្រគល់តួនាទីហ្នឹងឲ្យគាត់ ហើយឲ្យគាត់អ្នកប្រមូលទុក ហើយឲ្យលុយគាត់អ្នកប្រមូលទុកទៅ ហើយដល់ពេលរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវក្នុងការជួយរកទីផ្សារឲ្យពួកគាត់ អាហ្នឹងបានវានិរន្តរភាពសម្រាប់កសិករ»។
លោកបន្តថា ការបញ្ចេញសាច់ប្រាក់របស់រដ្ឋាភិបាលឲ្យវិស័យឯកជនក្នុងការដើរប្រមូលទិញស្រូវនេះ នឹងបង្កផលប៉ះពាល់មកលើកសិករវិញ គឺនៅក្នុងកាលៈទេសៈ ដែលមានការខ្វះខាតស្រូវនាខែវិច្ឆិកា ខាងមុខដែលតម្លៃអង្ករនឹងអាចឡើងថ្លៃ។
លោក ឆុង សុផល អះអាងថា វិធានការដែលរដ្ឋាភិបាលកំពុងធ្វើនេះ កំពុងហុចប្រយោជន៍ឲ្យឈ្មួញមកពីវិស័យឯកជន និងបន្សល់ការរងគ្រោះដល់កសិករនាពេលក្រោយ។
ការតវ៉ាប្រឆាំងថ្លៃស្រូវនៅខេត្តបាត់ដំបង បានកើតឡើង ក្រោយពីមានឈ្មួញកណ្ដាល មកចរចាទិញស្រូវពីកសិករ ក្នុងតម្លៃ ៦០០រៀល ក្នុងមួយគីឡូសម្រាប់ស្រូវប្រភេទលេខ២ និង ៦៥០ រៀល សម្រាប់ប្រភេទលេខ១។
ក៏ប៉ុន្តែ ពេលកសិករយកស្រូវទៅលក់ ឈ្មួញកណ្តាលបែរជាមិនទិញ ដែលជាហេតុធ្វើឲ្យកសិករកើតក្ដីខឹងសម្បារជាខ្លាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា មន្ត្រីនៃគណបក្សកាន់អំណាចបានទិញអង្កររាប់តោននេះ គឺសម្រាប់បម្រើគោលបំណងសប្បុរសធម៌ប៉ុណ្ណោះ។
លោកក៏មិនប្រកែកថា ការទិញអង្ករចែកជូនប្រជារាស្ត្រនេះ មិនមែនជាការស្វែងរកការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាផងដែរ។
«ទិញយកទៅចែកប្រជាជន ទីមួយ គឺយើងរំដោះដើម្បីរក្សាថ្លៃអង្ករហ្នឹង តាមការអំពាវនាវរបស់សមាគមអង្កររបស់រដ្ឋយើង ហើយនិងទីពីរវាបានផលប្រយោជន៍យកទៅចែកជូនដល់ប្រជាជន ហើយជាពិសេសទីបី ផលប្រយោជន៍នៅពេលភ្ជុំបិណ្ឌនេះ គេយកទៅចែកពេលភ្ជុំបិណ្ឌហ្នឹង នៅតាមទីវត្តអារាម បងប្អូនប្រជាពលរដ្ឋដែល ទៅធ្វើបុណ្យហ្នឹងទទួលអំណោយហ្នឹងហើយ»។
លោកប្រាប់ VOA បន្ថែមថា អន្តរាគមន៍របស់រដ្ឋាភិបាលនេះ បានឆ្លើយតបទៅនឹងវិបត្តិធ្លាក់តម្លៃស្រូវនេះភ្លាមៗ មិនដូចការរិះគន់ពីក្រុមជំទាស់នានាថា រដ្ឋាភិបាលខ្វះយន្តបង្ការជាមុនចំពោះវិបត្តិដែលអាចកើតជាយថាហេតុនៅក្នុងផលិតកម្មស្រូវ និងការធ្លាក់ចុះតម្លៃស្រូវនេះផងដែរ។
ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលប្រកាសទិញអង្ករនោះ ត្រូវគេរាយការណ៍ថា រួមមានលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសទិញអង្ករ១០តោន លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសទិញអង្ករ២០តោន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសទិញអង្ករ ១០តោន និង លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសទិញ ១០តោន និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រកាសទិញ ១០តោន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារ ក៏បានចេញសារនយោបាយលើទំព័រហ្វេសប៊ុករបស់លោក ថ្លែងអំណរគុណដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពាណិជ្ជករដែលបានចូលរួមទិញស្រូវពីប្រជាកសិករ បន្ទាប់ពីមានការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ។
លោកស្នើឲ្យមានការកើនឡើងនៃចលនាទិញស្រូវពីប្រជាកសិករនេះ ឲ្យបានច្រើនថែមទៀតនៅទូទាំងប្រទេស។
ការបន្តធ្លាក់ចុះនៃតម្លៃស្រូវនេះ មិនត្រឹមតែបានធ្វើឲ្យរដ្ឋាភិបាលអន្តរាគមន៍ភ្លាមៗដើម្បីជួយសម្រួលការលំបាកដល់កសិករនោះទេ តែកាលពីថ្ងៃអាទិត្យ ទី១៨ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចេញសេចក្ដីជូនដំណឹងមួយផងដែរ អំពាវនាវឲ្យប្រជាកសិករទាក់ទងទៅប្រធានសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ដើម្បីប្រាប់បញ្ហាប្រឈមដល់សហព័ន្ធស្រូវអង្ករកម្ពុជា អាចជួយរកដំណោះស្រាយ ព្រមទាំងស្នើសុំឲ្យសមាជិករោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញ ជួយប្រមូលទិញស្រូវដោយផ្ទាល់ពីសហគមន៍កសិករ។
សេចក្ដីជូនដំណឹងដដែលនោះ លើកឡើងពីបញ្ហា៥សំខាន់ៗដែលនាំឲ្យតម្លៃស្រូវធ្លាក់ចុះ ដូចជា ការធ្លាក់ចុះការកុម្ម៉ង់អង្ករនិងការធ្លាក់ចុះតម្លៃអង្ករក្នុងទីផ្សារបរទេស ការខ្វះខាតឡសម្ងួត និងឃ្លាំងស្តុកទុក អាកាសធាតុមិនអំណោយផល និងម្ចាស់រោងម៉ាស៊ីនមិនមានទុនគ្រប់គ្រាន់ដើម្បីទិញស្រូវជាដើម៕