ជនជាតិកូរ៉េខាងត្បូងដែលមានវ័យចំណាស់រាប់សិបនាក់បានជួបជុំគ្នានៅថ្ងៃអាទិត្យនេះ នៅមុនការជួបជុំសាច់ញាត្តិរបស់ពួកគេមកពីប្រទេសកូរ៉េខាងជើងមកដល់ ដែលការជួបគ្នានេះគឺជាការជួបគ្នាជាលើកដំបូងបន្ទាប់ពីពួកគេបែកគ្នាជិត៧ទសវត្សរ៍កន្លងមកហើយ។
ពិធីជួបជុំគ្នាដែលមានរយៈពេល៣ថ្ងៃនេះ គឺជាការជួបជុំគ្នាជាលើកទីមួយសម្រាប់រយៈពេលបីឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃចន្ទស្អែកនេះនៅឯរមណីយដ្ឋាន Kumgangក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងក្នុងរយៈពេលដ៏ឆាប់នេះ។
ពលរដ្ឋកូរ៉េរាប់លាននាក់បានបែកបាក់ក្រុមគ្រួសារដោយសារសង្គ្រាមកូរ៉េចាប់ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ដែលសង្គ្រាមនេះបានធ្វើឲ្យបងប្អូនប្រុសស្រី ឳពុកម្តាយ កូនៗ ប្តីប្រពន្ធប្រាត់ប្រាស់គ្នារហូតដល់ឧបទ្វីបកូរ៉េទាំងមូលត្រូវបែកបាក់ផងដែរ។.
លោកយាយ Lee Keum-seom ដែលមានវ័យ៩២ឆ្នាំម្នាក់ក៏ស្ថិតក្នុងចំណោមមនុស្សចាស់ទាំងនោះដែរ ដែលលោកយាយកំពុងរង់ចាំជួបកូនប្រុសរបស់លោកយាយជាលើកទីមួយ ចាប់តាំងពីលោកយាយបានបែកពីកូនដោយសារភាពចលាចលកាលពីសម័យសង្គ្រាម។
លោកយាយបានបាត់ដំណឹងប្តីរបស់លោកយាយនិងកូនប្រុសម្នាក់ដែលពេលនោះមានអាយុ៤ឆ្នាំ បន្ទាប់ពីក្រុមគ្រួសាររបស់លោកយាយបានរត់ភៀសខ្លួនដោយបានឡើងជិះទូកចេញទៅកាន់ភាគខាងត្បូងជាមួយនឹងកូនស្រីម្នាក់។ ឥឡូវនេះកូនស្រីរបស់លោកយាយគឺជាអ្នកជូនលោកយាយមកចូលរួមពិធីជួបជុំគ្រួសារនេះ។
កូនប្រុសលោកយាយឥឡូវនេះមានអាយុ៧១ឆ្នាំ។ លោកបាននិយាយថាលោកនឹងយកកូនប្រសារស្រីរបស់លោកមកចូលរួមពិធីជួបជុំគ្រួសារនេះ។
លោកបានប្រាប់សារព័ត៌មាន AFPថាលោកមិនដឹងថាលោកនឹងមានអារម្មណ៍យ៉ាងដូចម្តេចទេ។ មិនដឹងថានេះជាការពិតឬជាការយល់សប្តិនោះទេ។
លោកយាយបានរៀបការម្តងទៀតនៅកូរ៉េខាងត្បូងនិងមានកូន៧នាក់ ប៉ុន្តែលោកយាយតែងតែបារម្ភអំពីកូនប្រុសដែលលោកយាយបានទុកចោលនៅកូរ៉េខាងជើង។ ឥឡូវនេះមានសំណួរជាច្រើនដែលត្រូវចោទសួរ៕