ទីតាំងចង្អៀតក្លាយជាបញ្ហាប្រឈមមួយសម្រាប់សារមន្ទីរជាតិ ដែលមានទីតាំងស្ថិតនៅក្បែរព្រះបរមរាជវាំង។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងថា ស្របពេលដែលវត្ថុបុរាណខ្មែរត្រូវបានបញ្ជូនមកពីបរទេសជាបន្តបន្ទាប់ និងដោយសារមានតម្រូវការជាក់ស្តែង សារមន្ទីរកំពុងតែសិក្សាក្នុងការពង្រីកទីតាំង ដោយយកទីតាំងសាលាវិចិត្រសិល្បៈជាកន្លែងពង្រីកបន្ថែម។
លោកថ្លែងថា៖ «ហេតុផលដែលសារៈមន្ទីរយើងត្រូវតែពង្រីក ពីព្រោះទី ១ ដែលសំខាន់នោះ គឺផ្ទៃរបស់អាគាររបស់យើងហ្នឹង គឺវាមានទំហំតូចសម្រាប់ការដាក់តាំងបង្ហាញទៅលើប្រធានបទមួយឲ្យវាមានការទាក់ទាញ។ យើងលំបាក់ក្នុងការធ្វើ ដោយសារទំហំអាគាររបស់យើងតូច។ ហេតុផលទី ២ ដែលសំខាន់ដោយសារចំនួនសមុច័យរបស់យើងហ្នឹង មានចំនួនច្រើនរហូតមកដល់នេះ យើងមានជិតដល់ ២ ម៉ឺនវត្ថុ ដែលក្នុងទាំងអស់នោះវាមានតូចធំ។ អ៊ីចឹងទៅវាច្រើនស្កេកស្កះ»។
លោក ឆាយ វិសុទ្ធ ចាត់ទុកវត្ថបុរាណដែលត្រូវបានបញ្ជូនពីក្រៅប្រទេស ជាដួងព្រលឹងនិងស្មារតីរបស់ដូនតាខ្មែរ ដែលលោកថាត្រូវបានលួចយកទៅក្រៅប្រទេសក្នុងសម័យសង្រ្គោម។
លោកថ្លែងថា៖ «ហេតុអ្វីបានខ្មែរយល់ថារបស់បុរាណទាំងអស់នោះវាជារបស់មិនអាចកាត់ថ្លៃបាន? ដោយសារខ្មែរយើងយល់ថារបស់ទាំងអស់នោះវាមានវិញ្ញាណ ព្រលឹងនៅក្នុងនោះ។ វាជារបស់ដូនតាខ្មែរបន្សល់ទុកមក មានព្រលឹង មានវិញ្ញាណ។ អានេះជាតម្លៃរាល់វត្ថុសិល្បៈទាំងអស់ដែលយើងទទួលបាន បុរាណដែលទទួលបានពីបរទេស គឺមានអត្ថន័យនិងខ្លឹមសារខ្លាំងណាស់សម្រាប់ខ្មែរ»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណប្រមាណ ៣០០ មកពីបរទេស ហើយប្រទេសដែលជួយកម្ពុជាច្រើន ដើម្បីទទួលបានវត្ថុបុរាណទាំងនោះមកវិញ គឺសហអាមេរិក។ កាលពីឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណចំនួន ១៤ ដែលយកចេញពីសារមន្ទីរ Metropolitan Museum of Art (MET) នៃទីក្រុងញូវយ៉ក។ វត្ថុបុរាណទាំងនោះមានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។ កាលពីឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានបញ្ជូនរូបចម្លាក់ប្រណិតមួយ ក្នុងសតវត្សទី ១០ ឈ្មោះថា «ព្រះស្កន្ទគង់លើក្ងោក»។
សហរដ្ឋអាមេរិកកំណត់ថា រូបចម្លាក់«ព្រះស្កន្ទគង់លើក្ងោក»នេះត្រូវបានលួចកាលពីជាង ២០ ឆ្នាំមុនពីប្រាសាទក្រចាប់ ក្នុងខេត្តព្រះវិហារ ដោយអតីតសមាជិកខ្មែរក្រហមម្នាក់ ហើយក្រោយមកបានធ្លាក់ក្នុងដៃអ្នកប្រមូលទិញសិល្បៈជនជាតិអង់គ្លេសលោក Douglas Latchford។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា គិតចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាទទួលបានវត្ថុបុរាណខ្មែរសរុបប្រមាណ ១.១០០ ពីប្រទេសចំនួន ១៥ រួមមានសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ចិន និងថៃជាដើម។
លោក ហាប់ ទូច អ្នកនាំពាក្យក្រសួងវប្បធម៌ ថ្លែងថា វត្ថុបុរាណខ្មែរនៅមានច្រើនទៀតនៅក្រៅប្រទេសដែលត្រូវទាមទារ។
លោកថ្លែងថា៖ «[វត្ថុបុរាណខ្មែរនៅក្រៅប្រទេស]មាន! យើងមាន! ប៉ុន្តែជាតួលេខទាំងមូលហ្មង យើងអត់ទាន់បានស្រាវជ្រាវបានគ្រប់គ្រាន់នៅឡើយទេ។ ប៉ុន្តែនៅច្រើនទៀតដែលយើងកំពុងធ្វើការ។ យើងនៅតែធ្វើបន្តទៀតជាប់ជានិច្ច»។
ប្រធានសារមន្ទីរជាតិ លោក ឆាយ វិសុទ្ធ ឲ្យដឹងថា វត្ថុបុរណដែលទទួលបានពីបរទេសមកវិញនឹងត្រូវដាក់ចល័តនៅសារមន្ទីរតាមខេត្តមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសចូលទស្សនា៕
វេទិកាបញ្ចេញមតិ