ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​រវ៉ាន់ដា​ផ្តន្ទាទោស​បុរស​ដែល​គេ​ចាត់ទុក​ថា ជា​វីរជន​«សណ្ឋាគារ​រវ៉ាន់ដា» ពី​បទ​ភេរវកម្ម


រូបឯកសារ៖ លោក Paul Rusesabagina ដែល​នៅក្នុង​ភាពយន្ត​ហូលីវូដ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ឆ្នាំ១៩៩៤ នៅ​ប្រទេស​រវ៉ាន់ដា ត្រូវបាន​គេ​បង្ហាញ​ថា ជា​វីរបុរស​នោះ ត្រូវបាន​គេ​ដាក់​ខ្នោះដៃ ពេល​លោក​ដើរ​ចេញពី​បន្ទប់​សវនាការ​នៅ​​រដ្ឋធានី​គីហ្គាលី ប្រទេសរវ៉ាន់ដា កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Paul Rusesabagina ដែល​នៅក្នុង​ភាពយន្ត​ហូលីវូដ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ឆ្នាំ១៩៩៤ នៅ​ប្រទេស​រវ៉ាន់ដា ត្រូវបាន​គេ​បង្ហាញ​ថា ជា​វីរបុរស​នោះ ត្រូវបាន​គេ​ដាក់​ខ្នោះដៃ ពេល​លោក​ដើរ​ចេញពី​បន្ទប់​សវនាការ​នៅ​​រដ្ឋធានី​គីហ្គាលី ប្រទេសរវ៉ាន់ដា កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ តុលាការ​នៃ​ប្រទេស​រវ៉ាន់ដា​ បាន​កាត់ទោស​លោក Paul Rusesabagina ដែល​ជា​អតីត​អ្នក​គ្រប់គ្រង​សណ្ឋាគារ Hotel des Mille Collines នៅ​ក្នុង​រដ្ឋធានី​គីហ្គាលី ប្រទេស​រវ៉ាន់ដា ឱ្យ​ជាប់​ពន្ធនាគារ ២៥ ឆ្នាំ បន្ទាប់ពី​បាន​រក​ឃើញ​ថា លោក​មាន​ទោស​ក្រោម​បទ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ភេរវកម្ម។

លោក Rusesabagina វ័យ ៦៧ ឆ្នាំ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​វីរជន បន្ទាប់ពី​លោក​បាន​ជួយ​ផ្ដល់​កន្លែង​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​នោះ​ឱ្យ​មនុស្ស​ជាង ១.០០០ នាក់ ដើម្បី​គេច​ផុត​ពី​ការ​វាយ​ប្រហារ​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​កាលពី​ឆ្នាំ ១៩៩៤។

លោក​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​មាន​ពេល ៣០ ថ្ងៃ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​កាត់ទោស​នេះ។

តុលាការ​នេះ ​បាន​ផ្ដន្ទាទោស​លោក បន្ទាប់ពី​បាន​បញ្ចប់​សវនាការ​មួយ ដែល​អ្នក​រិះគន់​ថា មិន​មាន​យុត្តិធម៌ និង​មាន​ការ​កំណត់​លទ្ធផល​ទុក​ជា​មុន។

លោក Rusesabagina និង​មនុស្ស ២០ នាក់​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កង​កម្លាំង​រំដោះ​ជាតិ (National Forces of Liberation (FLN)) ដែល​ជា​ក្រុម​ជីវពល ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ​បាន​ធ្វើការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា។

នៅ​ក្នុង​ការ​ប្រកាស​ទោស ប្រធាន​ចៅក្រម​លោក Antoine Muhima បាន​ប្រាប់​សវនាការ​នៃ​តុលាការ​ក្នុង​រដ្ឋធានី​គីហ្គាលី​ថា លោក Rusesabagina មាន​ទោស​ដោយសារ​លោក​ បាន​បង្កើត​និង​ជា​សមាជិក​ម្នាក់​នៃ​អង្គការ​ភេរវកម្ម​មួយ។

អ្នកស្រី Yolande Makolo អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រវ៉ាន់ដា បាន​បញ្ជាក់​តាម Twitter ថា ភស្តុតាង​ប្រឆាំង​នឹង​ចុងចោទ​ គឺជា​ភស្តុតាង​ដែល «មិន​អាច​ប្រកែក​បាន»។

កាសែត​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រវ៉ាន់ដា បាន​រាយការណ៍​កាលពី​ពេល​មុន​ថា ក្រុម​រដ្ឋអាជ្ញា​មាន​បំណង​ចង់​ឱ្យ​លោក Rusesabagina មាន​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត។ លោក Rusesabagina គឺ​ជា​អ្នក​រិះគន់​ខ្លាំងក្លា​ម្នាក់​លើ​លោក​ប្រធានាធិបតី Paul Kagame និង​រដ្ឋាភិបាល​របស់​លោក។

ក្រុម​គ្រួសារ​និង​ក្រុម​អ្នក​គាំទ្រ​លោក Rusesabagina បាន​និយាយ​ថា លោក Rusesabagina ដែល​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​លោក​កាលពី​ឆ្នាំ ១៩៩៦ និង​ដែល​មាន​សញ្ជាតិ​ប៊ែលហ្សិក ​និង​ជា​អ្នក​មាន​សិទ្ធិ​រស់នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​បញ្ឆោត​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​រវ៉ាន់ដា​វិញ​កាលពី​ខែ​សីហា ឆ្នាំ ២០២០។

បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ដល់​ទីក្រុង Dubai នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម លោក Rusesabagina បាន​បន្ត​ដំណើរ​តាម​យន្តហោះ​ឯកជន​ទៅកាន់​រដ្ឋធានី​គីហ្គាលី ប្រទេស​រវ៉ាន់ដា ដែល​នៅ​ទីនោះ លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន។

លោក Rusesabagina បាន​បញ្ជាក់​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ចំនួន បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ថា នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ លោក​ជឿ​ថា ​លោក​កំពុង​ធ្វើដំណើរ​ទៅ​ប្រទេស​ប៊ូរុនឌី​ដើម្បី​ថ្លែង​នៅ​ក្នុង​ព្រះវិហារ​គ្រិស្តសាសនា តាម​ការ​អញ្ជើញ​របស់​មិត្តភក្តិ​ម្នាក់។

រូបឯកសារ៖ លោក Paul Rusesabagina ដែល​បាន​បំផុស​គំនិត​ឲ្យ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នៅ​ហូលីវូដ​ថត​ភាពយន្ត​ដែល​មាន​ចំណងជើង​ថា «សណ្ឋាគាររវ៉ាន់ដា» ជា​ភាសា​អង់គ្លេស​ថា «Hotel Rwanda» ស្ថិត​នៅ​ក្នុង​បន្ទប់​សវនាការ​ជំនុំ​ជម្រះ​ក្តី​របស់​លោកនៅរដ្ឋធានី​គីហ្គាលី ប្រទេស​រវ៉ាន់ដា កាលពី​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Paul Rusesabagina ដែល​បាន​បំផុស​គំនិត​ឲ្យ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នៅ​ហូលីវូដ​ថត​ភាពយន្ត​ដែល​មាន​ចំណងជើង​ថា «សណ្ឋាគាររវ៉ាន់ដា» ជា​ភាសា​អង់គ្លេស​ថា «Hotel Rwanda» ស្ថិត​នៅ​ក្នុង​បន្ទប់​សវនាការ​ជំនុំ​ជម្រះ​ក្តី​របស់​លោកនៅរដ្ឋធានី​គីហ្គាលី ប្រទេស​រវ៉ាន់ដា កាលពី​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។

អ្នកស្រី Kate Gibson ដែល​ជា​មេធាវី​ម្នាក់​របស់​លោក Rusesabagina បាន​បញ្ជាក់​ប្រាប់​កម្មវិធី​វិទ្យុ​របស់​វីអូអេ ដែល​មាន​ឈ្មោះ​ថា Daybreak Africa ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ថា លោក Rusesabagina មិន​ដែល​មាន​ឱកាស​ឡើង​តុលាការ​នោះ​ទេ។

អ្នកស្រី Gibson និយាយ​ដូច្នេះ​ថា៖ «តាម​គំនិត​របស់​យើង នេះ​គឺជា​ទី​បញ្ចប់​នៃ​រឿង​មួយ​ដែល​ត្រូវ​បាន​តាក់តែង​មុន​លោក Rusesabagina ត្រូវ​បាន​ចាប់​ពង្រត់។ ប៉ុន្តែ ផែនការ​ដោយ​ចេតនា​និង​សម្រេច​ទុក​ជាមុន​មួយ​ គឺ​មាន​រួច​ស្រេច​ទៅ​ហើយ ដែល​កំណត់​ថា លោក​ត្រូវ​កាត់ក្តី​ឱ្យ​មាន​ទោស​ដោយ​អាជ្ញាធរ​តុលាការ​នៃ​ប្រទេស​រវ៉ាន់ដា»។

អ្នកស្រី Gibson បាន​ថ្លែង​ថា លោក Rusesabagina មិន​បាន​ទទួល​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​នោះ​ទេ។ អ្នកស្រី​បាន​ពោល​ថា មេធាវី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្តល់​ឯកសារ​ទៅ​ឱ្យ​លោក​ទេ ហើយ​នៅ​ពេល​ដែល​ឯកសារ​ត្រូវ​បាន​ដាក់​ដើម្បី​ពិភាក្សា វា​ត្រូវ​បាន​គេ​រឹប​អូស​យក។

អ្នកស្រី​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ការ​កាត់ក្តី​នេះ «មាន​ស្តង់ដារ​ទាប​ជាង​កម្រិត​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ សម្រាប់​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌»។

ក្រុម​អ្នក​សង្កេតការ​ឯករាជ្យ ​ហាក់​ដូចជា​យល់ស្រប​ជាមួយ​នឹង​ការ​លើកឡើង​នេះ។ ក្រុម​អ្នក​តំណាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៃ​សមាគម​មេធាវី​អាមេរិកាំង (American Bar Association) ដែល​បាន​ឃ្លាំ​មើល​ការ​កាត់ក្តី​នេះ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី​តាមដាន​សវនាការ​កាត់ក្ដី (Trial Watch) របស់​អង្គការ​មូលនិធិ Clooney សម្រាប់​យុត្តិធម៌ (Clooney Foundation for Justice) បាន​គាំទ្រ​ការ​លើកឡើង​របស់​អ្នកស្រី Gibson។

លោក Geoffrey Robertson អ្នក​ជំនាញ​នៃ​កម្មវិធី​តាមដាន​សវនាការ​កាត់ក្ដី​របស់​អង្គការ​មូលនិធិ Clooney សម្រាប់​យុត្តិធម៌ បាន​សរសេរ​ថា៖ «សវនាការ​នេះ​មិនមែន​ជា​នីតិវិធី​ពិត​ប្រាកដ​មួយ​នៅ​ចំពោះ​មុខ​ចៅក្រម​អព្យាក្រឹត ដែល​ចុង​ចោទ​អាច​បង្ហាញ​ភស្តុតាង​បាន​នោះ​ទេ។ វា​ក្លាយជា​ឆាក​ល្ខោន​មួយ​ដែល​ការ​យល់ឃើញ​របស់​រដ្ឋ​អំពី​ព្រឹត្តការណ៍​ទាំង​នេះ​ មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ជំទាស់។ ការ​ដាក់​ទោស​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​កាត់ក្តី​នេះ ​មិន​អាច​ចាត់ទុក​បាន​ថា ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ ដោយសារតែ​វា​ផ្អែក​លើ​ភស្តុតាង​ដែល​មិន​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​ហ្មត់ចត់»។

អ្នកស្រី Gibson បាន​និយាយ​ថា៖ «នេះ​ជា​សាលក្រម​ទទេ​មួយ ពីព្រោះ​នីតិវិធី​នៃ​សវនាការ​នេះ ​គ្មាន​ភាព​យុត្តិធម៌​នោះ​ទេ»។ អ្នកស្រី​បាន​បន្ថែម​ថា សិទ្ធិ​ជា​មូលដ្ឋាន​នានា​ដូចជា​ជំនួយ​ខាង​ផ្លូវ​ច្បាប់ សិទ្ធិ​នៃ​ការ​មាន​ពេលវេលា​គ្រប់គ្រាន់​និង​ការ​មាន​លទ្ធភាព​សម្រាប់​ត្រៀម​លក្ខណៈ និង​សិទ្ធិ​នៃ​ការ​សន្មត​ថា​គ្មាន​ទោស​ ត្រូវ​បាន​ច្រានចោល។

អ្នកស្រី​បានថ្លែង​ថា៖ «ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក Rusesabagina ត្រូវ​បាន​ចាប់​ខ្លួន សមាជិក​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​រវ៉ាន់ដា រួម​មាន​ទាំង​ប្រធានាធិបតី​ផងដែរ បាន​ចេញ​មក​និយាយ​ថា ​លោក​មាន​ទោសពៃរ៍»។

សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​អំពី​កង្វល់​ស្តីពី​ការ​កាត់ក្តី​នេះ និង​អំពី​មន្ទិល​សង្ស័យ​ចំពោះ​សាលក្រម​នេះ ដោយ​បាន​កត់​សម្គាល់​ជាពិសេស​អំពី​ការ​ត្អូញត្អែរ​របស់​លោក Rusesabagina អំពី​ការ​មិន​អាច​ទាក់ទង​បាន​ជាមួយ​មេធាវី​របស់​លោក​និង​ឯកសារ​នានា។

លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​ជំរុញ​រដ្ឋាភិបាល​រវ៉ាន់ដា​ឱ្យ​ចាត់​វិធានការ​ពិនិត្យ​មើល​ចំណុច​ខ្វះខាត​ទាំង​នេះ​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក Rusesabagina និង​បញ្ចៀស​កុំ​ឱ្យ​មាន​លទ្ធផល​ស្រដៀង​គ្នា​នេះ​នៅ​ពេល​អនាគត»៕

លោក James Butty អ្នកយកព័ត៌មានរបស់វីអូអេនៃក្រុមផ្សាយជាភាសាអង់គ្លេសទៅកាន់ទ្វីបអាហ្វ្រិក (VOA's English to Africa Service) និងលោក Edward Rwema អ្នកយកព័ត៌មានរបស់វីអូអេនៃក្រុមផ្សាយទៅកាន់តំបន់អាហ្វ្រិកកណ្តាល (VOA's Central Africa service) រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះទៀត ត្រូវបានដកស្រង់ចេញទីភ្នាក់ងារព័ត៌មាន Reuters។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG