ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​រុស្ស៊ី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៃ​ការ​គាប​សង្កត់​សម័យ​សូវៀត


បុគ្គលិក​​បេសកកម្ម​ការទូត​ដើរ​កាន់​ផ្កា​ទៅប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៃ​ហេតុការណ៍​ដ៏​រន្ធត់​ក្នុង​សម័យ​សូវៀត​កាលពី​ថ្ងៃ​ទី ២៩ ខែ​តុលា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
បុគ្គលិក​​បេសកកម្ម​ការទូត​ដើរ​កាន់​ផ្កា​ទៅប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៃ​ហេតុការណ៍​ដ៏​រន្ធត់​ក្នុង​សម័យ​សូវៀត​កាលពី​ថ្ងៃ​ទី ២៩ ខែ​តុលា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ប្រជាជន​រុស្ស៊ី​បាន​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៃ​ហេតុការណ៍​ដ៏​រន្ធត់​ក្នុង​សម័យ​សូវៀត​កាលពី​ថ្ងៃ​ទី ២៩ ខែ​តុលា​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បន្ត​ការ​បង្រ្កាប​លើ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ព្រឹត្តិការណ៍ «Returning of the Names» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស Memorial ដែល​ជា​អង្គការ​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព។

ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​ប្រពៃណី​នៅ​ក្នុង​ទីក្រុង​មូស្គូ​នៅ​រៀងរាល់​ថ្ងៃ​ទី ២៩ ខែ​តុលា​នៅ​បូជនីយដ្ឋាន Solovetsky Stone។ ពិធី​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ទិវា​ចងចាំ​ជន​រងគ្រោះ​នៃ​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ក្នុង​សម័យ​សូវៀត​ចូល​មក​ដល់ និង​ផ្តោត​លើ​ការ​អាន​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ដែល​បង្ក​ឡើង​ដោយ​លោក Joseph Stalin នៅ​ចុង​ទសវត្សរ៍ ១៩៣០។

ចាប់​តាំង​ពី​ឆ្នាំ ២០២០ មក អាជ្ញាធរ​ក្រុង​មូស្គូ​បាន​បដិសេធ​មិន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​បាតុកម្ម​នេះ។ ករណី​នេះ​គឺ​អាច​បណ្ដាល​មកពី «ស្ថានភាព​ជំងឺ​រាតត្បាត [កូវីដ១៩]» កាលពី​មុន​និង​ការ​ហាមឃាត់​លើ​ការ​ប្រារព្ធ​ពិធី​សាធារណៈ បើ​ទោះបីជា​អ្នក​គាំទ្រ​អង្គការ Memorial ជឿ​ថា ការ​បដិសេធ​នេះ​មាន​ហេតុផល​នយោបាយ​ក៏ដោយ។

អង្គការ Memorial ត្រូវ​បាន​អាជ្ញាធរ​ក្រុង​មូស្គូ​បញ្ជា​ឱ្យ​បិទ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១។ ទោះបីជា​អង្គការ​នេះ​ត្រូវ​បាន​បិទ​ជា​នីតិបុគ្គល​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ក៏ដោយ ក៏​អង្គការ​នេះ​នៅតែ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​និង​បាន​បន្ត​សកម្មភាព​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ផង​ដែរ។

ជំនួស​ឱ្យ​ការ​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ពលរដ្ឋ​ក្រុង​មូស្គូ​និង​ឯកអគ្គរដ្ឋទូត​បស្ចិម​ប្រទេស​មួយ​ចំនួន​បាន​ដាក់​ផ្កា​នៅ​បូជនីយដ្ឋាន Solovetsky Stone។ ព្រឹត្តិការណ៍​ដ៏​ស្រងេះស្រងោច​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំ​មើល​របស់​ប៉ូលិស។

អង្គការ Memorial ក៏​បាន​រៀបចំ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​ការ​អាន​ឈ្មោះ​ជន​រងគ្រោះ​ពី​ទីក្រុង​មូស្គូ​និង​ទីក្រុង​ផ្សេង​ទៀត​របស់​រុស្ស៊ី ក៏​ដូចជា​ពី​បរទេស​ផង​ដែរ។

ព្រឹត្តិការណ៍ «Returning of the Names» នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋអាជ្ញា​រុស្ស៊ី​មាន​បំណង​កាត់ទោស​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​និង​សហ​ប្រធាន​អង្គការ Memorial លោក Oleg Orlov ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ។

លោក Orlov ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ប្រហែល ១.៥០០ ដុល្លារ​អាមេរិក​កាលពី​ដើម​ខែ​តុលា ហើយ​ត្រូវ​បាន​កាត់ទោស​ពី​បទ «បង្ខូច​កិត្តិយស» យោធា​រុស្ស៊ី​ជា​សាធារណៈ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​គឺ​ជា​ចំណាត់ការ​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការ​បង្រ្កាប​ឥត​ឈប់ឈរ​របស់​រដ្ឋាភិបាល​រុស្ស៊ី​លើ​សកម្មជន អ្នក​កាសែត​ឯករាជ្យ និង​បុគ្គល​ប្រឆាំង។

អង្គការ Memorial ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ចំណាស់​ជាង​គេ​និង​ល្បីល្បាញ​បំផុត​មួយ​របស់​រុស្ស៊ី​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០២២ រួម​ជាមួយ​នឹង​សកម្មជន​បេឡារុស​ដែល​ជាប់​ពន្ធនាគារ​លោក Ales Bialiatski និង​មជ្ឈមណ្ឌល​សម្រាប់​សេរីភាព​ស៊ីវិល​ដែល​ជា​អង្គការ​អ៊ុយក្រែន​ផងដែរ។

អង្គការ Memorial ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩៨៧ ដើម្បី​ធានា​ថា​ជន​រងគ្រោះ​នៃ​ការ​គាប​សង្កត់​របស់​បក្ស​កុម្មុយនិស្ត​នឹង​ត្រូវ​បាន​ចងចាំ។ អង្គការ​នេះ​បាន​បន្ត​ចងក្រង​ព័ត៌មាន​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​តាមដាន​ជោគ​វាសនា​របស់​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ខណៈ​ពេល​ដែល​ប្រឈម​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕

XS
SM
MD
LG