មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលនៅថ្ងៃព្រហស្បតិ៍នេះលើផ្នែកជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងតិច ៥ នាក់។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល ៣៤ ក្នុងចំណោមមីស៊ីល ៨១ ដែលរុស្ស៊ីបានបាញ់ និងថាខ្លួនបានបាញ់ទម្លាក់ដ្រូនផលិតនៅអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើ។
អភិបាលតំបន់ Lviv នៅភាគខាងលិចប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅទីនោះ នៅពេលដែលមីស៊ីលមួយគ្រាប់បានបាញ់ចំតំបន់លំនៅដ្ឋាន។
នៅក្នុងទីក្រុង Dnipropetrovsk អាជ្ញាធរបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្ស ២ នាក់ទៀតរងរបួស។
អភិបាលតំបន់ Odesa លោក Maksym Marchenko បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានបុកចំហេដ្ឋារចនាសម្ព័ន្ធថាមពល និងថាបានកាត់ផ្ដាច់ថាមពល។ លោកក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់អគារលំនៅដ្ឋាន ប៉ុន្តែមិនមានករណីស្លាប់និងរបួសណាមួយត្រូវបានរាយការណ៍នោះទេ។
នៅក្នុងទីក្រុង Kharkiv អភិបាលតំបន់លោក Oleh Synehubov បាននិយាយថា រុស្ស៊ីបានវាយប្រហារ ១៥ ដងចំទីក្រុងនិងតំបន់ជុំវិញដោយសំដៅលើគោលដៅនានាដែលរួមមានទាំងអគារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
រដ្ឋធានីកៀវរបស់អ៊ុយក្រែនក៏រងការវាយប្រហាររបស់រុស្ស៊ីផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធលើបណ្ដាញទូរទស្សន៍ CNN ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអញ្ជើញប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ឱ្យទៅធ្វើទស្សនកិច្ចនៅរដ្ឋធានីកៀវដើម្បីឃើញ «អ្វីដែលកំពុងកើតឡើង»។
លោក McCarthy បានឆ្លើយតបទៅកាន់ទូរទស្សន៍ CNN ថា៖ «ខ្ញុំមិនចាំបាច់ទៅអ៊ុយក្រែនឬក៏ទីក្រុងកៀវទេ» ដើម្បីស្វែងយល់អំពីស្ថានការណ៍នៅទីនោះ។ លោកបាននិយាយថា លោកបានទទួលព័ត៌មានតាមការជូនដំណឹងដល់លោកនិងតាមវិធីផ្សេងៗទៀត។
លោក McCarthy បាននិយាយថា លោកគាំទ្រអ៊ុយក្រែន ប៉ុន្តែថាគណបក្សសាធារណរដ្ឋនៃរដ្ឋសភានឹងមិនផ្ដល់ «ថវិកាទទេៗ» សម្រាប់ជំនួយបន្ថែមរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនដោយគ្មានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ថាតើថវិកាទាំងនោះត្រូវបានចំណាយយ៉ាងដូចម្ដេចនោះទេ៕