រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារនេះថា ការដណ្ដើមបានទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែនគឺសំខាន់ដើម្បីធ្វើប្រតិបត្តិការវាយលុកចូលកាន់តែជ្រៅនៅក្នុងតំបន់នោះ។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy វិញបានសន្យារក្សាការប្រយុទ្ធដើម្បីទីក្រុង Bakhmut។
លោក Shoigu បានបញ្ជាក់នៅពេលលោកនិយាយទៅកាន់មន្ត្រីយោធារុស្ស៊ីថា ទីក្រុង Bakhmut គឺជាមណ្ឌលការពារដ៏សំខាន់មួយសម្រាប់កងទ័ពអ៊ុយក្រែន។ លោកបានបន្ថែមថា ប្រសិនបើដណ្ដើមបានទីក្រុងនេះ កងទ័ពរុស្ស៊ីអាចរុលចូល «ជ្រៅទៅក្នុងខ្សែការពាររបស់អ៊ុយក្រែន»។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា មេបញ្ជាការយោធារបស់លោកបានគាំទ្រជាឯកច្ឆន្ទមិនឱ្យដកកងទ័ពចេញពីទីក្រុង Bakhmut ដែលជាទីតាំងនៃការវាយប្រយុទ្ធគ្នាខ្លាំងក្លាអស់រយៈពេលរាប់ខែមកហើយ។
លោក Zelenskyy បាននិយាយដូច្នេះថា៖ «ខ្ញុំបានប្រាប់អគ្គមេបញ្ជាការឱ្យស្វែងរកកម្លាំងសមរម្យដើម្បីជួយកងទ័ពរបស់យើងនៅទីក្រុង Bakhmut។ គ្មានផ្នែកណាមួយនៃប្រទេសអ៊ុយក្រែនដែលអាចត្រូវបោះបង់ចោលនោះឡើយ។ គ្មានលេណដ្ឋានអ៊ុយក្រែនណាមួយដែលយើងមិនអាចខ្វល់ខ្វាយអំពីភាពធន់និងវីរភាពរបស់អ្នកចម្បាំងយើងបានទេ»។
អ្នកវិភាគនានាបាននិយាយថា ការការពាររបស់អ៊ុយក្រែនមិនឱ្យបាត់បង់ទីក្រុង Bakhmut «នៅតែរឹងមាំបែបយុទ្ធសាស្ត្រ ដោយសារតែអ៊ុយក្រែននៅតែបន្តបំផ្លាញកងទ័ពនិងយុទ្ធោបករណ៍របស់រុស្ស៊ីដរាបណាកងទ័ពអ៊ុយក្រែនមិនមានការស្លាប់និងរងរបួសច្រើន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។