រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃពុធនេះក្នុងរាជធានីស្តុកខុល (Stockholm) ប្រទេសស៊ុយអែត ដោយអាទិភាពមួយនៅក្នុងរបៀបវារៈរបស់ពួកគេគឺការជំរុញឱ្យមានការផ្ដល់គ្រាប់រំសេវបន្ថែមទៀតដល់កងទ័ពអ៊ុយក្រែន។
នៅពេលថ្លែងទៅកាន់អ្នកយកព័ត៌មានមុនជំនួបនេះ រដ្ឋមន្ត្រីការពារជាតិអេស្តូនីលោក Hanno Pevkur បានជំរុញបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបឱ្យផ្ដល់ថវិកាដើម្បីផ្គត់ផ្គង់គ្រាប់រំសេវរួមគ្នាឱ្យអ៊ុយក្រែន ដោយលោកអះអាងថា កិច្ចប្រឹងប្រែងនោះនឹងបង្កើនសមត្ថភាពរបស់ឧស្សាហកម្មផ្នែកការពារនិងជួយដល់សន្តិសុខរបស់សហភាពអឺរ៉ុបនៅពេលអនាគត។
ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបលោក Josep Borrell បានប្រាប់អ្នកយកព័ត៌មានថា បន្ថែមពីលើកិច្ចប្រឹងប្រែងរួមនៅក្នុងការពង្រីកសមត្ថភាពឧស្សាហកម្មផ្នែកការពារ សមាជិកសហភាពអឺរ៉ុបក៏គួរតែផ្ដល់នូវគ្រាប់រំសេវនៅក្នុងរយៈពេលខ្លីឱ្យបានឆាប់ផងដែរឱ្យប្រទេសអ៊ុយក្រែនពីស្តុកដែលមានស្រាប់របស់ខ្លួន។ លោក Borrell បាននិយាយថា ការបញ្ជូននូវអ្វីដែលមានស្រាប់នៅពេលឥឡូវនេះអាចសម្រេចបាននៅក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។
លោក Borrell ថ្លែងដូច្នេះថា៖ «បញ្ហាគឺថាតើត្រូវផ្ដល់គ្រាប់រំសេវដែលអ៊ុយក្រែនត្រូវការនោះតាមរបៀបណាដើម្បីឱ្យអ៊ុយក្រែនបន្តការការពារខ្លួន»។
ប្រទេសអ៊ុយក្រែនបានស្នើជាពិសេសឱ្យសម្ព័ន្ធមិត្តផ្ដល់គ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្របន្ថែមទៀតដល់ខ្លួន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។