ការបាញ់ផ្លោងរបស់រុស្ស៊ី បានត្រូវចំជនស៊ីវិលនៅទីក្រុងDniproភាគកណ្តាលនៃប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះខណៈដែលកងកម្លាំងរុស្ស៊ី កំពុងរុលខិតកាន់តែជិតទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែនដែលមន្ត្រីនានានិយាយថា ទីក្រុងនេះត្រូវបានប្រែក្លាយទៅជាបន្ទាយដើម្បីការពារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ជនស៊ីវិលរាប់ម៉ឺននាក់ បានជាប់គាំងនិងស្ថិតក្រោមការវាយប្រហារនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែនដែលរួមមានទីក្រុងMariupolដែលស្ថិតក្នុងការឡោមព័ទ្ធ ក្រោយពីការចរចារលើកទី១រវាងប្រមុខការទូតរុស៊្សីនិងអ៊ុយក្រែនដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយពុំមានលទ្ធផលអ្វីនោះ។
នៅព្រឹកថ្ងៃសុក្រនេះ យន្តហោះចម្បាំងរុស្ស៊ី បានធ្វើអ្វីដែលហាក់ដូចជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងទៅលើទីក្រុង Dnipro ដោយបានសម្លាប់មនុស្សម្នាក់។
ការវាយប្រហារតាមយន្តហោះចំនួន៣លើក បានត្រូវចំមតេយ្យសាលាមួយកន្លែង អគារលំ នៅដ្ឋាននិងរោងចក្រស្បែកជើង។ នេះបើតាមការឲ្យដឹងរបស់ផ្នែកសេវាសង្គ្រោះបន្ទាន់។
នៅទីកន្លែងផ្សេងៗទៀត កងទ័ពអ៊ុយក្រែន បានព្រមានថា «សត្រូវកំពុងព្យាយាមបំផ្លាញកម្លាំងការពាររបស់អ៊ុយក្រែន» នៅក្នុងតំបន់នានានៅភាគខាងលិចនិងពាយ័ព្យនៃរដ្ឋធានីកៀវដើម្បីបិទខ្ទប់ទីក្រុងមួយនេះ។
កងកម្លាំងអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងមិនអាចទប់ទល់នឹងការចល័តទីរបស់សត្រូវពីទិសខាងកើតឆ្ពោះទៅកាន់ទីក្រុង Brovary នោះឡើយ។
អភិបាលរដ្ឋធានីកៀវលោកVitali Klitschko បាននិយាយថា ពលរដ្ឋពាក់កណ្តាលនៅរដ្ឋធានីនេះ បានចាកចេញហើយរដ្ឋធានីនេះ បានប្រែក្លាយទៅជាបន្ទាយយោធាសម្រាប់ការពារ»។
លោក និយាយទៀតថា «គ្រប់ផ្លូវចេញចូលទាំងអស់ គ្រប់អគារទាំងអស់និងគ្រប់ទីកន្លែងឆែកឆេរនានាត្រូវបានពង្រឹងកម្លាំងការពាររួចហើយ»។
កងកម្លាំងរុស្ស៊ីនៅពេនេះ កំពុងឡោមព័ទ្ធទីក្រុងសំខាន់ៗយ៉ាងតិចណាស់ក៏៤ដែរហើយកងរថពាសដែករុស៊្សី បានរុលទៅមុខទៅកាន់មាត់ច្រកចូលរដ្ឋធានីកៀវពីទិសឦសាន្តដែលនៅទីនោះតំបន់ជាយក្រុង Irpin និង Bucha បានទទួលរងនូវការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
ទាហានអ៊ុយក្រែន បានពណ៌នាពីការវាយប្រហារយ៉ាងខ្លាំងដើម្បីត្រួត្រាផ្លូវជាតិដ៏សំខាន់មួយឆ្ពោះទៅកាន់រដ្ឋធានីកៀវហើយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឃើញការ វាយប្រហារកាំជ្រួចមីស៊ីលក្នុងតំបន់ទីប្រជុំជន Velyka Dymerka ដែលនៅជាប់នឹងរដ្ឋធានីកៀវ។
ពលរដ្ឋអ៊ុយក្រែនម្នាក់ ឈ្មោះ Vasyl Popov អាយុ៣៨ ឆ្នាំ និងជាអ្នកឃោសនាពាណិជ្ជកម្ម បាននិយាយ ថា «វាគួឲ្យខ្លាចណាស់ ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? យើងមិនមានកន្លែងត្រូវរត់ឬពួននោះឡើយ។ យើងរស់នៅទីនេះ»។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងរបាយការណ៍ស៊ើបការណ៍របស់ខ្លួនថា«កង កម្លាំងរុស៊្សី កំពុងបន្ថែមចំនួនទ័ពដើម្បីឡោមព័ទ្ធទីក្រុងសំខាន់នានា»។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានប៉ាន់ស្មានថា មានជនភៀសខ្លួនអ៊ុយ ក្រែនប្រមាណ២លាន៣សែននាក់បានរត់គេចចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីរស្ស៊ីចូលឈ្លានពានប្រទេសនេះកាលពីថ្ងៃទី២៤មក ហើយមានមនុសប្រមាណ១លាន៩សែននាក់ទៀតគ្មានទីកន្លែងរស់នៅក្នុងប្រទេស។
បើតាមមន្ត្រីទំនាក់ទំនងផ្នែកសិទ្ធិមនុស្សរបស់សភាអ៊ុយក្រែនលោកស្រីLyudmyla Denisova បានឲ្យដឹងថា មានកុមារយ៉ាងហោចណាស់ក៏៧១នាក់ដែរ ត្រូវបានសម្លាប់ហើយជាង១០០នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីចាប់ផ្តើមមក៕