ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានបង្ហាញវីដេអូមួយនៅថ្ងៃចន្ទនេះអំពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Shoigu ទៅសួរសុខទុក្ខទាហាន ដែលនេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងបង្អស់របស់លោកតាំងពីមានការបះបោររយៈពេលខ្លីមួយរបស់មេដឹកនាំទាហានស៊ីឈ្នួលលោក Yevgeny Prigozhin និងកងកម្លាំងរបស់លោក។
សេចក្ដីរាយការណ៍មិនបានបញ្ជាក់ឱ្យបានជាក់លាក់ថានៅពេលណាឬនៅកន្លែងណាដែលលោក Shoigu បានជួបជាមួយនឹងទាហាននិងមេបញ្ជាការកងទ័ពទាំងនោះដែលគេបញ្ជាក់ថាជាផ្នែកមួយនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការបះបោររបស់លោក Prigozhin ប្រឆាំងនឹងថ្នាក់ដឹកនាំយោធារុស្ស៊ីបានបង្ហាញឱ្យឃើញអំពី «ការប្រេះស្រាំធ្ងន់ធ្ងរ» នៅក្នុងការដឹកនាំរយៈពេល ២ ទសវត្សរ៍របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងបានបង្ហាញអំពី «ចម្ងល់លើអំណះអំណាង» របស់លោក Putin ក្នុងការធ្វើសង្គ្រាមរយៈពេល ១៦ ខែកន្លងមកនេះប្រឆាំងនឹងអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ក្នុងកម្មវិធី «This Week» របស់ទូរទស្សន៍ ABC ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ «គឺជាបរាជ័យផ្នែកយុទ្ធសាស្ត្រដ៏មហន្តរាយមួយសម្រាប់លោក Putin នៅគ្រប់ផ្នែកទាំងអស់តាំងពីសេដ្ឋកិច្ច យោធា និងតួនាទីនៃភូមិសាស្ត្រនយោបាយ»។
លោក Blinken បាននិយាយថា ផលវិបាកនៃការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner Group របស់លោក Prigozhin ក្នុងការរុលចូលរដ្ឋធានីមូស្គូកាលពីថ្ងៃសៅរ៍ មុនពេលដកថយទៅវិញភ្លាមៗមុនពេលចូលដល់រដ្ឋធានីមូស្គូគឺ «នៅតែជារូបភាពដក់ជាប់អារម្មណ៍» ដែលមានលទ្ធផលមិនច្បាស់។
លោក Prigozhin គឺជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក Putin។ លោក Putin បានហៅលោក Prigozhin ដែលទាហានរបស់លោកបានចូលរួមជាមួយនឹងកងទ័ពរុស្ស៊ីប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ថាជាជនក្បត់ដែលបះបោរប្រឆាំងនឹងរបបអាជ្ញាធិបតេយ្យរបស់លោក។ បន្ទាប់មក លោក Putin បាននិយាយថា លោក Prigozhin នឹងមិនត្រូវបានកាត់ទោសនោះទេនិងបានអនុញ្ញាតឱ្យលោកទៅប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតខាងរបស់រុស្ស៊ី នៅក្រោមកិច្ចព្រមព្រៀងមួយដែលចរចាដោយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។
រុស្ស៊ីបានបញ្ជាក់ថា ទាហានស៊ីឈ្នួលរបស់លោក Prigozhin ដែលមិនបានចូលរួមនៅក្នុងការបះបោររយៈពេលខ្លីនោះនឹងត្រូវអនុញ្ញាតឱ្យចុះហត្ថលេខាលើកិច្ចសន្យាចូលរួមជាមួយនឹងកងទ័ពរុស្ស៊ីដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ ប៉ុន្តែ លោក Blinken បាននិយាយថា នៅមិនទាន់ច្បាស់ទេថានឹងមានអ្វីកើតឡើងនៅពេលឥឡូវនេះចំពោះទាហានស៊ីឈ្នួលដែលធ្វើតាមលោក Prigozhin ចូលទៅក្នុងប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ទីក្រុងមូស្គូ មុនពេលលោក Prigozhin បញ្ជាឱ្យបញ្ឈប់ការរុលចូលនោះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។