ក្រោយពីនាំទាហានត្រឡប់ពីក្បួនទាហានទាមទារយុត្តិធម៌ដំណើរឆ្ពោះទៅក្រុងមូស្គូ មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ទទួលយកកិច្ចព្រមព្រៀងដែលទម្លាក់ចោលបទចោទ និងត្រូវបញ្ជូនទៅបេឡារុស។
មេដឹកនាំក្រុមទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ដែលបានដឹកនាំក្រុមទាហានស៊ីឈ្នួលឈ្មោះ Wagner Group ប្រឆាំងនឹងមេដឹកនាំយោធាក្នុងទីក្រុងមូស្គូ នឹងត្រឡប់ទៅកាន់ប្រទេសបេឡារុសវិញ ហើយការចោទប្រកាន់ទៅលើរូបលោកពីបទឧក្រិដ្ឋធ្វើការបះបោរប្រដាប់អាវុធនឹងត្រូវទម្លាក់ចោល។ នេះបើយោងតាមការបញ្ជាក់របស់វិមានក្រឹមឡាំងកាលពីថ្ងៃសៅរ៍។
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានចរចាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner Group ដោយមានការព្រមព្រៀងពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីបេឡារុស។ លោក Lukashenko បានថ្លែងថា លោកបានស្គាល់លោក Prigozhin ជាលក្ខណៈឯកជនអស់រយៈពេល ២០ ឆ្នាំមកហើយ។
ការចរចានេះក៏បានធានាថា ក្រុមទាហានស៊ីឈ្នួល Wagner នឹងមិនត្រូវបានកាត់ទោសនោះទេ។ នេះបើការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ដែលបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន។
លោក Peskov បានថ្លែងថា «យើងតែងតែគោរពវីរភាពរបស់ពួកគេនៅសមរភូមិមុខ»។ លោកបានថ្លែងបន្ថែមទៀតថា រដ្ឋាភិបាលក្រុងមូស្គូដឹងគុណលោក Lukashenko សម្រាប់តួនាទីរបស់លោកក្នុងការបន្ថយភាពតានតឹងនៃវិបត្តិនេះ។
លោក Peskov មានប្រសាសន៍ទៀតថា ក្រុមទាហានស៊ីឈ្នួលដែលមិនបានចូលរួមនៅក្នុងការបះបោរនោះ នឹងត្រូវបានផ្ដល់ឱ្យនូវកិច្ចសន្យាធ្វើការជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី ដែលបានព្យាយាមយកកងកម្លាំងស្វយ័តស្ម័គ្រចិត្តទាំងអស់នោះមកគ្រប់គ្រងឱ្យបានត្រឹមថ្ងៃទី ១ ខែកក្កដា។
នៅពេលសួរថា តើនឹងមានការផ្លាស់ប្ដូរមន្ត្រីនៅក្នុងក្រសួងការពារជាតិរុស្ស៊ីដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះឬទេ លោក Peskov ថ្លែងថា «បញ្ហាទាំងអស់នេះគឺជាបុព្វសិទ្ធិតែមួយ និងស្ថិតនៅក្នុងយុត្តាធិការរបស់មេបញ្ជាការកំពូលគឺលោក Putin យោងតាមរដ្ឋធម្មនុញ្ញរបស់សហព័ន្ធរុស្ស៊ី។ ដូច្នេះហើយ វាទំនងជាមិនអាចទៅរួចទេដែលប្រធានបទទាំងអស់នេះអាចត្រូវបានពិភាក្សានៅក្នុងកិច្ចសន្យាដែលបានលើកឡើងខាងលើនេះ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Peskov មិនបានបញ្ចេញនោះទេថា តើមានសម្បទានអ្វីខ្លះក្នុងការបញ្ចុះបញ្ចូលឱ្យលោក Prigozhin ដកកងកម្លាំងរបស់លោកវិញទាំងអស់ ក្រៅតែពីធានាសុវត្ថិភាពរបស់លោក និងកងកម្លាំងរបស់លោក ហើយនេះជាអ្វីដែលលោក ថា លោក Putin បាននិយាយធានា។
លោក Peskov បានហៅព្រឹត្តិការណ៍ដែលបានកើតឡើងតាំងពីថ្ងៃសុក្រនេះថាជា«សោកនាដកម្ម»។
កាលពីព្រឹកថ្ងៃសៅរ៍ លោក Prigozhin និងក្រុមទាហានរបស់លោកបានស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ មុនពេលលោកបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ការរុលទៅមុខ និងបញ្ជាក្បួនទាហានរបស់លោកឱ្យត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនវិញដើម្បីចៀសវាងការបង្ហូរឈាម៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា