កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បាននិយាយថា លោកបានកាន់កាប់ក្រុង Rostov-on-Don នៃប្រទេសរុស្ស៊ីជាផ្នែកមួយនៃការប៉ុនប៉ងបណ្តេញពួកមេដឹកនាំយោធាពីអំណាច។ អាជ្ញាធរនិយាយថា វាជាការបះបោរប្រដាប់អាវុធ។
តទៅនេះជាការពិតខ្លះអំពីអ្នកជំនួញនេះដែលជាស្ថាបនិកក្រុម Wagner។
តាមរយៈអាកប្បកិរិយាគឃ្លើន សម្តីអាក្រក់និងវត្តមានញឹកញយនៅជិតខ្សែប្រយុទ្ធជួរមុខ លោក Yevgeny Prigozhin ដែលកោរសក់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកលេចមុខច្រើនជាងគេបំផុតក្នុងសង្គ្រាមដោយលោកបានជ្រើសរើសអ្នកទោសរុស្ស៊ីរាប់ពាន់នាក់ជាកម្លាំងប្រយុទ្ធរបស់ក្រុម Wagner ហើយបានឈ្លោះដោយចំហជាមួយក្រសួងការពារជាតិរុស្ស៊ីអំពីផែនការយោធានិងការផ្គត់ផ្គង់គ្រាប់រំសេវ។
លោក Prigozhin អាយុ៦២ឆ្នាំច្រើនទសវត្សរ៍មកហើយត្រូវគេស្គាល់ថា ជា«មេចុងភៅរបស់លោក Putin» ដោយសារពីដើមឡើយ លោកមានក្រុមហ៊ុនចុះកុងត្រាធ្វើម្ហូបឱ្យវិមានក្រឹមឡាំង។ គេដឹងមិនច្បាស់ទេថាតើលោកនិងលោក Putin ប្រធានាធិបតីរុស្ស៊ីជិតស្និទ្ធនឹងគ្នាកម្រិតណា តែលោកទាំងពីរនាក់នេះបានស្គាល់គ្នា ហើយបានកើតនិងរស់នៅក្នុងក្រុង St Petersburg ដូចគ្នា។
ក្រោយពីបានជាប់គុករយៈពេលយូរក្នុងទសវត្សរ៍១៩៨០ លោក Prigozhin បានចាប់ផ្តើមលក់ សាច់ក្រក hotdogs នៅក្នុងក្រុងកំណើតរបស់លោក។ បន្ទាប់មកលោកបានចាប់ផ្តើមចូលហ៊ុនក្នុងក្រុមហ៊ុនផ្សារទំនើបៗ ហើយជាយថាហេតុលោកបានបើកភោជនីយដ្ឋាននិងក្រុមហ៊ុនធ្វើម្ហូបអាហាររបស់លោកផ្ទាល់។
ភោជនីយដ្ឋានរបស់លោកល្បីឈ្មោះដោយសារមានម្ហូបឆ្ងាញ់ពិសារ ហើយក្នុងរយៈពេលដ៏ខ្លីបានទទួលភ្ញៀវជាឥស្សរជនក្រុងរួមមានលោក Vladimir Putin ដែលកាលនោះជាអភិបាលរងក្រុងផងដែរ។
ពីទីនោះ ក្រុមហ៊ុនធ្វើអាហាររបស់លោក ដែលមានឈ្មោះថា Concord បានចាប់ផ្តើមទទួលបានកុងត្រាផ្គត់ផ្គង់អាហារឱ្យរដ្ឋាភិបាល ហើយបានពង្រីកប្រតិបត្តិការដល់កម្រិតធំឡើងៗ។
លោក Prigozhin បានទទួលស្គាល់កាលពីខែកញ្ញាឆ្នាំមុនថា លោកបានបង្កើតកងយោធាឯកជននេះកាលពីឆ្នាំ២០១៤ ជាឆ្នាំដែលរុស្ស៊ីបានយកតំបន់គ្រីម៉េពីអ៊ុយក្រែនមកកាន់កាប់។ នេះជាការបញ្ជាក់របស់លោកជាសាធារណៈលើកដំបូងអំពីចំណងទាក់ទងដែលលោកបានបដិសេធកាលពីមុន ហើយលោកបានប្តឹងអ្នកកាសែតដែលរាយការណ៍អំពីរឿងនេះ។ ក្រុម Wagner បានប្រយុទ្ធនៅក្នុងប្រទេសលីប៊ី ស៊ីរី សាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងប្រទេសម៉ាលី និងក្នុងប្រទេសផ្សេងៗទៀត។
ក្រុមនេះក៏បានផ្តល់ការគាំទ្រដល់ក្រុមទាមទារបំបែករដ្ឋនៅអ៊ុយក្រែនគាំទ្រដោយរុស្ស៊ីដែលបានក្តាប់យកមួយផ្នែកនៃតំបន់ Donbas នាប៉ែកខាងកើតប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៤។
កាលពីខែមុន ក្រុម Wagner បានវាយយកក្រុង Bakhmut នៅផ្នែកខាងកើតប្រទេសអ៊ុយក្រែនក្រោយពីការប្រយុទ្ធខ្លះក្នុងបណ្តាការប្រយុទ្ធគ្នាដ៏ឃោរឃៅបំផុតនៃសង្គ្រាមនេះ។ ទោះជាយ៉ាងណានៅពេលមានការប្រយុទ្ធនៅទីនោះ លោក Prigozhin បានបំពានការហាមប្រាមមិនឱ្យនិយាយអំពីប្រព័ន្ធនយោបាយគ្រប់គ្រងតឹងរ៉ឹងរបស់លោក Putin ដោយលោកបានប្រមាថមាក់ងាយឧត្តមសេនីយជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលក្រុងមូស្គូ។
បន្ទាប់មកទៀត លោកបានចេញផ្សាយវីដេអូមួយអរគុណវិមានក្រឹមឡាំង ទោះជាពេលនោះលោកបាននិយាយឡូឡាអំពីអំពើក្បត់របស់ឧត្តមសេនីយជាន់ខ្ពស់របស់លោក Putin ជាពិសេសរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងលោក Valery Gerasimov នាយអគ្គសេនាធិការចម្រុះក៏ដោយ។
នៅក្នុងវីដេអូរបស់លោក Prigozhin កាលពីថ្ងៃទី៥ ខែឧសភា ដែលគេចាំបំផុតនោះ លោកបានបង្ហាញរូបភាពក្រុមទាហានស៊ីឈ្នួល Wagner ជាច្រើននាក់ដែលលោកថា ស្លាប់ដោយសារកង្វះគ្រាប់រំសេវបណ្តាលមកពីលោក Shoigu និងលោក Gerasimov។
ស.រ.អ.និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលោក Prigozhin ដោយសារតួនាទីរបស់លោកក្នុងក្រុម Wagner។ ប្រទេសទាំងនេះក៏បានចោទប្រកាន់លោកថាបានផ្តល់ប្រាក់ឱ្យទីភ្នាក់ងារស្រាវជ្រាវ Internet ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា បានប្រឹងប្រែងប្រើឥទ្ធិពលរបស់លោកនៅក្នុងការបោះឆ្នោតនៅស.រ.អ.៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ