តុលាការមួយនៅរុស្ស៊ីកាលពីថ្ងៃចន្ទ បានកាត់ទោសមេដឹកនាំបក្សប្រឆាំងនិងជាអ្នកសរសេរប្លក់ ប្រឆាំងនឹងអំពើពុករលួយ គឺលោក Alexei Navalny ឲ្យជាប់ពន្ធនាគាររយៈពេល១៥ថ្ងៃ ចំពោះការប្រឆាំងនឹងប៉ូលិស និងពិន័យជាប្រាក់ចំនួនប្រមាណ៣៥០ដុល្លារ ចំពោះការរៀបចំនូវអ្វីដែលអាជ្ញាធរហៅថា ជាការតវ៉ាខុសច្បាប់ដ៏ធំនៅក្នុងទីក្រុងមូស្គូ។
លោក Navalny បានច្រានចោលការអះអាងរបស់ក្រុមមន្ត្រីដែលថា បាតុកម្មកាលពីរសៀលថ្ងៃអាទិត្យ ដែលជាផ្នែកមួយការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាល គឺជារឿងខុសច្បាប់។
«ដោយយោងតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញរុស្ស៊ី នៅក្នុងករណីដែលអាជ្ញាធរបដិសេធ ឬកន្លែងផ្សេងទៀតសម្រាប់ធ្វើបាតុកម្មមិនត្រូវបានស្នើឡើងក្នុងរយៈពេល៣ថ្ងៃមុនការធ្វើបាតុកម្ម យើងត្រូវទៅធ្វើនៅកន្លែងដើម។ លក្ខខណ្ឌផ្លូវច្បាប់ត្រូវបានគោរពតាម១០០ភាគរយ»។ នេះជាសម្រង់សម្តីរបស់លោក Navalny ដែលបានថ្លែងទៅកាន់តុលាការ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS។
លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរមូស្គូផ្តល់ជម្រើស២កន្លែងទៀតដល់អ្នករៀបចំបាតុកម្ម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax។ លោកបាននិយាយយ៉ាងដូច្នេះថា៖ «កន្លែងទាំងពីរនោះមិនត្រូវបានគេទទួលយក។ តាមពិត ពួកគេមានបំណងចង់ទៅធ្វើការតវ៉ានៅកន្លែងដែលមិនត្រូវបានអនុញ្ញាត។ ជាការពិតណាស់ គ្មាននរណាម្នាក់ឯកភាពនោះទេ»។
លោក Dmitry Peskov បានហៅបាតុករថាជាអ្នកបង្ករឿងដែលចង់បង្កហិង្សា ហើយលោកក៏បានចោទប្រកាន់អ្នករៀបចំការតវ៉ានេះថាកេងប្រវ័ញ្ចលើកុមារ ដោយអះអាងថា មនុស្សជាច្រើនត្រូវគេឲ្យប្រាក់ឈ្នួលដើម្បីទៅចូលរួមតវ៉ា ប៉ុន្តែលោកមិនបានបញ្ជាក់ភ័ស្តុតាងនោះទេ។
មេធាវីរបស់លោក Navalny បាននិយាយថា ពួកគេនឹងប្តឹងសារទុក្ខទៅលើការកាត់ទោសនេះ៕