បាតុកររុស្ស៊ីរាប់ពាន់នាក់បាននាំគ្នាធ្វើការតវ៉ានៅក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេស ដើម្បីគាំទ្រដល់ការអំពាវនាវរបស់លោក Alexei Navalny មេដឹកនាំបក្សប្រឆាំងរុស្ស៊ីទៅលើការទទួលខុសត្រូវរបស់វរជនរុស្ស៊ី។ មនុស្សជាង១០០នាក់ត្រូវបានចាប់ឃុំខ្លួននៅ Pushkin square ក្នុងទីក្រុងមូសស្គូ ដោយរួមទាំងលោក Navalny ផងដែរ ចំពោះការធ្វើបាតុកម្មដោយគ្មានការអនុញ្ញាត។
បាតុករម្នាក់ដែលមានឈ្មោះ Alina បាននិយាយយ៉ាងដូច្នេះថា៖ «នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ! យើងមកទីនេះដើម្បីបញ្ចេញជំហររបស់យើងក្នុងនាមជាពលរដ្ឋ»។
លោក Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងត្រូវបានឃុំខ្លួន ខណៈដែលលោកបានមកចូលរួមនៅក្នុងការប្រមូលផ្តុំសាធារណៈនៅក្នុងទីក្រុងមូសស្គូ នេះ។ សេចក្តីរាយការណ៍ពីកន្លែងរៀបចំបាតុកម្មនោះបានឲ្យដឹងថា ប៉ូលិសបានដាក់លោកចូលទៅក្នុងរថយន្តមួយគ្រឿងដែលចោមរោមដោយបាតុកររាប់រយនាក់ ដែលបានព្យាយាមបើកទ្វាររថយន្តនិងបញ្ឈប់ការចាប់ខ្លួននេះ។
ការតវ៉ានេះស្តែងចេញនូវការមិនពេញចិត្តធំបំផុតចាប់តាំងបាតុកម្មដ៏ធំកាលពីឆ្នាំ២០១១-២០១២មក ក្រោយពីការបោះឆ្នោតសភាដែលប្រឡាក់ប្រឡូកនឹងការលួចបន្លំសន្លឹកឆ្នោត។
លោក Navalny បានអំពាវនាវឲ្យធ្វើបាតុកម្ម បន្ទាប់ពីរបាយការណ៍ដ៏លម្អិតមួយបានចេញផ្សាយកាលពីដើមខែនេះ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Dmitry Medvedev ថាបានប្រមូលភូមិគ្រឹះ កប៉ាល់ និងចម្ការទំពាំងបាយជូរ តាមរយៈបណ្តាញចេញដ៏ស្រពិចស្រពិលទៅលើអង្គការមិនស្វែងរកប្រាក់កម្រៃ។
របាយការណ៍នេះត្រូវបានគេចូលមើលជាង១១លានដងលើបណ្តាញ YouTube។ ប៉ុន្តែលោក Medvedev នៅមិនទាន់ចេញប្រតិកម្មអ្វីនៅឡើយទេមកទល់នឹងពេលនេះ៕